៤ យ៉ាង បង្ហាញថាអ្នកជាមនុស្សស្ងប់ស្ងៀម មិន​សាំញ៉ាំ​ច្រើន

  • 2019-08-27 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​​នៅ​ក្នុង​សង្គម​​នា​ពេល​បច្ចុប្បន្ន​ សម្បូរ​តែ​បញ្ហា​ឥត​ឈប់​ឈរ ទើប​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​បរិយាកាស​នៅ​ក្នុង​​ផ្ទះ សំងំ​នៅ​ម្នាក់​តែ​ឯង​ៗ​យ៉ាង​មាន​ក្តី​សុខ​។ មនុស្ស​ដែល​ស្រលាញ់​ភាព​ស្ងប់ស្ងាត់ ពិត​ជា​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន​ច្រើន​ជាង​អ្នក​ដទៃ​​ផ្សេង​ទៀត​។

ខាង​ក្រោម​នេះ​ជា​សញ្ញា​បញ្ជាក់​ថា អ្នក​​ក៏​ជា​មនុស្ស​ម្នាក់​​ដែល​ស្ងប់ស្ងៀម​ មិន​ចេះ​និយាយ​សាំ​ញ៉ាំ​ច្រើន​។

១. ចូល​ចិត្ត​នៅ​​ម្នាក់​ឯង ឬ​នៅ​​ជាមួយ​មិត្ត​ភ័ក្តិ​ជិត​ស្និទ្ធ​បំផុត តែ​២-៣​នាក់

ប្រសិន​បើ​អ្នក​បាន​គេង មើល​រឿង​ ស្ដាប់​តន្ត្រី លេង​ជាមួយ​សត្វ​ចិញ្ចឹម​ ឬ​ធ្វើ​អ្វី​ផ្សេងៗ​តែ​ម្នាក់​ឯង ​អ្នក​តែង​តែ​សប្បាយ​ចិត្ត​​និង​មាន​ថាមពល​ជាង​ពេល​ទៅ​ខាង​ក្រៅ​​ដើរ​ផ្សារ​ ឬ​ទៅ​ជួបជុំ​មិត្ត​ភ័ក្តិ​ច្រើន​ទៅ​ទៀត​។ ដោយ​សារ​តែ​អ្នក​មាន​អារម្មណ៍​កក់​ក្តៅ​ ពេល​​មាន​គ្នា​តិច ហើយ​ក៏​មិន​ចូលចិត្ត​និយាយ​សាំ​ញ៉ាំ​ច្រើន​ដែរ។ ក្តី​សុខ​តិច​តួច ប៉ុន្តែ​វា​ធ្វើ​ឲ្យ​អ្នក​​មាន​សុភមង្គល​​​ពេញ​លេញ​។

២. មាន​អារម្មណ៍​ថា​ល្វើយ​ពេល​​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ម្តង​ៗ

ថ្ងៃ​ឈប់​សម្រាក​ ​មនុស្ស​ភាគ​ច្រើន​​​ចង់​ចេញ​ទៅ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ ជប់​លៀង​ដើម្បី​បន្ថយ​ភាព​តាន​តឹង​។ ផ្ទុយ​ស្រឡះ​​ពី​អ្នក​ទាំង​ស្រុង ព្រោះ​អ្នក​តែង​មាន​អារម្មណ៍​ថា​ល្វើយ ឆាប់​ធុញ​ ពេល​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​​មាន​កម្មវិធី​ជួប​ជុំ​​​នានា។ អ្នក​ពុំ​សូវ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម ដែល​ជា​សញ្ញា​​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ស្ងប់ស្ងៀម​ផង​ដែរ។

៣. ហ៊ាន​បង្ហាញ​ធាតុ​ពិត​តែ​ពេល​នៅ​ជាមួយ​​មនុស្ស​ស្និទ្ធស្នាល

​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​នាក់ អ្នក​តែង​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ចង់​និយាយ​ស្តី និង​មិន​ចូល​ចិត្ត​​បង្ហាញ​អារម្មណ៍​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ងាយ​ៗ​ឡើយ​។ ទោះ​ជា​បែប​នេះ​ក្តី អ្នក​ហ៊ាន​បញ្ចេញ​កាយវិការ​ ពាក្យពេចន៍ ការ​លេង​សើច​ជា​ដើម​ តែ​នៅ​ចំពោះ​មុខ​ដៃ​គូ​យល់​ចិត្ត​តែ​ប៉ុណ្ណោះ​។

៤. ប្រើ​ជីវិត​រស់​នៅ​ផ្អែក​លើ​គំនិត​និង​អារម្មណ៍​ខ្លួន​ឯង

នៅ​ពេល​​​​ជីវិត​ជួប​បញ្ហា​និង​រឿង​រ៉ាវ​​ជា​ច្រើន អ្នក​តែង​ចេះ​ពី​វិធី​បំភ្លេច​ចោល និង​អាច​រស់​នៅ​ដោយ​​​​សប្បាយ​រីក​រាយ​។ ទោះ​មាន​អ្នក​ផ្សេង​និយាយ​ដើម​ ឬ​មាន​គំនិត​យ៉ាង​ណា​ក៏​អ្នក​មិន​ទៅ​ឈឺក្បាល​ខ្វល់​ខ្វាយ​ជាមួយ​ដែរ។ ដោយ​សារ​តែ​អ្នក​ជា​មនុស្ស​​​​មាន​ជំហរ​​រឹង​មាំ និង​អាច​ប្រើ​ជីវិត​រស់​នៅ​ផ្អែក​លើ​គំនិត​និង​អារម្មណ៍​ខ្លួន​ឯង។

កើត​មក​ជា​មនុស្ស​មិន​សូវ​ចេះ​មាត់​ក មិន​មែន​ជា​ឧបសគ្គ​ក្នុង​ជីវិត​ឡើយ ហើយ​ក៏​មិន​អាច​វាយ​តម្លៃ​ថា​គេ​កើត​ទុក្ខ​រហូត​ដែរ ព្រោះ​មនុស្ស​ប្រភេទ​​នេះ​អាច​​សប្បាយ​រីករាយ​​មួយ​បែប​ផ្សេង​​ខុស​ពី​អ្នក​ដទៃ​៕​​

ចុចអានបន្ត៖ មានតែមនុស្សស្រីពូកែទេ ដែលធ្វើរឿងទាំងនេះរាល់ថ្ងៃ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម