ចរិត ៥ យ៉ាងលើបណ្តាញសង្គម នាំឲ្យអ្នកពិបាករកការងារធ្វើ

  • 2019-08-26 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​រៀន​ចប់ មាន​ចំណេះដឹង​ពិត​ប្រាកដ​ អ្នក​នឹង​មាន​ប្រាក់ខែ​សមរម្យ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​នៅ​ពេល​ដាក់​ពាក្យ​ទៅ​ធ្វើការនៅកន្លែងណាមួយ។ មិន​ខ្វះ​ទេ​អ្នក​​ដែល​មាន​បរិញ្ញាបត្រ​កាន់​ក្នុង​ដៃ​ព្រោងព្រាត ទោះ​ជា​បែប​នេះ​ក្តី នៅ​តែ​មាន​កន្លែង​ធ្វើ​ការ​ខ្លះ គិត​គូ​ពិចារណា មើល​ទៅ​លើ​ការ​ប្រើប្រាស់​ជីវិត​នៅ​លើ​បណ្តាញ​សង្គម​ មុន​នឹងសម្រេច​ចិត្ត​​ជ្រើស​រើស​អ្នក​។ ហេតុ​នេះ​ហើយ បើ​មិន​ចង់​បង្ក​ផល​ប៉ះពាល់​ដល់​ការងារ​នា​ពេល​អនាគត គួរ​ជៀសវាង​ទង្វើ​ ៥​ យ៉ាង​នេះ​ក្នុង​បណ្តាញ​សង្គម។

រូបតំណាង

**១. បង្ហោះ​ឬ​ចុច​​ Share លើ​រឿង​ណា​ដែល​មិន​សមគួរ**

ពិត​ណាស់ អ្នក​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង​​បណ្តាញ​សង្គម​​របស់​ខ្លួន ប៉ុន្តែ​កុំ​ភ្លេច​ថា វា​មិន​មែន​ជា​ទី​កន្លែង​ឯកជន​ឡើយ។ រឿង​ខ្លះ​ត្រូវ​បាន​បែក​ធ្លាយ​​យ៉ាង​លឿន​ដូច​ព្យុះ​ជា​សាធារណៈ ដូច្នេះ​ហ៊ាន​តែ​បង្ហោះ​ឬ​ចុច​Share ផ្តេស​ផ្តាស អ្នក​ច្បាស់​ជា​ខក​ចិត្ត​ជាក់​ជា​មិន​ខាន។ ​ពេល​ខ្លះ​វា​អាច​នឹង​សាយ​ភាយ​ទៅ​ដល់​គ្រប់​ទិស​ទី រហូត​ធ្វើ​ឲ្យ​អ្នក​មិន​អាច​រក​ការងារ​ធ្វើ​ក៏​ថា​បាន។

រូបតំណាង

២. បញ្ចេញ​មតិ​យោបល់​អវិជ្ជមាន ពី​ជាតិ សាសនា ឬ​ភេទ

ការ​បញ្ចេញ​មតិ​យោបល់​ផ្ទាល់​ខ្លួន​មិន​មែន​ចេះ​តែ​អាក្រក់​រហូត​ទេ ប្រសិន​បើ​អ្នក​និយាយ​អ្វី​ដែល​​ល្អ​និង​មាន​ប្រយោជន៍។ យ៉ាង​ណា​មិញ បើ​អ្នក​​ជា​មនុស្ស​អវិជ្ជមាន មាន​គំនិត​ផ្ទុយ​ពី​គេ​រហូត​ មិន​ថា​ជា​រឿង​ជាតិ សាសនា ឬ​បញ្ហា​ផ្សេងៗ​ នោះ​វា​ធ្វើ​ឲ្យ​បាត់​បង់​ប្រយោជន៍​ទៅ​វិញ​ទេ។ ជ្រុល​តែ​លេង​ ត្រូវ​ឲ្យ​ឆ្លាត កុំ​ឲ្យ​ខាត​នាំ​ទុក្ខ​ដាក់​ខ្លួន។

៣. ប្រើ​ប្រាស់​អ៊ីមែល​មិន​ផ្លូវការ

អ្នក​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ ចំពោះ​ឈ្មោះ​​​អ៊ីមែល​ដែល​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ដាក់ពាក្យ​​ធ្វើការ។ អ្នក​សម្ភាសន៍​ច្បាស់​វាយ​តម្លៃ ប្រសិន​បើ​អ្នក​ដាក់​ឈ្មោះ​បែប​កំប្លែង មិន​សមរម្យ និង​មិន​ផ្លូវ​ការ​ ហើយ​ក៏​គ្មាន​ចិត្ត​ចង់​ឲ្យ​ជាប់​ដែរ ព្រោះ​គេ​អស់​ការ​ជឿ​ជាក់​​លើ​អ្នក​បាត់​ទៅ​ហើយ។ ​​

រូបតំណាង

៤. ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ

ត្រង់​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ចំណុច​២​ទៀត​ដែល​បាន​រៀប​រាប់​ខាង​លើ គ្រាន់​តែ​វា​​ធ្ងន់ធ្ងរ​ជាង​បន្តិច ដោយ​សារ​រឿង​ខ្លះ ធ្វើ​ឲ្យ​អ្នក​មាន​ប្រតិកម្ម ខឹង មិន​ពេញ​ចិត្ត ទប់​មិន​ជាប់ ចង់​បញ្ចេញ​កំហឹង​ ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ បក​អាក្រាត​​ភ្លាមៗ។ ទង្វើ​បែប​នេះ អាច​បង្ហាញ​​ទាំង​ស្រុង​ពី​ចំណុច​ខ្សោយ ការ​មិន​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង បណ្តាល​ឲ្យ​កន្លែង​ការងារ​ មិន​ហ៊ាន​ទទួល​យក​អ្នក ព្រោះ​ខ្លាច​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ធ្វើ​ឲ្យ​បែក​ធ្លាយ​រឿង​សម្ងាត់​ខ្ទេច​ខ្ទី បង្ក​រឿង​មិន​ឈប់​។

រូបតំណាង

៥. និយាយ​ឬ​ចែក​ចាយ​រឿង​អាស​អាភាស

សព្វ​ថ្ងៃ​នេះ ធ្វើ​អ្វី​ផ្តេសផ្តាស​លើ​បណ្តាញ​សង្គម​មិន​បាន​ទេ ទោះ​បី​ជា​អ្នក​គិត​ថា វា​គ្រាន់​តែ​ជា​ការ​លេង​សើច​កម្សាន្ត​អារម្មណ៍​ក៏​ដោយ។ ចៃដន្យ​ក្នុង​ពេល​ណាមួយ​ គេ​ចូល​មើល Profile របស់​អ្នក ហើយ​ឃើញ​អ្នក​ជា​មនុស្ស​ចូលចិត្ត​និយាយ ឬ​ចុច Share នូវ​រឿង​ឥត​ប្រយោជន៍​បែប​នេះ ប្រាកដ​ណាស់​គេ​នឹង​មិន​ទទួល​យក​អ្នក​ដាច់​ខាត​។

រូបតំណាង

រឿង​ខ្លះ​មើល​ទៅ​ហាក់​បី​ដូច​ជា​តូច​តាច​មែន ប៉ុន្តែ​វា​អាច​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​និង​ខ្លួន​អ្នក​ផ្ទាល់ ដូច្នោះ​ហើយ​មុន​ធ្វើ​អ្វី​មួយ​ត្រូវ​គិត​គូ​ឲ្យ​បាន​​ម៉ត់ចត់​៕

ចុចអានបន្ត៖ ​​១០​​យ៉ាង​​ បញ្ជាក់​​​ថា​អ្នក​​​ជា​​​មនុស្ស​​ស្រី​​​​​​​​​​​មាន​​​សមត្ថភាព​​​​​​​​​​និង​​​លេច​​ធ្លោ​​​​​​​ជាង​​​​​​​​​គេ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម