ស្រីៗគួរស្វែងយល់! ពណ៌ឈាមរដូវអាចបង្ហាញច្បាស់ពីសុខភាពរបស់អ្នក

  • 2019-10-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដឹង​ពី​ពណ៌​នៃ​ឈាមរដូវ​ ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ស្រី ព្រោះ​អ្នក​អាច​តាម​ដាន​ ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់​ទាន់​ពេលវេលា។ ខាង​ក្រោម​នេះ​គឺ​ជា​ពណ៌​រដូវ​ខុសៗ​គ្នា ដែល​អាច​បញ្ជាក់​ពី​សុខភាព​របស់​មនុស្ស​ម្នាក់​ៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ការពារ​និង​រក​ដំណោះ​ស្រាយ។

១. ពណ៌​បែប​ចុង​ឈូក

នេះ​គឺ​ជា​សញ្ញា​បញ្ជាក់​ថា ក្នុង​ខ្លួន​របស់​អ្នក​មាន​កម្រិត​អេស្ត្រូសែន​ទាប។ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​រត់​ចម្ងាយ វា​ក៏​ជា​មូល​ហេតុ​មួយ​ដែល​នាំ​ឲ្យ​ឈាម​រដូវ​មាន​ពណ៌​ស្រាល​ខ្ចី​បែប​នេះ​ដែរ។ ដោយ​សារ​តែ​ការ​លេង​កីឡា ជាពិសេស​ពេល​រត់​ច្រើន អាច​ធ្វើ​ឲ្យ​​កម្រិត​អេស្ត្រូសែន​ធ្លាក់​ចុះ​យ៉ាង​ងាយ។ ​​​

២. ពណ៌​ស្លេក​ហើយ​រាវ

បើ​ឈាម​រដូវ​របស់​អ្នក មាន​សភាព​រាវ​ហើយ​សឹង​តែ​គ្មាន​ពណ៌ ឬ​មាន​ពណ៌​​ចុង​ឈូក​ខ្ចី​ខ្លាំង មាន​ន័យ​ថា អ្នក​កំពុង​តែ​ខ្វះ​ជីវជាតិ​អ្វីមួយ ឬ​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​អូវែ​ក៏​ថា​បាន​។ ប៉ុន្តែ​មិន​បាច់​ភ័យ​ព្រួយ​ពេក​ទេ ព្រោះ​ជំងឺ​មហារីក​ប្រភេទ​នេះ អាច​កើត​ឡើង​តិច​ជាង​ ២% តែ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ជំងឺ​រោគ​ស្រ្តី​។

៣. ពណ៌​ត្នោត​ក្រមៅ

ពណ៌​ត្នោត​ក្រមៅ ឬ​ក្រហម​ក្រមៅ មាន​ន័យ​ថា ឈាម​រដូវ​ចាស់​ៗ​របស់​អ្នក​បាន​ដក់​ជាប់​ក្នុង​ស្បូន​យូរ​ពេក។ នៅ​មិន​ទាន់​មាន​អ្នក​ដឹង​ពី​ហេតុ​ផល​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ចាត់​ទុក​ថា​វា​ជា​រឿង​សាមញ្ញ​ ដែល​មិន​អាច​បង្ក​ហានិភ័យ​​ចំពោះ​មនុស្ស​ស្រី​។

៤. មាន​សភាព​កក​ដូច​ចាហួយ​និង​ធ្លាក់​មក​ដុំៗ

នៅ​ពេល​ឃើញ​ឈាម​រដូវ​មាន​សភាព​បែប​នេះ មាន​ន័យ​ថា​ អ័រម៉ូន​ progesterone ​នៅ​ក្នុង​ខ្លួន​អ្នក​មាន​កម្រិត​​ទាប ចំណែក​ឯ​​អ័រម៉ូន​អេស្រ្តូសែន​​មាន​កម្រិត​ខ្ពស់​។ ​ប្រសិន​បើ​ឈាម​រដូវ​របស់​អ្នក​កក​ធំ​ដុំៗ មាន​ន័យ​ថា​អ័រម៉ូន​របស់​អ្នក​គ្មាន​តុល្យភាព។ ម្យ៉ាង​វិញ​ទៀត ជាតិ​សរសៃ​នៅ​ក្នុង​ស្បូន​របស់​អ្នក​ក៏​អាច​ជា​មូលហេតុ​មួយ​ដែរ។ យ៉ាង​ណា​មិញ វា​គ្មាន​បញ្ហា​អ្វី​ចោទ​ឡើយ។

៥. ពណ៌​ក្រហម​លាយ​ប្រផេះ

ពណ៌​ប្រផេះ​ឬ​មាន​ឡំ​លាយ​ជាមួយ​នឹង​ពណ៌​ក្រហម អាច​មាន​ន័យ​ពីរ​យ៉ាង​៖

ទី១៖ ប្រសិន​បើ​អ្នក​គ្មាន​កូន​ក្នុង​ផ្ទៃ វា​ជា​សញ្ញា​​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ STD/STI។

ទី​២៖ ប្រសិន​បើ​អ្នក​បាត់​រដូវ​ក្នុង​អំឡុង​ខែ​ណា​មួយ វា​ជា​សញ្ញា​នៃ​ការ​រលូត​កូន។

៦. ពណ៌​ក្រហម​ឆ្អិនឆ្អៅ

ពិត​ជា​ល្អ​ណាស់ នៅ​ពេល​ដែល​ឈាម​រដូវ​មាន​ពណ៌​ក្រហម​បែប​នេះ​។ វា​បញ្ជាក់​ថា​អ្នក​មាន​សុខភាព​ល្អ​ធម្មតា។ យ៉ាង​ណា​មិញ ថ្វី​ត្បិត​តែ​ជា​មាន​ពណ៌​ល្អ​ក៏​ដោយ​ ​ដរាប​ណា​អ្នក​សង្កេត​ឃើញ​មាន​អ្វី​មួយ​មិន​ប្រក្រតី ត្រូវ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​​ទើប​ប្រសើរ។

៧. ពណ៌​ទឹក​ក្រូច

ពណ៌​ទឹក​ក្រូច​មិន​ខុស​ពី ពណ៌​ក្រហម​លាយ​ប្រផេះ​ប៉ុន្មាន​ទេ ព្រោះ​វា​បញ្ជាក់​ថា អ្នក​​អាច​នឹង​មាន​មេរោគ​ឆ្លង​​។ ជាពិសេស នៅ​ពេល​មាន​ក្លិន​អាក្រក់​និង​ឈឺ​ចាប់ វា​ជា​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ។

បន្ទាប់​ពី​អាន​រួច​ អ្នក​ប្រាកដ​ជា​ដឹង​ច្បាស់​ថា ពណ៌​រដូវ​របស់​អ្នក​ស្ថិត​នៅ​ក្នុង​ចំណុច​ណា​មួយមិន​ខាន។ ហេតុនេះហើយ បើ​អ្នក​មាន​បញ្ហា​អ្វី​ខុស​ធម្មតា កុំ​បណ្តែត​បណ្តោយ​ទុក​យូរ​នាំ​ហួស​ពេល​ ត្រូវ​ទៅ​រក​ពេទ្យ​រោគ​ស្រ្តី​ដែល​មាន​ជំនាញ​ច្បាស់​​លាស់​៕​

ចុចអានបន្ត៖ គួរដឹង! អាហារជាច្រើនដែលអ្នកញ៉ាំចូលពោះ ត្រូវចំណាយពេលខុសៗគ្នាទម្រាំបានកិនម៉ដ្ឋ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី