មនុស្ស​ស្រី​ត្រូវ​ចាំ៖ គ្មាន​អ្នក​ណា​រវល់​ដល់​ថ្នាក់​មិន​អាច​តប​សារ​មួយ​បាន​ទេ គ្រាន់​តែ​គេ​មិន​ចង់

  • 2019-09-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​អើយ និយាយ​ឲ្យ​ត្រង់​មក​ថា ​អ្នក​មិន​អាច​តប​សារ​របស់​ខ្ញុំ​បាន​ទេ​ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា មនុស្ស​ប្រុស​ដែល​ខ្ញុំ​កំពុង​រង់​ចាំ​ទាំង​យប់​ ទាំង​ថ្ងៃ​នេះ គេ​បាន​ប្រែ​ប្រួល​ហើយ។

តាម​ខ្ញុំ​គិត​​នៅ​លើ​លោក​នេះ​ គឺ​គ្មាន​អ្នក​ណា​រហូត​ដល់​ថ្នាក់​ប៉ុន្មាន​ថ្ងៃ មួយ​សបា្ដហ៍ ឬ​កន្លះ​ខែ គ្មាន​ពេល​ផ្ញើ​សារសួរ​សុខ​ទុក្ខ​សង្សារ​របស់​ខ្លួន​នោះ​ទេ។ នេះ​បើ​តាម​គិត​វិញ​ សំបក​ក្រៅ​នៅ​ប្រាប់​​ថា​ស្រលាញ់ តែ​ធាតុ​ពិត​ ក៏​ប្រៀប​ដូច​ជា​បឹងត្រូវ​រាំង​ស្ងួត​ដែរ គឺ​គ្មាន​សល់​មនោសញ្ចេតនា​អ្វី​ទៀត​ឡើយ។ ពេល​ទើប​ស្រលាញ់​គ្នា ភ្លេច​កាន់​ទូរសព្ទ​​តែ​២​នាទី ត្រលប់​មក​វិញ សារ​លោត​មក​ចង់​២០​សារ អាន​ស្ទើរ​តែ​មិន​ទាន់។

ច្រើន​ខែ​ក្រោយ​មក ភ្លេច​កាន់​ទូរសព្ទ​២​ម៉ោង ឆែក​មើល​ឡើង​វិញ ក៏​មាន​ត្រឹម​សារ​ខ្លី​កំបុត​២​ បែប​សរសេរ​ឲ្យ​តែ​​បាន។

ហើយ​មក​ដល់​ថ្ងៃ​នេះ ទោះ​បី​ជា​កាន់​ទូរសព្ទ​នៅ​ជាប់​លើ​ដៃ​ដល់​ទៅ​២​ថ្ងៃ ក៏​គ្មាន​ពាក្យ​សួរ​នាំ​អ្វី​មួយ​ដែរ។ គ្រាន់​តែ​ចង់​និយាយ​ថា ពេល​ដែល​ខ្ញុំ​នៅ​មាន​ភាព​អត់ធ្មត់​រង់​ចាំ​អ្នក​បាន​​ តើ​អ្នក​អាច​ចំណាយ​ពេល​មើលសារ និង​តប​សារ​ខ្ញុំ​ខ្លះ​វិញ​បាន​ឬ​អត់?

ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​ត្រូវ​​ការ​គេ​សួរ​នាំ​គ្រប់​ពេល​វេលា​នោះ​ឡើយ ហើយ​ក៏​មិន​មែន​ជា​ប្រភេទ​ដែល​​មិន​អាច​រស់​បាន​ក្រោយ​បែក​គ្នា​នោះ​ដែរ។

គ្រាន់​តែ​ថា នៅ​ពេល​មុន នៅ​ពេលដែល​អ្នក​ឈាន​ចូល​ជីវិត​ខ្ញុំ​ដំបូង អ្នក​ចំណាយ​ពេល​រាប់​ខែ ដើម្បី​យក​បាន​មនោសញ្ចេតនា​ពី​ខ្ញុំ។ ដូច​នេះ​នៅ​ពេល​នេះ សូម​អ្នក​និយាយ​ឲ្យ​ច្បាស់​តែ​មួយ​ម៉ាត់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា មនុស្ស​ដែល​ខ្ញុំ​កំពុង​​ផ្ញើរ​សារ​នេះ មិន​មែន​ជា​មនុស្ស​ខុស។

ខ្ញុំ​ធំ​ដឹង​ក្ដី​គ្រប់គ្រាន់​ដើម្បី​អាច​បែង​ចែក​បាន​ថា មួយ​ណា​ជា​ការ​រវល់​រហូត​ដក​ឃ្លា​មិន​រួច និង​អស់​ចិត្ត​មិន​ចង់​និយាយ​ជាមួយ​គ្នា ដូច​នេះ​បើ​អស់​ស្រលាញ់​ពិត​មែន ក៏​គ្រាន់​តែ​ប្រាប់​មួយ​ម៉ាត់ កុំ​ឲ្យ​ពិបាក​ទាំង​សង​ខាង។ អ្នក​សម្ងំ​បែប​នេះ គ្រាន់​តែ​ធ្វើ​ឲ្យ​ការ​គិត​ល្អ​របស់​ខ្ញុំ​ចំពោះ​អ្នក​កាន់​តែ​ធ្លាក់​ចុះ​ប៉ុណ្ណោះ៕

​ចុចអាន៖ ​ ពេលនៅជិតមិនចេះរក្សា ដល់ខ្ញុំអស់ចិត្ត ទើបអ្នកមកព្យាយាមចង់នៅក្បែរ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel