៥សំណួរមិនគួរហាមាត់សួរ បើមិនចង់ឲ្យគេវាយតម្លៃថាជាមនុស្សឈ្លើយ
- 2019-09-17 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សំណួរមិនគួរហាមាត់សួរ បើមិនចង់ឲ្យគេវាយតម្លៃថាជាមនុស្សឈ្លើយ
ទំនាក់ទំនងជាមួយមជ្ឈដ្ឋានជុំវិញខ្លួនពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវភាពប្រចាំថ្ងៃ។ មុនពេលហាមាត់និយាយស្តី សួរនាំពីអ្វីមួយ ត្រូវគិតពិចារណាឲ្យបានច្បាស់លាស់សិន ជៀសវាងធ្វើឲ្យការរាប់អានគ្នាមានភាពរង្គោះរង្គើដោយសារតែពាក្យសម្តីមិនសមគួរ។ ទោះបីជាអ្នកមានសម្រស់ស្រស់ស្អាតយ៉ាងណា បើហ៊ានសួរសំណួរអស់ទាំងនេះចេញមក ភាពទាក់ទាញមន្តស្នេហ៍ទាំងប៉ុន្មាននឹងបាត់បង់មួយរំពេច ហើយអ្នកដទៃនឹងវាយតម្លៃថាអ្នកជាមនុស្សឈ្លើយ។
១. សួរថាត្រូវជាអ្វីនឹងគ្នា ទាំងខ្លួនមិនទាន់ស្គាល់គេច្បាស់
ពេលឃើញមនុស្សពីរនាក់មើលទៅដូចជាមានអាយុខុសឆ្ងាយពីគ្នាខ្លាំង ហើយអ្នកពុំទាន់ស្គាល់គេច្បាស់ទេ កុំចូលចិត្តទស្សន៍ទាយសួរគេថា តើគាត់ត្រូវជាម្តាយឬបងស្រី? ក្មេងស្រីនេះ ជាកូនអ្នកមែនទេ?... ពេលខ្លះមិត្តភ័ក្តិ ឬបងប្អូនបង្កើត មានអាយុខុសគ្នាដាច់ ស្មានមិនត្រូវទេ ម្ល៉ោះហើយបើអ្នកចេះតែសួរផ្តេសផ្តាស អ្នកដទៃអាចនឹងអាក់អន់ស្រពន់ចិត្តមិនខានឡើយ។ យល់ល្អ គ្រាន់តែគិតទុកចិត្តសង្កេតមើលកាយវិការនិងការនិយាយស្តីក៏អ្នកអាចដឹងបានដែរ។
២. ស្រលាញ់គ្នាយូរប៉ុណ្ណាហើយ មានរៀបការអត់?
បើគេមិនចូលចិត្តនិយាយពីទំនាក់ទំនាក់ស្នេហាផ្ទាល់ខ្លួន បើកជំហរឲ្យអ្នកដឹងទេ គួរកុំសួរលក្ខណៈដេញដោលអីល្អជាង។ មនុស្សមួយចំនួនចូលចិត្តសួរគេថា ស្រលាញ់គ្នាយូរប៉ុនណាហើយ? មានរៀបការអត់? លែងគ្នាយូរឬនៅ? ពេលណាគិតរកថ្មីមួយទៀត? ទាំងនេះសុទ្ធតែជាសំណួរ ដែលមិនគប្បី និងអាចធ្វើឲ្យពូកគេ មានអារម្មណ៍មិនស្រួលក្នុងចិត្ត។
៣. រៀបការយូរហើយ ពេលណាទើបយកកូន?
រៀបការយូរហើយ ពេលណាទើបយកកូន? ហេតុអីក្រយកកូនម្ល៉េះ? បើជៀសបានគួរតែជៀសមិនបាច់សួរក៏បានដែរ ព្រោះវាជារឿងឯកជន ថែមទាំងធ្វើឲ្យមនុស្សស្រីដែលមិនអាចមានកូនបាន មិនសប្បាយចិត្តកាន់តែស្មុគស្មាញ។ មួយវិញទៀត សម័យនេះហើយ ក្រយកកូនគ្មានអ្វីចម្លែកនោះទេ ដោយសារមនុស្សភាគច្រើនរវល់ជាមួយមុខរបរការងារ និងចង់ពង្រឹងសមត្ថភាពឲ្យរឹងមាំសិន មុនចង់ក្លាយជាឪពុកម្តាយគេ។
៤. ម៉េចបានចូលចិត្តធ្វើអីប្លែកៗម្ល៉េះ?
ការសន្ទនាគ្នាពីចំណង់ចំណូលចិត្ត គឺជាប្រធានបទដែលអាចធ្វើឲ្យមនុស្សពីរនាក់កាន់តែស្និទ្ធស្នាលជាងមុន។ ឧទាហរណ៍ថា ពេលទំនេរ គេចូលចិត្តចិញ្ចឹមឆ្កែច្រើន ធ្វើកម្មវិធីសប្បុរសធម៌ ធ្វើវីដេអូបង្ហោះក្នុងបណ្តាញសង្គមជាដើម បើអ្នកមិនចូលរួមសរសើរក៏ហីចុះ តែហាមសួរថា ហេតុអ្វីបានចូលចិត្តធ្វើអីប្លែកៗម្ល៉េះ? ព្រោះសួរបែបនេះ ហាក់បីដូចជាអ្នកកំពុងតែរិះគន់ គិតថាចំណង់ចំណូលចិត្តអ្នកដទៃគឺជារឿងឥតប្រយោជន៍។
៥. បានប្រាក់ខែប៉ុន្មានហើយ?
សំណួរទាំងឡាយ ដែលពាក់ព័ន្ធទៅនឹងរឿងលុយកាក់ ស្តាប់ឮហើយដូចជាមានអារម្មណ៍មិនល្អទាល់តែសោះ។ អ្នកខ្លះឲ្យតែពេលជួបគ្នា គ្មានចង់ដឹងអ្វី ក្រៅពីសួររឿងប្រាក់ខែ សួរចង់ពីរបស់របរប្រើប្រាស់តម្លៃប៉ុន្មាន។ បើជាមិត្តភ័ក្តិជិតស្និទ្ធគ្មានបញ្ហាទេ គ្រាន់តែសួរប៉ុណ្ណឹង តែបើស្គាល់គ្នាល្មមៗ ហ៊ានសួរបែបនេះ គេច្បាស់ជាវាយតម្លៃថាអ្នកជាមនុស្សចង់ដឹងរឿងគេហួសព្រំដែន។
ចុចអានបន្ត៖ មនុស្សស្រីថ្លៃថ្នូរមានគុណធម៌ក្នុងខ្លួន តែងប្រកាន់ខ្ជាប់អាកប្បកិរិយា៩យ៉ាងនេះ