តាមពិត ទុកម៉ាសក្នុងទូទឹកកកមុនប្រើ មិនល្អដល់ស្បែកមុខទេ

  • 2019-09-09 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាស​បិទ​មុខ​​​​ ក្លាយ​ជា​​ពេញ​និយម​សម្រាប់​នារី​គ្រប់​រូប ព្រោះ​អាច​ផ្ដល់​សំណើម​ដល់​ស្បែក​​​យ៉ាង​​ប្រសើរ​។ ​ប៉ុន្តែ​បើ​អ្នក​អនុវត្ត​ខុស នោះ​ប្រសិទ្ធភាព​នឹង​ថយ​ចុះ ហើយ​ប៉ះ​ពាល់​ដល់​ស្បែក​មុខ​ថែម​ទៀត។ ថ្ងៃ​នេះ ​កញ្ញា​ សូម​បង្ហាញ​កំហុស​៣​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​នារី​ជា​ច្រើន​​តែ​ង​ធ្វើ​​ នៅ​ពេល​បិទ​ម៉ាស។

១. ទុក​ម៉ាស​ក្នុង​ទូ​ទឹក​កក

ជឿ​ជាក់​ថា នារី​មិន​តិច​អ្នក​ទេ​តែង​ទុក​ម៉ាស​ក្នុង​ទូ​ទឹក​កក​មុន​​យក​ទៅ​បិទ​លើ​មុខ។ ​ប៉ុន្តែ​តាម​អ្នក​ជំ​នាញ​អះ​អាង​ថា ​នេះ​ជា​វិធី​ខុស​ទាំង​ស្រុង។ ​អ្នក​គួរ​រក្សា​ម៉ាស​នៅ​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា ព្រោះ​បើ​អ្នក​ទុក​ម៉ាស​នៅ​កន្លែង​ត្រជាក់​បែ​ប​នេះ ​ពេល​យក​មក​បិទ​មុខ ​នឹង​ធ្វើ​ឲ្យ​រន្ធ​ញើស​បិទ។ ​ដូច្នេះ​គុណ​ប្រយោជន៍​​ពី​ម៉ាស​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ណា ​ក៏​មិន​អាច​ជ្រាប​ចូល​ស្បែក​មុខ​អ្នក​បាន​ដែរ។ ​

២. ​បិទ​ម៉ាស​ម្ដង​រាប់​ម៉ោង

​​​ឃើញ​ម៉ាស​ផ្ដល់​សំណើម​ខ្លាំង​ដល់​ស្បែក​មុខ ដូច្នេះ​នារី​ច្រើន​យល់​ថា​បិទ​ម៉ាស​ឲ្យ​បាន​យូរ​ម៉ោង​ដើម្បី​​ទទួល​បាន​សំណើម​ច្រើន​ពី​ម៉ាស។ ​ប៉ុន្តែ​នេះ​ក៏​ជា​យល់​ខុស​មួយ​ ដែល​មិន​មែន​ជា​រឿង​តូច​តាច​ទេ។ ​បិទ​ម៉ាស​យូរ​​ម៉ោង​ពេក ​អាច​ជះ​ផល​អាក្រក់​ដល់​ស្បែក​យ៉ាង​ពិត​ប្រាកដ។ ​ សន្លឹក​ម៉ាស​នឹង​ប្រែ​ជា​ស្ងួត​ហើយ​វា​នឹង​ទាញ​សំណើម​ពី​ស្បែក​មុខ​របស់​អ្នក​វិញ។ ​ម្ល៉ោះ​ហើយ ​គួ​រ​បិទ​តាម​ការ​ណែ​នាំ​​នៅ​លើ​កញ្ចប់​ម៉ាស​នោះ។ ​អ្នក​អាច​ដក​របាំង​ម៉ាស​ចេញ​តាម​ពេលវេលា​ត្រឹម​ត្រូវ​ដែល​គេ​ណែ​នាំ ​តែ​ទឹក​ក្នុង​កញ្ចប់​ម៉ាស​អាច​យក​មក​លាប​លើ​មុខ​បាន ដោយ​មិន​បាច់​លាង​ចេញ​ក៏​បាន។

៣. ទុក​ប្រើ​ច្រើន​ដង

​​​តាម​ពិត​ ម៉ាស​មួយ​សន្លឹក​អាច​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ ​​នៅ​ពេល​ហែក​កញ្ចប់​រួច​ហើយ។ ​បើ​​ប្រើ​ច្រើន​ដង ​គុណ​ភាព​ម៉ាស​ក៏​ថយ​ចុះ ហើយ​បើ​អ្នក​រក្សា​នៅ​កន្លែង​ពុំ​មាន​ផាសុកភាព​ទៀត ​ច្បាស់​ណាស់​បាក់តេរី​នឹង​រុំ​ព័ទ្ធ​ហើយ​ពេល​យក​មក​បិទ​លើ​មុខ​ម្ដង​ទៀត ​នឹង​ប៉ះ​ពាល​ស្បែក​យ៉ាង​ដំណំ។

នៅ​ពេល​ដឹង​អាថ៌កំបាំង​ទាំង​​៣​ខាង​លើ​ហើយ ​នារី​ទាំង​អស់​គួរ​បញ្ឈប់​ទម្លាប់​ទាំង​នេះ​ចោល​បើ​មិន​ចង់​ឲ្យ​ស្បែក​មុខ​ ខូច​ដោយ​មិន​ដឹង​ខ្លួន៕

​ចុចអាន៖ ​​ រូបមន្តបំបាត់បបូរមាត់ខ្មៅបានយ៉ាង​សក្ដិសិទ្ធិ​ អនុវត្តងាយៗបាននៅផ្ទះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម