ឧស្សាហ៍ភ្ញាក់កណ្តាលអធ្រាត្រ ដាច់ខាតកុំធ្វើរឿងទាំងនេះ ជាពិសេសេពេលចូលបង្គន់

  • 2019-09-10 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ហេតុ​ផល​ច្រើន​យ៉ាង ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ដឹង​ខ្លួន​ទាំង​កណ្តាល​អធ្រាត្រ។ អាច​បណ្តាល​មក​ពី អ្នក​ចង់​ទៅ​បង្គន់ ស្រេក​ទឹក​ ថ្លង់​សំឡេង​ស្រមុក ឬ​ដោយ​សារ​សុបិន​អាក្រក់​ជាដើម​។ សម្រាប់​អ្នក​ពូកែ​គេង​មិន​ពិបាក​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​វិញ​សំងំ​រាប់​ម៉ោង​​នៅ​តែ​មិន​អាច​គេង​លក់​ទៅ​វិញ ហើយ​ការ​ភ្ញាក់​ក្នុង​អំឡុង​ពេល​កណ្តាល​អធ្រាត្រ​បែប​​នេះ ពិត​ជា​រឿង​ដែលប​អាក្រក់​បំផុត។ វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គ្រោះ​ថ្នាក់​ដល់​សុខភាព​រាង​កាយ​ទាំង​ស្រុង​តែ​ម្តង។

​​បើ​អ្នក​ជួប​ប្រទះ​បញ្ហា​ ដូច​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​ញឹក​ញាប់ គួរ​ដឹង​ពី​វិធី​ទប់​ស្កាត់​​និង​ជៀសវាង​ធ្វើ​រឿង​មួយ​ចំនួន​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​។

ហាម​ងើប​អង្គុយ

បើ​អ្នក​យល់​សប្តិ​អាក្រក់ ហើយ​ងើប​អង្គុយ​ដោយ​មិន​ដឹង​ខ្លួន ត្រូវ​តែ​ដាក់​ខ្នង​យឺតៗ​ដេក​ទៅ​វិញ​ឲ្យ​ត្រង់​ ដើម្បី​រក្សា​លំនឹង​នៃ​រាង​កាយ។ នៅ​សុខ​ៗ​ស្រាប់​តែ​ងើប​អង្គុយ​ភ្លាមៗ ចង្វាក់​បេះដូង​នឹង​លោត​ញាប់​ខុស​​ពី​ធម្មតា ជា​ហេតុ​បណ្តាល​ឲ្យ​​ដំណើរ​ឈាម​ហូរ​ទៅ​កាន់​​ផ្នែក​ខួរក្បាល​យ៉ាង​ច្រើន និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​ទៅ​វិញ​។

ហាម​ងើប​ទៅ​បត់​ជើង​តូច​រាល់​យប់

បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក​មុន​ពេល​ចូល​គេង អ្នក​នឹង​ឈឺ​បត់​ជើង​តូច​ នៅ​ពាក់​​​កណ្តាល​អធ្រាត្រ។ អ្នក​ខ្លះ​សូម្បី​តែ​មិន​បាន​ផឹក​ទឹក​ច្រើន​ ក៏​ត្រូវ​​តែ​ចូល​បង្គន់​រាល់​យប់​ដែរ ដូច​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ស្រ្តី​ពោះ​ធំ និង​អ្នក​ជំងឺ​ក្រពេញ​ប្រូស្តាត​ជា​ដើម។ យ៉ាង​ណា​មិញ បើ​អ្នក​មិន​ឈឺ​បត់​ជើង​តូច​ខ្លាំង​ មិន​ចាំ​បាច់​ត្រូវ​ងើប​ជា​ប្រចាំ​ពេក​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​ងើប​ចេញ​ពី​គ្រែ បើក​ភ្លើង ឬ​លាង​ដៃ...ប្រៀប​បាន​ដូច​ជា​អ្នក​កំពុង​តែ​ទៅ​​ដាស់​ខួរក្បាល​ឲ្យ​ស្វាង​លែង​ងងុយ​គេង​។

ហាម​លេង​ទូរសព្ទ

អេក្រង់​ទូរសព្ទ​ឬ​កុំព្យូទ័រ ពិត​ជា​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ ព្រោះ​ពន្លឺ​ភ្លើង​ពណ៌​ខៀវ​នៅ​ក្នុង​គ្រឿង​អេឡិចត្រូនិក​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​យល់​ច្រឡំ​ថា​ជា​ពេល​ថ្ងៃ។ ហ៊ាន​តែ​យក​ដៃ​ចុច​សម្លឹង​មើល វា​ពិបាក​​បំផុត​ក្នុង​ការ​ដេក​ឲ្យ​លក់​​ទៅ​វិញ។

ហាម​មើល​ម៉ោង

ភ្ញាក់​ដឹង​ខ្លួន​ហើយ​ងាក​ទៅ​មើល​ម៉ោង​ទៀត អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​មិន​ស្ងប់។ ឧទាហរណ៍​ថា​ ងើប​ឡើង​ស្រាប់​តែ​មើល​​នាឡិកា​ ម៉ោង​ជិត​៤​ភ្លឺ​​បាត់​ទៅ​ហើយ​ ពេល​នោះ​អ្នក​ក៏​ចាប់​ផ្តើម​រាប់​ថយ​ក្រោយ​ និង​គិត​ថា​សល់​ពេល​មិន​យូរ​ប៉ុន្មាន​ទេ​ដើម្បី​គេង​បន្ត។ ចិត្ត​របស់​អ្នក​មិន​រសាប់រសល់​ទេ បើ​អ្នក​មិន​មើល​ម៉ោង​។

ហាម​រើ​បម្រាស់​រាង​កាយ​ខ្លាំងៗ​ពេក

​ពេល​គេង​រាង​កាយ​ត្រូវ​ការ​ភាព​ស្ងប់ស្ងៀម ហើយ​កោសិកា​ផ្សេងៗ​ទៀត ក៏​​សម្រាក​ដែរ។ សាច់​ដុំ​របស់​អ្នក​ក៏​​មាន​តួនាទី​ដូច​គ្នា​ ដើម្បី​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។ ហេតុ​នេះ​ហើយ ប្រសិន​បើ​អ្នក​រើ​ចុះ​រើ​ឡើង សាច់​ដុំ​​រាង​កាយ​និង​ងើប​ឡើង​ធ្វើ​ការ​សារ​ជា​ថ្មី។ វា​ក៏​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​​អ្នក​ពិបាក​សម្រាក​​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​។

តើ​គួរ​ធ្វើ​បែប​ណា​​ដើម្បី​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់​វិញ?

  • ដាក់​ខ្នង​​ឲ្យ​ត្រង់​ផ្តេក​ទៅ​ពូក​ថ្នមៗ​ដើម្បី​សម្រួល​ដល់​សាច់​ដុំ។

  • បន្ទាប់​មក​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ ដើម្បី​ជួយ​​ឲ្យ​ឆាប់​គេង​លក់។

  • បើ​អ្នក​ស្តេ្រស​លើ​បញ្ហា​អ្វី​មួយ ព្យាយាម​បន្ធូរ​ចេញ​និង​ដក​ឃ្លា ឈប់​គិត​វា​បន្តិច​សិន ពុំ​ដូច្នោះ​ទេ​អ្នក​មិន​អាច​គេង​លក់​បាន​ឡើយ​។​

  • នៅ​ពេល​ថ្ងៃ​ គួរ​ហាត់​ប្រាណ​​ឬ​យ៉ូហ្កា ដើម្បី​បញ្ចេញ​ជាតិ​ពុល​អាក្រក់​ពី​ខ្លួន និង​​អាច​សម្រួល​ដល់​ដំណេក ជាពិសេស​ត្រូវ​ឆាប់​ចូល​គេង​កុំ​នៅ​ដល់​យប់​ជ្រៅ​ពេក។

  • ការ​គេង​ឲ្យ​បាន​គ្រប់​ ៨​ម៉ោង​ក្នុង​មួយ​យប់ ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ដូច្នេះ​អ្នក​មិន​គួរ​ធ្វេស​ប្រហែស​​ឲ្យ​សោះ​៕​​​​​

ចុចអានបន្ត៖ ស្រក​​គីឡូ​​​ដោយ​មិន​​​បំផ្លាញ​​សុខភាព ត្រូវ​​​​​​​​ប្រើ​​​វិធី​​​៥ ​​ យ៉ាង​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម