ស្រឡាញ់​ឪពុក​ម្ដាយ សូម​កុំ​បន្ទោស​លោក​នូវ​រឿង ៥​យ៉ាង​នេះ

  • 2019-08-27 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. កុំ​បន្ទោស​ថា​ឪពុក​ម្ដាយ​គ្មាន​សមត្ថភាព

គ្មាន​នរណា​ពូកែ​បាន​គ្រប់​រឿង​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​ធ្វើ​គ្រប់​យ៉ាង​បាន​ល្អ​ឥតខ្ចោះ​នោះ​ដែរ។ ឪពុក​ម្ដាយ​គឺ​ជា​អ្នក​ផ្ដល់​ជីវិត​ លះបង់​ចិញ្ចឹម​មើល​ថែ​យើង​រហូត​ធំ​ប៉ុណ្ណេះ គឺ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ដូច្នេះ​កុំ​បន្ទោស​ឪពុក​ម្ដាយ​ថា “ប្រៀប​ជាមួយ​ឪពុក​ម្ដាយ​គេ​មិន​បាន”។ សម្ដី​នេះ​​និយាយ​ចេញ​មក គឺ​ហាក់​ដូច​អ្នក​មិន​ឲ្យ​តម្លៃ​ការ​លះបង់​របស់​ឪពុក​ម្ដាយ​ចំពោះ​អ្នក​ទាល់​តែ​សោះ។

២. កុំ​បន្ទោស​ឪពុក​ម្ដាយ​ថា​សាំ​ញ៉ាំ

ឪពុក​ម្ដាយ​កើត​មុន​យើង ឆ្លង​កាត់​ជីវិត​​ច្រើន​ជាង​យើង​ ម្ល៉ោះ​ហើយ​បើ​លោក​និយាយ​ច្រំ​ដែល​ដូច​ជា​ឲ្យ​ហូប​បាយ ឲ្យ​ស្លៀក​ខោ​អាវ​ក្រាស់​ៗ មក​ផ្ទះ​ឲ្យ​លឿន រៀប​ចំ​បន្ទប់ … គឺ​ដោយ​សារ​តែ​លោក​ស្រឡាញ់​យើង​ពិត​ប្រាកដ។ បើ​យើង​មិន​មែន​កូន​ចៅ​របស់​គាត់ ក៏​គាត់​មិន​និយាយ​បែប​នេះ​ដាក់​ដែរ។

៣. កុំ​បន្ទោស​ឪពុក​ម្ដាយ​ដែល​រអ៊ូ ស្ដី​ឲ្យ

ដែល​ឪពុក​ម្ដាយ​ថា​ស្ដី​ឲ្យ ក៏​ព្រោះ​​តែ​យើង​ធ្វើ​មិន​ល្អ ដែល​ស្ដី​ឲ្យ​នោះ​គឺ​មិន​មែន​ដើម្បី​ខ្លួន​គាត់​ទេ ប៉ុន្តែ​ដើម្បី​ខ្លួន​យើង។ គ្មាន​ឪពុក​ម្ដាយ​ឯណា​មិន​ស្រឡាញ់​កូន គ្មាន​ឪពុក​ម្ដាយ​ណា​ដែល​មិន​ចង់​ឲ្យ​កូន​រីក​ចម្រើន​ជាង​ខ្លួន​ឯង​ ហើយ​ក៏​គ្មាន​ឪពុក​ម្ដាយ​ឯណា​មិន​ចង់​ឲ្យ​កូន​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​នោះ​ដែរ។

៤. កុំ​បន្ទោស​ឪពុក​ម្ដាយ​ថា​យឺតយ៉ាវ

ពេល​ឪពុក​ម្ដាយ​ចាស់​ទៅ​ កុំ​ស្ដី​បន្ទោស​ថា​លោក​ធ្វើ​អ្វី​យឺតយ៉ាវ។ បើ​យើង​មិន​ទាន់​ធ្លាប់​ធ្វើ​ជា​ឪពុក​ម្ដាយ​ទេ យើង​គ្មាន​ថ្ងៃ​ដឹង​ឡើយ​ថា​ អ្នក​ជា​ឪពុក​ម្ដាយ​ត្រូវ​ប្រើ​ការ​ស្រឡាញ់​ថ្នាក់ថ្នម​ប៉ុណ្ណាដើម្បី​បង្រៀន​យើង​ឲ្យ​ចេះ​ដើរ បង្រៀន​ឲ្យ​យើង​ចេះ​ញ៉ាំ ចេះ​ងូត​ទឹក និង​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ទៀត។ នៅ​ពេល​លោក​នៅ​ពេញ​កម្លាំង លោក​បាន​លះបង់​កម្លាំង​​យ៉ាង​ច្រើន​ដើម្បី​ពួក​យើង នៅ​ពេល​នេះ​លោក​ចាស់​ទ្រុឌទ្រោម​លែង​មាន​កម្លាំង វា​ក៏​ជា​នាទី​របស់​យើង​ដែល​ត្រូវ​ថ្នាក់​ថ្នម​គាត់​វិញ។ កុំ​ភ្លេច​ថា​ទៅ​ថ្ងៃ​មុខ​ យើង​ក៏​គង់​ចាស់​ដូច​គ្នា។

៥. កុំ​បន្ទោស​ឪពុក​ម្ដាយ​ដែល​ឈឺ​ថ្កាត់

មិន​ថា​ឪពុក​ម្ដាយ​រវល់​យ៉ាង​ណា យប់​ជ្រៅ​យ៉ាង​ណា ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​ណា តែ​ពេល​យើង​ឈឺ​ថ្កាត់ ពួក​គាត់​នឹង​បោះ​ចោល​ការងារ​ទាំង​អស់ ដើម្បី​នាំ​យើង​ទៅ​ពេទ្យ​ភ្លាម​ៗ។ ពួក​គាត់​នឹង​ស្វែង​រក​វិធី​ព្យាបាល​យើង​យ៉ាង​រហ័ស​។ ​នៅ​ពេល​ពួក​លោក​​ឈឺ​ថ្កាត់ តើ​យើង​អាច​ធ្វើ​ដូច​ដែល​គាត់​ធ្វើ​ឲ្យ​យើង​បាន​ច្រើន​ឬ​តិច​ប៉ុណ្ណា? ឬ​ដោយ​សារ​ឪពុក​ម្ដាយ​ឈឺ​ច្រើន​យូរ​ខែ​យូរ​ឆ្នាំ ទើប​​ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ថែ​បាន?  

នៅ​ខណៈ​ដែល​យើង​កាន់​តែ​ធំ ឪពុក​ម្ដាយ​ក៏​ចាប់​ផ្ដើម​ចាស់​ ឈឺ រហូត​​លា​ចាក​លោក លា​កូន​លា​ចៅ​ទៅ​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រលប់។ បើ​គ្មាន​ឪពុក​ម្ដាយ ក៏​គង់​​គ្មាន​យើង បើ​សូម្បី​ឪពុក​ម្ដាយ​ក៏​អ្នក​នៅ​អភ័យ​ទោស​ឲ្យ​មិន​បាន តើ​អ្នក​ទៅ​អភ័យ​ទោស​ឲ្យ​អ្នក​ណា​វិញ​លើ​លោក​នេះ? ដូច្នេះ​សូម​ចាប់​ផ្ដើម​កតញ្ញូ​ចំពោះ​ឪពុក​ម្ដាយ ចាប់​ពី​ពេល​នេះ ថ្ងៃ​នេះ ហើយ​ឈប់​បន្ទោស​ឪពុក​ម្ដាយ​ត​ទៅ​ទៀត ៕

​ចុចអាន៖ ​​ រឿងខ្លោចចិត្តទាំង៥យ៉ាង ដែលកូនៗមិនដែលដឹងពីម៉ែ

ប្រភព៖ chonburipost ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម