៤ វិធីមិនមែនប្រើរំពាត់ បង្រៀនកូនចេះគោរព អត់ពិបាកដូចអ្នកគិត

  • 2019-09-25 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ឪពុក​ម្ដាយ​ជា​ច្រើន ​កំពុង​​ឈឺ​ក្បាល​ដោយ​សារ​​ពិបាក​ប្រដៅ​កូន​ដែល​មិន​ស្ដាប់​បង្គាប់ កញ្ញា សូម​បង្ហាញ​តិច​និក​ខ្លះ​ៗ​ដល់​លោក​អ្នក។ សាក​ល្បង​ផ្លាស់​ប្ដូរ​វិធី​បង្រៀន​របស់​អ្នក ​ដោយ​អនុវត្ត​តាម​វិធី​សាស្ត្រ​​ថ្មី​ទាំង​នេះ​។

១. បង្រៀន​ និង​បង្ហាញ

​ក្មេង​អាយុ​ចាប់​ពី​ ៣ ​ទៅ ​៦ ​ឆ្នាំ ​ចាប់​ផ្ដើម​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​។ ដូច្នេះ​ឪ​ពុក​ម្ដាយ បើ​ចង់​ឲ្យ​កូន​រៀន​តាម​តែ​អ្វី​ដែល​ជា​អាកប្បកិរិយា​ត្រឹម​ត្រូវ ​គប្បី​ធ្វើ​ជា​​គំ​រូ​ដល់​​ពួក​គេ ឲ្យ​ឃើញ​ជា​ញឹក​ញាប់។ ម្ល៉ោះ​ហើយ​ពួក​គេ​នឹង​ចង​ចាំ ​ព្រម​ទាំង​រៀន​ធ្វើ​តាម​ជា​មិន​ខាន។

​២. ​ប្រើ​សម្ដី​​មាន​សុជីវធម៌​នៅ​ពេល​បង្រៀន

​​​​​មាន​ពេល​ខ្លះ ការ​រំពឹង​ទុក​របស់​ឪពុក​ម្ដាយ​ពេល​អប់​រំ​កូន​អាច​នឹង​មិន​បាន​ដូច​ចិត្ត ​ដោយសារ​ពួក​គេ​មិន​ចង់​ធ្វើ​តាម។ ​វិធី​ល្អ ​អ្នក​គួរ​និយាយ​ស្ដី​ជាមួយ​កូន​ដោយ​​ពីរោះ​ពិសា ​ព្រម​ទាំង​ទឹក​មុខ​រីក​រាយ ​ទើប​ធ្វើ​ឲ្យ​កូន​របស់​អ្នក​មាន​អារម្មណ៍​ល្អ​ចង់​ស្ដាប់​អ្នក​ទូ​ន្មាន។ ​មួយ​វិញ​ទៀត ​អ្នក​​គួរ​ឧស្សាហ៍​ហៅ​ឈ្មោះ​គេ​ឲ្យ​បាន​ញឹក​ញាប់ ​ដែល​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​កូន​​​មិន​សូវ​រឹង​ទទឹង​ច្រើន​ឡើយ។

៣. ​បង្រៀន​កូន​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង

​ឪពុក​ម្ដាយ​ភាគ​ច្រើន​តែង​តែ​ហាម​កូន​មិន​ឲ្យ​ធ្វើ​​នេះ ​មិន​ឲ្យ​ធ្វើ​នោះ ​រហូត​ដល់​ពួក​គេ​លែង​មាន​សិទ្ធ​អី​ទាំង​អស់។ ​សកម្មភាព​ទាំង​នេះ ​នឹង​ធ្វើ​ឲ្យ​កុមារ​បាត់​ទំ​នុក​ចិត្ត ​ម្ល៉ោះ​ហើយ​ទង្វើ​ត្រឹម​ត្រូវ ​អ្នក​គួរ​​​ឲ្យ​កូន​ៗ​​ហ្វឹក​ហាត់​គិត រៀន​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។ ​មិន​គួរ​ស្រែក​គំហក​ពេល​គេ​ធ្វើ​ខុស ​ឬ​បញ្ឈប់​​គេ​ភ្លាម​ៗ​ដោយ​សម្ដី​អសុរោះ​ឡើយ។

៤. ចំណាយ​ពេល​ស្ដាប់​កូន​ ឲ្យ​បាន​ច្រើន

​​​រឿង​សំខាន់​មួយ​ក្នុង​ការ​បង្រៀន​កុមារ ​គឺ​ត្រូវ​បើក​ពេល​វេលា​មួយ​សម្រាប់​ពួក​គេ​មាន​ឱកាស​បាន​និយាយ ហើយ​អ្នក​ជា​អ្នក​ស្ដាប់​វិញ​។ ​មិន​មែន​រាល់​គំនិត​របស់​ឪពុក​ម្ដាយ​សុទ្ធ​តែ​ត្រូវ​នោះ​ឡើយ ​ដូច​នេះ​​អ្នក​គួរ​ផ្ដល់​ពេល​វេលា​សម្រាប់​ពួក​គេ​បញ្ចេញ​គំនិត​​ម្ដង។ ​បង្រៀន​កូន​ឲ្យ​និយាយ​ចេញ​នូវ​​ការ​គិត​របស់​គេ ដើម្បី​ហ្វឹក​ហាត់​ខួរ​ក្បាល​ឲ្យ​ចេះ​គិត​ថា ​តើ​នេះ​ខុស​ឬ​អត់ ​ហើយ​វា​អាច​ដំណើរ​ការ​បាន​ដោយ​របៀប​​ណា។ ​ការ​អនុញ្ញាត​នេះ ​នឹង​ជួយ​ឲ្យ​ពួក​គេ​ចេះ​ជីក​ឫស​គល់​បញ្ហា​បាន​ដោយ​វ័យ​ឆ្លាត​តាំង​ពី​ក្មេង។

អ្នក​ត្រូវ​តែ​ផ្ដល់​នូវ​ក្ដី​ស្រលាញ់ ​ភាព​ជិត​ស្និទ្ធ ព្រម​ទាំង​យល់​ពី​កូន​ៗ​ឲ្យ​បាន​ច្រើន ​ពេល​នោះ ​ភាព​ចចេស​រឹង​រូស ​ពិ​បាក​ទូ​ន្មាន​​ដល់​ពួក​គេ​កន្លង​មក ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​មិន​ខាន៕​

ចុចអាន៖ ​ ​​៥​​​​សំណួរ​​​​​មិន​​​គួរ​​​ហា​មាត់​​សួរ​ បើ​​មិន​​ចង់​​ឲ្យ​​គេ​វាយ​​តម្លៃ​​​​ថា​​​​ជា​មនុស្ស​​​​​​​​​​​​​​​​​​​​ឈ្លើយ

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម