ប្តីប្រពន្ធគ្មានថ្ងៃលែងគ្នា បើអាចឆ្លងផុតពីឧបសគ្គ ៦ យ៉ាងនេះ

  • 2019-09-10 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​អាពាហ៍ពិពាហ៍​​អាច​រឹង​មាំ​ទៅ​បាន មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ។ វា​ជា​ជម្រើស​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ថែរក្សា​ពី​ភាគី​ទាំង​សង​ខាង​។ នរណា​ក៏​ធ្លាប់​មាន​បញ្ហា និង​ការ​យល់​ច្រឡំ​ផ្សេងៗ​នៅ​ក្នុង​ទំនាក់ទំនង​​ស្នេហា។ ពេល​ខ្លះ​គូ​ស្នេហ៍​មាន​អារម្មណ៍​គិត​ចង់​បោះបង់​យ៉ាង​ងាយ។ យ៉ាង​ណា​មិញ បើ​ចង់​ឲ្យ​ជីវិត​ជា​ប្តី​ប្រពន្ធ​រឹងមាំ អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ជាមួយ​គ្នា​​រហូត​ដល់​ចាស់​កោង​ខ្នង លុះ​ត្រា​តែ​​ឆ្លង​ផុត​ឧបសគ្គ​ធំ​ៗ ៦​យ៉ាង​នេះ​សិន។

១. ពាក្យ​រិះគន់​​តិះដៀល

រូបតំណាង

​​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​អាច​ទទួល​យក​ពាក្យ​រិះគន់​បាន​ទេ ជាពិសេស​នៅ​ពេល​​ដៃគូ​របស់​ខ្លួន​និយាយ​បែប​​តិះ​ដៀល​វាយ​ប្រហារ​ វា​នឹង​នាំ​​កើត​បញ្ហា​ឲ្យ​កាន់​តែ​ធំ​។​ លោក​បណ្ឌិត John Gottman បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​គាត់ The Four Horsemen of the Apocalypse ដោយ​លើក​ឡើង​ថា ពេល​ដែល​អ្នក​ព្យាយាម​រិះគន់​ដៀម​ដាម​ដៃគូ និង​រក​ចំណុច​ខ្សោយ​ដើម្បី​ចង់​ឈ្នះ ពេល​នោះ​ភាគី​ម្ខាង​ទៀត​នឹង​ចាប់​ផ្តើម​​ដំឡើង​សំឡេង​តឹង​សរសៃ​ក​ដាក់​គ្នា ព្រោះ​ចង់​ឈ្នះ​រៀង​ខ្លួន។ វិធី​ដ៏​ល្អ​គឺ​មាន​តែ​ការ​ជជែក​​តាម​សម្រួល ប្រាប់​ចំ​ៗ​ពី​ចំណុច​ខ្វះ​ខាត​ ប៉ុន្តែ​មិន​​មែន​ក្នុង​ន័យ​ជាន់​បន្ថែម​។

​២. យក​ជញ្ជាំង​​មក​បាំង​បញ្ហា

រូបតំណាង

ទាំង​ពេល​នៅ​ជា​សង្សារ និង​ពេល​ក្លាយ​ជា​ប្តី​ប្រពន្ធ អ្នក​ប្រហែល​ជា​ធ្លាប់​ឆ្លង​កាត់​ដំណាក់​កាល​មួយ​ដែល​ដៃគូ​ចាប់​ផ្តើម​មិន​ចង់​និយាយ​ស្តីឬ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ដាច់​ស្រាច់ ប្រៀប​បាន​ដូច​ជា​ការ​យក​ជញ្ជាំង​មក​បាំង​ផ្លូវ​។ មនុស្ស​ប្រុស ៨០%ហើយ ដែល​ចូលចិត្ត​ធ្វើ​បែប​នេះ។​ គាត់​មើល​ទៅ​​ហាក់​បី​មិន​ខ្វល់​អ្វី​ទាល់​តែ​សោះ ទាំង​ដែល​​ការ​ពិត​ក្នុង​ចិត្ត​ខ្វល់​ខ្វាយ​ជ្រួល​ច្របល់​ខ្លាំង​ណាស់។ អ្នក​គួរ​ចេះ​សង្កេត​មើល​ នៅ​ពេល​ដៃគូ​មាន​​អារម្មណ៍​​ស្មុគស្មាញ​តប់​ប្រមល់​ និង​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​បង្ខំ​ពេក​ទេ​។ ទោះ​​បី​ចង់​ជជែក​រក​ដំណោះ​ស្រាយ​​លើ​បញ្ហា​ផ្សេងៗ​ ក៏​គួរ​តែ​ជ្រើសរើស​ពេល​វេលា​ស័ក្តិសម​មួយ​ដែរ។

៣. បាក់​ចិត្ត​លើ​អ្នក​ផ្សេង

រូបតំណាង

ការ​ទប់​អារម្មណ៍​មិន​ឲ្យ​បាក់​ចិត្ត​ទៅ​លើ​អ្នក​ផ្សេង​ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ថា​ជា​រឿង​ពិបាក សូម្បី​តែ​​មនុស្ស​ស្រី​ដល់​ទៅ​៧០​% ក៏​មាន Crushes ជា​ច្រើន​នាក់​។ ការ​ចាប់​អារម្មណ៍​ ដោយ​សារ​ភាព​ទាក់ទាញ​ មិន​មែន​មាន​ន័យ​ថា​ក្បត់​ទេ។ អ្វី​ដែល​សំខាន់​បំផុត កុំ​ឲ្យ​តែ​អ្នក​ផ្លាស់​ប្តូរ​អារម្មណ៍​មួយ​នេះ​ ទៅ​ជា​សកម្មភាព​ទៅ​បាន​ហើយ​។ ដរាប​ណា​អ្នក​ចែក​រំលែក​ក្តីស្នេហា​​ ទៅ​ឲ្យ​អ្នក​ផ្សេង ជីវិត​ប្តី​ប្រពន្ធ​នឹង​កាន់​តែ​មាន​គម្លាត យូរ​ឬ​ឆាប់​នឹង​ឈាន​ទៅ​ដល់​ការ​បែកបាក់​។

៤. មើលងាយ

រូបតំណាង

ការ​មើល​ងាយ អាច​ឆ្លុះ​បញ្ចាំង​ពី​សុជីវធម៌​នៅ​ក្នុង​ការ​រស់​នៅ។ បើ​អ្នក​កើត​ក្នុង​វង្ស​ត្រកូល ពូកែ​និយាយ​ដើម មើល​ងាយ​គេ អ្នក​ក៏​មិន​អាច​ជៀស​ទៅ​ណា​ឆ្ងាយ​ដែរ​។ តិច​ឬ​ច្រើន​ អ្នក​នៅ​តែ​មាន​កូន​ចិត្ត​បែប​នេះ​ក្នុង​ខ្លួន។ ការ​មើល​ងាយ​គ្មាន​បាន​អ្វី​មក​វិញ ក្រៅ​ពី​ធ្វើ​ឲ្យ​ជីវិត​គូ​រង្គោះរង្គើ​នោះ​ទេ។ ហេតុ​ដូច្នេះ មាន​តែ​គំនិត​វិជ្ជមាន​ ការ​លើក​ទឹក​ចិត្ត និង​ក្តី​ស្រលាញ់​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ប្រសើរ​ឡើង។

៥. ផ្ទុះ​កំហឹង

រូបតំណាង

បញ្ហា​ទុក​ដាក់​កូន​ចៅ​ផ្ទះ​សម្បែង រឿង​លុយ​កាក់ សាច់​ញាតិ​មាន​ពិស សុទ្ធ​តែ​ជា​រឿង​ស្មុគស្មាញ ធ្វើ​ឲ្យ​អ្នក​ផ្ទុះ​កំហឹង​ទប់​មិន​ជាប់។ ដំណាក់កាល​មួយ​នេះ​ អាច​កើត​ឡើង​ទៅ​លើ​ជីវិត​គូ​បាន​គ្រប់​ពេលវេលា។ យ៉ាង​ណា​កុំ​ភ្លេច​ថា បញ្ហា​ទាំង​នោះ​សុទ្ធ​តែ​ផ្នែក​មួយ​ដែល​គ្មាន​នរណា​អាច​ជៀស​ផុត​ ហើយ​វា​នៅ​ជាមួយ​អ្នក​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ​។ បើ​អ្នក​អាច​ប្រឈម​ជាមួយ​វា​បាន ស្នេហា​នឹង​កាន់​តែ​លូតលាស់ មាន​សុភមង្គល លែង​ខ្លាច​​រាថយ​នឹង​បញ្ហា​ត​ទៅ​ទៀត​។

៦. ចេះ​ទទួល​កំហុស​និង​អត់​ឱន

រូបតំណាង

អ្នក​ទាំង​ពីរ​ដឹង​ច្បាស់​ហើយ​ថា ត្រូវ​គោរព​ពាក្យ​សន្យា រស់​នៅ​ជាមួយ​គ្នា​ឲ្យ​បាន​យូរ​អង្វែង។ គ្រាន់​តែ​និយាយ​ខ្វះ​ការ​តាំង​ចិត្ត​ក៏​ទៅ​មិន​រួច​ដែរ។ ការ​រស់​នៅ​ជាមួយ​គ្នា​កាន់​តែ​យូរ អ្នក​នឹង​ចាប់​ផ្តើម​មើល​កំហុស​គ្នា​កាន់​តែ​ច្រើន​។ ប្រសិន​បើ​អ្នក​ចេះ​ទទួល​ស្គាល់​និង​អត់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​ទេ​ពាក្យ​ថា​បែក​បាក់​៕​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម