៥ វិធីបង្ការអ្នកពីទម្លាប់ធ្វើអ្វីបង្អង់យូរ
- 2019-09-22 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីបង្ការអ្នកពីទម្លាប់ធ្វើអ្វីបង្អង់យូរ
ជឿជាក់ថាសឹងតែគ្រប់គ្នា មានទម្លាប់ចូលចិត្តធ្វើអ្វីបង្អង់យូរៗដោយច្រើនតែប្រើពាក្យថា«ចាំស្អែកធ្វើក៏បាន» ទម្លាប់បែបនេះពិតជាមិនល្អឡើយសម្រាប់អ្នក។ ពិសេសសិស្សនិស្សិតតែងជួបប្រទះនឹងបញ្ហាមួយនេះ ដូចជាពេលគ្រូដាក់កិច្ចការអោយធ្វើរយៈពេលមួយឆមាស តែមកធ្វើត្រឹមតែពីរសប្តាហ៍ចុងក្រោយទើបប្រគល់ជូនគ្រូ។ ទម្លាប់បង្អង់យូរឬពន្យារពេលមួយនេះគួរតែបង្ការទើបបានសម្រាប់អ្នកគ្រប់គ្នាដែលមានទម្លាប់នេះ។ វិធីបង្ការរួមមាន៖
១. បង្កើនល្បឿនធ្វើការ
នៅពេលអ្នកបង្អង់យូរក្នុងការធ្វើកិច្ចការអ្វីមួយហើយ អ្នកប្រាកដជាប្រញាប់ប្រញាលបញ្ចប់កិច្ចការមួយនោះនៅវិនាទីចុងក្រោយយ៉ាងលឿន។ ដើម្បីបង្ការរឿងមួយនេះបាន អ្នកគួរតែចេះលៃលករឿងបែងចែកពេលវេលាអោយបានត្រឹមត្រូវនិងបង្កើនពេលធ្វើកិច្ចការរបស់អ្នកតាមដែលអាចធ្វើបានដូចជាកំណត់ថ្ងៃ ម៉ោង នាទីបានបញ្ចប់កិច្ចការនោះរួច?
២. មុនពេលចូលគេងត្រូវរៀបចំផែនការសម្រាប់ថ្ងៃស្អែក
មូលហេតុដែលបណ្តាលអោយអ្នកមានទម្លាប់បង្អង់យូរគឺដោយសារតែអ្នកមិនដឹងពីគោលដៅថាត្រូវចាប់ធ្វើអ្វីមុនគេ មិនដឹងថាចាប់ធ្វើពីណាមុនគេ ចេះតែផ្តេកផ្តួលពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃទឹកចូលច្រមុះទើបឆ្លេឆ្លា។ ឧទាហរណ៍ថា ស្អែកអ្នកត្រូវទៅសាលារៀន តែអ្នកមិនបានមើលកាលវិភាគថាត្រូវរៀនអ្វីខ្លះ អ្នកនឹងឆ្លេឆ្លាពេលព្រលឹម។
៣. ផ្តល់រង្វាន់អោយខ្លួនឯងពេលធ្វើការរួច
មានការងារមួយចំនួនមិនត្រូវបានបញ្ចប់ដោយសារអ្នកធុញទ្រាន់ អស់កម្លាំង ដូច្នេះបណ្តាលអោយអ្នកមានអារម្មណ៍មិនល្អក្នុងការធ្វើ។ ចុះប្រសិនបើអ្នកមានគម្រោងថាផ្តល់រង្វាន់អោយខ្លួនឯងពេលបញ្ចប់ការងារទាំងនោះរួច ពិតជាល្អសម្រាប់ខ្លួនអ្នកដូចជា ទិញសម្លៀកបំពាក់ ញុំារបស់ឆ្ងាញ់ៗ ទៅដើរលេងជាដើម។
៤. ពិន័យខ្លួនឯងពេលមិនអនុវត្តតាមផែនការ
ជារឿងធម្មតាទេនៅពេលណាដែលមានកាដូអោយខ្លួនឯងក៏ត្រូវមានការពិន័យខ្លួនឯងផ្ទាល់ពេលមិនបានអនុវត្តតាមផែនការទៅតាមការកំណត់។ ហើយចំពោះការពិន័យវិញគឺមិនមានអីធ្ងន់ធ្ងរឡើយផ្ទុយពីការអោយរង្វាន់ខ្លួនឯងគឺមិនអាចញុំារបស់ឆ្ងាញ់ៗ មិនអាចទិញសម្លៀកបំពាក់បាន លុះត្រាតែបញ្ចប់កិច្ចការទើបបាន។
៥. ចំណាយពេលសម្រាកអោយបានគ្រប់គ្រាន់និងថែរក្សាសុខភាព
ព្យាយាមចំណាយពេលវេលាអោយបានត្រឹមត្រូវទៅតាមផែនការរបស់ខ្លួន សម្រាកអោយបានគ្រប់គ្រាន់ និងចេះរក្សាសុខភាពអ្នក។ ក្នុងករណីអ្នកងប់ងល់នឹងការធ្វើការខ្លាំងពេកត្រូវចេះដកថយមកវិញ ព្រោះអាចប៉ះពាល់សុខភាពរបស់អ្នកបាន៕
ចុចអានបន្ត៖
អនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃទាំង ៧ នេះនឹងជួយអ្នកកាន់តែក្មេងជាងវ័យ
គួរមោទកភាពដែលកើតជាស្រី ព្រោះទាំងនេះសុទ្ធជាឯកសិទ្ធិដែលមានតែស្រីៗមាន