ពេលនៅជិតមិនចេះរក្សា ដល់ខ្ញុំអស់ចិត្ត ទើបអ្នកមកព្យាយាមចង់នៅក្បែរ

  • 2019-09-05 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​និស្ស័យ​ដែល​ឲ្យ​យើង​បាន​ស្គាល់​គ្នា ហើយ​វា​ក៏​ជា​និស្ស័យ​ដែល​យើង​បាន​ស្រលាញ់​គ្នា។ ប៉ុន្តែ​អ្នក​ដឹង​ទេ ខ្ញុំ​មិន​អាច​ថែរក្សា​ស្នេហា​មួយ​នេះ​បាន​នោះ​ទេ ភាព​មិន​ច្បាស់​លាស់​របស់​អ្នក​វា​បាន​បំផ្លាញ​រាល់​ការ​ចង​ចាំ​ល្អ​ៗ រាល់​ការ​ស្រលាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក​បន្តិច​ម្តង​ៗ ទាំង​ពេល​ខ្លះ​ខ្ញុំ​មិន​អាច​រក​ឃើញ​ចំណុច​ណា​ផ្សេង​ទៀត​ដែល​អាច​រក្សា​ទំនាក់​ទំនង​មួយ​នេះ​ឡើយ។

ខ្ញុំ​ដឹង​ថា ពេល​នេះ​អ្នក​ស្អប់​ខ្ញុំ តែ​ខ្ញុំ​ពិត​ជា​មិន​អាច​បន្ត​រស់​នៅ​ជាមួយ​អារម្មណ៍​បែប​នេះ​ទៀត​ទេ វា​ជា​អារម្មណ៍​ដែល​ទៅ​មុខ​មិន​រួច ថយ​ក្រោយ​មិន​បាន និយាយ​មិន​ចេញ សួរ​មិន​កើត។ ពេល​មួយ​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ចាក​ចេញ អ្នក​ប្រហែល​មិន​យល់​ទេ អ្នក​អាច​បន្ទោស​ថា​ខ្ញុំ​ជា​មនុស្ស​ចិត្ត​ដាច់ សា​វ៉ា ។ ខ្ញុំ​ក្លាយ​ទៅ​ជា​បែប​នេះ​ក៏​ព្រោះ​តែ​អ្នក​មិន​ដែល​ខ្វល់​ពី​វត្តមាន​របស់​ខ្ញុំ​នោះ​ទេ អ្នក​មិន​បាន​ឲ្យ​តម្លៃ​ពេល​វេលា​របស់​ខ្ញុំ​នោះ​ឡើយ ក៏​ព្រោះ​តែ​ខ្ញុំ​ស្រលាញ់​អ្នក​ខ្លាំង​ជាង​អ្នក​ស្រលាញ់​ខ្ញុំ។ ឥឡូវ​ខ្ញុំ​ឈប់​បង្ខំ​អ្នក​ឲ្យ​នៅ​ក្បែរ​ខ្ញុំ​ទៀត​ហើយ អ្នក​មាន​សេរីភាព​ហើយ។

វា​យឺត​ពេល​ហើយ ដែល​អ្នក​ព្យាយាម​ឃាត់​ខ្ញុំ រឿង​យើង​ទាំង​ពីរ​ចប់​ហើយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ ខ្ញុំ​មិន​អាច​ប្ដូរ​វា​បាន​ទេ ទោះ​អ្នក​ប្រាប់​ថា​អ្នក​ស្រលាញ់​ខ្ញុំ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ។ពេល​កន្លង​ដែល​ខ្ញុំ​នៅ​ជិត​អ្នក អ្នក​ក៏​មិន​ដែល​ប្រាប់​ខ្ញុំ​ឡើយ សូម្បី​តែ​លេខ​ទូរស័ព្ទ​ក៏​មិនSaveដែរ។ អ្នក​តែង​តែ​យក​ពាក្យ​ថា ប្អូន​ស្រី​មក​ដាក់​ពី​មុខ​ទំនាក់​ទំនង​មួយ​នេះ។

ពេល​នេះ ខ្ញុំ​ក៏​បាន​ទទួល​មនុស្ស​ថ្មី​ដែល​គេ​តែង​តែ​ព្យាយាម​ចង់​យក​ឋានៈ​ជា​សង្សារ​ពី​ខ្ញុំ គេ​ស្រលាញ់​ខ្ញុំ​ គេ​ព្យាយាម​ណែ​នាំ​ខ្ញុំ​ទៅ​គ្រួសារ​គេ គេ​គោរព​ខ្ញុំ ខុស​ពី​អ្នក​ច្រើន​ណាស់។ មក​ដល់​ត្រឹម​នេះ អ្នក​ប្រាប់​ខ្ញុំ​ថា អ្នក​ស្រលាញ់​ខ្ញុំ អ្នក​ចង់​នៅ​ជិត​ខ្ញុំ តើ​ខ្ញុំ​អាច​ត្រឡប់​ទៅ​រក​អ្នក​វិញ​ដែរ​ទេ?

ខ្ញុំ​ចង់​ត្រឡប់​ទៅ​រក​អ្នក​វិញ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​មិន​ខ្វល់​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​គ្មាន​កំហុស​នោះ​ទេ ។ ខ្ញុំ​ព្យាយាម​យល់​ចិត្ត​អ្នក តែ​អ្នក​មិន​ដែល​ព្យាយាម​យល់​ចិត្ត​ខ្ញុំ​នោះ​ទេ ខ្ញុំ​ដឹង​ថា​អ្នក​មិន​ចូល​ចិត្តshow off ទំនាក់​ទំនង ខ្ញុំ​ក៏​មិន​ដែល​បង្ខំ​ឲ្យ​អ្នក​ដើរ​ប្រាប់​គេ​រាល់​គ្នា​នោះ​ដែរ ខ្ញុំ​ក៏​ឲ្យ​ពេលវេលា​ទៅ​អ្នក ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ភាព​មិន​ច្បាស់​លាស់។ រយៈពេល​មួយ​ឆ្នាំ​កន្លះ​មក​នេះ វា​ក៏​បង្ហាញ​គ្រប់​គ្រាន់​ហើយ​ថា​អ្នក​មិន​ដែល​គិត​ថា​បាត់​ខ្ញុំ​នោះ​ទេ។ បើ​ពី​ដើម​មក​អ្នក​យល់​ដល់​អារម្មណ៍​ខ្ញុំ ដល់​ថ្នាក់​នេះ​នោះ​ប្រហែល​ជា​ខ្ញុំ​មិន​មាន​ពេល​អន់​ចិត្ត​អីចឹង​ទេ ហើយ​យើង​ក៏​មិន​​នៅ​ឆ្ងាយ​ពី​គ្នា​ដូច​រាល់​ថ្ងៃ​ដែរ ។

ត​ទៅ បើ​អ្នក​ស្រលាញ់​នរណា​ម្នាក់ សូម​កុំ​ឲ្យ​គេ​មាន​អារម្មណ៍​ថា គេ​មិន​មាន​ឋានៈ​អ្វី​នឹង​អ្នក​ឲ្យ​សោះ ព្រោះ​គេ​មិន​ដឹង​ថា​អ្នក​កំពុង​គិត​អី​នោះ​ទេ ហើយ​បើ​គេ​សម្រេច​ចិត្ត​ចាក​ចេញ​ហើយ​នោះ ពាក្យ​សុំទោស វា​គ្មាន​ន័យ​អ្វី​ទៀត​ទេ។ អីចឹង​សូម​ថែរក្សា​មនុស្ស​ដែល​នៅ​ក្បែរ​អ្នក​ផង កុំ​ចាំ​ទាល់​តែ​គេ​ចាក​ចេញ​ទើប​នឹក​ស្ដាយ​ក្រោយ​អី៕

​ចុចអាន៖ ​​ មិន​មែន​ងាយ​ស្រួល​ឡើយ រៀន​បំភ្លេច​អ្វី​មួយ ពិសេស​​មនុស្ស​ដែល​ធ្លាប់​ស្រលាញ់

អត្ថបទ៖ Spring

អត្ថបទពេញនិយម