៨ ចំណុចបង្ហាញច្បាស់ថាអ្នកជាមនុស្សស្រីរឹងមាំ និងពិសេសខ្លាំង​ក្នុងកែវភ្នែកបុរស

  • 2019-09-02 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​នៅ​ Single តែង​តែ​​ត្រូវ​បាន​សង្គម​ឡកឡឺយ​។​ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​មនុស្ស​ស្រី​ភាគ​ច្រើន​សម្រេច​ចិត្ត​ទ្រាំ​ជា​មួយ​នឹង​ទំនាក់​ទំនង​ស្មុគស្មាញ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​អត់​សប្បាយ​ចិត្ត​ ព្រោះ​ពួក​គេ​ខ្លាច​នៅ​ម្នាក់​ឯង​ និង​រង​ការ​រិះ​គន់​ពី​អ្នក​ដទៃ​។​ តែ​នៅ​​មាន​មនុស្ស​ស្រី​មួយ​ចំនួន​ជ្រើស​រើស​រស់​នៅ​ម្នាក់​ឯង​ ដោយ​សារ​តែ​គេ​បាន​សម្រេច​ចិត្ត​ចំណាយ​ពេល​លើ​ខ្លួន​ឯង​ ជា​ជាង​មាន​ស្នេហា​ ទោះ​បី​ពេល​ខ្លះ​ពួក​គេ​ត្រូវ​លំបាក​ក៏​ដោយ​។​ នារី​រឹង​មាំ​ដឹង​ច្បាស់​ពី​អ្វី​ដែល​នាង​ចង់​បាន​ ហើយ​មិន​ដែល​ចុះ​ញ៉ម​នរណា​ម្នាក់​ឡើយ​។​ ៨​ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​នាង​​ក្លាយ​ជា​មនុស្ស​ពិសេស​ក្នុងកែវភ្នែក​បុរសៗ​៖

១. ជា​មនុស្ស​ម្នាក់​សំខាន់​បំផុត មិន​ដែល​ធ្វើ​ជា​ជម្រើស​នរណា​ឡើយ

នារី​សម័យ​ថ្មី​ដឹង​ពី​របៀប​ផ្តល់​​តម្លៃ​ និង​ក្តី​ស្រលាញ់​ឱ្យ​ខ្លួន​ឯង​ ច្រើន​ជាង​ចំណាយ​ពេល​របស់​នាង​ឱ្យ​មនុស្ស​ប្រុស​ដែល​មិន​សម​នឹង​ទទួល​វា​។​ នាង​ដឹង​ថា​នាង​ត្រូវ​តែ​ជា​មនុស្ស​សំខាន់​បំផុត​សម្រាប់​មនុស្ស​ប្រុស​របស់​នាង​ ហើយ​មិន​ធ្វើ​ជា​ជម្រើស​គេ​ឡើយ​។​ នាង​មិន​សម​នឹង​បុរស​ដែល​យក​ចិត្ត​នាង​តែ​ពេល​គេ​ចង់​បាន​អ្វី​មួយ​ពី​នាង​ទេ​ ឬ​មិន​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា​ទទួល​បាន​ការ​ស្រលាញ់​ ការ​ការពារ​ និង​ក្តី​រំភើប​ឡើយ​។​

​​២. ផ្ដោត​សំ​ខាន់​លើ​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង

មនុស្ស​ស្រី​ប្រហែល​ជា​សម្រេច​ចិត្ត​នៅ​ម្នាក់​ឯង​នៅ​ពេល​ណា​មួយ​ ជា​ពិសេស​ពេល​ដែល​នាង​ផ្ដោត​លើ​ការ​ធ្វើ​ឱ្យ​ខ្លួន​ឯង​រីក​ចម្រើន​។​ ជា​ដំបូង​ នាង​វាយ​តម្លៃ​ការ​រីកចម្រើន​​ខ្លួន​ឯង​ និង​ជោគជ័យ​របស់​នាង​នៅ​កន្លែង​​ការ​ងារ​ ជា​ផ្នែក​ដែល​សំខាន់​បំផុត​។​ ដូច​នេះ​ ចំណាយ​ពេល​ខ្លះ​ដើម្បី​ទទួល​បាន​តំណែង​មួយ​ដែល​បាន​មក​ពី​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ ជា​មូលហេតុ​មួយ​ដែល​មនុស្ស​ស្រី​រឹង​មាំ​ពេល​ខ្លះ​ត្រូវ​តែ​បោះ​បង់​ចោល​ស្នេហា​។​

​​​៣. បដិសេធ​បុរស​ណា​ដែល​មិន​ឱ្យ​នាង​ធ្វើ​ជា​ខ្លួន​ឯង

នាង​មិន​ត្រូវ​ការ​មនុស្ស​ប្រុស​មក​ប្រាប់​ឱ្យ​ត្រូវ​ស្លៀក​ពាក់​បែប​ណា​ទេ ឬ​ព្យាយាម​ឱ្យ​នាង​សម្រប​ខ្លួន​តាម​អ្វី​ដែល​គេ​ចង់​បាន​នោះ​ឡើយ​។​ មនុស្ស​ស្រី​សម័យ​នេះ​មិន​ខ្លាច​នឹង​ការ​ពេញ​ចិត្ត​ជា​មួយ​នឹង​ជី​វិត​ខ្លួន​ឯង​ ច្រើន​ជាង​​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ភាព​ពិត​របស់​នាង​ និង​គុណ​វិបត្តិ​របស់​នាង​ឡើយ​។​

​​៤. ​មិន​ចំណាយ​ពេល​​ក្នុង​បរិយាកាស​មិន​ល្អ

មនុស្ស​ស្រី​ឯករាជ្យ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ពេល​ល្ងាច​ និង​មើល​កុន​ម្នាក់​ឯង​ ល្អ​ជាង​ទៅ​ជា​មួយ​មនុស្ស​ប្រុស​ដែល​ចំណាយ​ពេល​ជា​មួយ​នាង​គ្រាន់​តែ​ដើម្បី​បំពេញ​កាតព្វកិច្ច​ ជំនួស​ការ​ពេញ​ចិត្ត​។​

​​៥. មិន​ខ្លាច​ធ្វើ​ខុស

នាង​ដឹង​ថា​ការ​ធ្វើ​ខុស​ ជា​ផ្នែក​មួយ​នៃ​ជីវិត​ ហើយ​រាល់​កំហុស​បង្រៀន​យើង​ និង​ធ្វើ​ឱ្យ​យើង​រីក​ចម្រើន​។​ តែ​គ្មាន​មនុស្ស​ស្រី​ណា​ចង់​នៅ​ជាមួយ​មនុស្ស​ប្រុស​ដែល​ចង់​បាន​ការ​ស្រលាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ ឬ​បុរស​ដែល​បោក​ប្រាស់​នាង​ ជា​មួយ​នឹង​ការ​សន្យា​ និង​អ្នក​ដែល​មិន​ចេះ​ដឹង​ខុស​ត្រូវ​នោះ​ទេ​។​

​​​៦. មិន​ធ្វើ​ខ្លួន​ឱ្យ​អ្នក​ផ្សេង​គិត​ថា​នាង​ជា​ទំនិញ​ ឬ​របស់​ប្រើ​ប្រាស់​ឡើយ

មនុស្ស​ស្រី​ឯករាជ្យ​មិន​អាច​ទទួល​យក​មនុស្ស​ប្រុស​ដែល​មើល​ឃើញ​តែ​រូបរាង​ខាង​ក្រៅ​របស់​នាង​ ហើយ​ទុក​នាង​ដូច​ជា​របស់​លេង​ ជំនួស​ឲ្យ​មនុស្ស​ដែល​គេ​ស្រលាញ់​ និង​ចង់​បាន​ទេ​។​ នាង​ត្រូវ​ការ​មនុស្ស​ប្រុស​ដែល​មិន​មែន​ចង់​បាន​តែ​ខ្លួន​ប្រាណ​នាង​ តែ​ត្រូវ​ការ​បេះ​ដូង​របស់​នាង​។

​​​៧. មិន​ខ្លាច​យំ​ តែ​ខ្លាច​ឈឺ​ចាប់​ដោយ​សារ​រើស​មនុស្ស​ប្រុស​ខុស

ទឹក​ភ្នែក​មិន​ធ្វើ​ឱ្យ​មនុស្ស​ស្រី​បាត់​បង់​ភាព​រឹង​មាំ​​ តែ​មនុស្ស​ស្រី​រឹង​មាំ​មិន​ដែល​ទទួល​យក​មនុស្ស​ប្រុស​ដែល​មិន​ខ្វល់​នឹង​ការ​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់​ទេ​។​ មនុស្ស​ប្រុស​ដែល​មិន​មើល​ថែ​នាង​ដោយ​ក្តី​ស្រលាញ់​ ការ​គោរព​ និង​ក្តី​មេត្តា​ ដូច​ដែល​នាង​បាន​ធ្វើ​ ហើយ​ជា​មនុស្ស​ដែល​មាន​តែ​ការ​ដោះ​សារ​ និង​មិន​រក្សា​សន្យា​ ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​គេ​នឹង​ចាកចេញ​។

​​​​៨. ចូល​ចិត្ត​ភាព​នៅ​លីវ

នាង​ដឹង​ថា​នាង​អាច​ពឹង​ពាក់​ខ្លួន​ឯង​បាន​។​ ​នៅ​លីវ​ សម្រាប់​មនុស្ស​ស្រី​មិន​មាន​ន័យ​ថា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ឯកា​ ឬ​ពិបាក​ចិត្ត​ទេ​ តែ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ឯង​​ សម្រាប់​មិត្ត​ភក្តិ​ ដើរ​លេង​ និង​អភិវឌ្ឍន៍​ខ្លួន​ឯង​ទៅ​វិញ​ទេ​​។​ នាង​ស្រលាញ់​ភាព​ឯករាជ្យ​របស់​នាង​ ហើយ​នឹង​មិន​បោះ​បង់​វា​សម្រាប់​មនុស្ស​ប្រុស​ធម្មតា​ម្នាក់​ឡើយ​៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម