រឿងខ្លោចចិត្តទាំង៥យ៉ាង ដែលកូនៗមិនដែលដឹងពីម៉ែ

  • 2019-08-27 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​ដឹង​ថាម៉ែ​ជា​អ្នក​មាន​គុណ ឬ​ជា​ព្រះ​រស់​ដែល​មិន​អាច​មាន​អ្នក​ណា​មក​លះបង់​ដើម្បី​កូនៗ​បាន​ដូច​ម៉ែ។ ប៉ុន្តែ​នៅ​មាន​រឿង​ច្រើន​ណាស់​ដែល​កូនៗ​មិន​ទាន់​បាន​ដឹង​ពី​ជម្រៅ​ចិត្ត និង​ភាព​ខ្លោច​ផ្សារ ព្រម​ជាមួយ​ការ​លំបាក​ទាំង​ឡាយ​ដែល​ម៉ែ​បាន​ធ្វើ ដោយ​មិន​​ដែល​ហា​មាត់​ប្រាប់​កូន​ឱ្យ​ដឹង។

១. ពេល​កូន​កើត​មក​ កូន​ឃើញ​តែ​ម៉ែ​​កាន់​តែ​ចាស់

មិន​មែន​ម៉ែ​ចង់​​បង្កើត​កូន​តូច​ទាំង​ខ្លួន​ឯង​អាយុ​កាន់​តែ​ចាស់​ទេ តែ​មក​ពី​​សម្រស់​ម៉ែ​កាន់​តែ​វិវត្ត​ចាស់​ជាង​មុន ទាំង​ដែល​ម៉ែ​នៅ​អាយុ​ក្មេង​នៅ​ឡើយ។ កូន​ដឹង​ទេ ម៉ែ​ធ្លាប់​ជា​មនុស្ស​ស្រី​ដ៏​ស្រស់​ស្អាត មាន​មន្ត​ស្នេហ៍​ មាន​បុរស​ជា​ច្រើន​ដែល​ធ្លាប់​តាម​ស្រលាញ់​ម៉ែ។ ម៉ែ​ធ្លាប់​ស្រមៃ​ថា​នឹង​រៀបការ​ជាមួយ​បុរស​ល្អ​ម្នាក់ បង្កើត​កូន​ដោយ​គន្លង​ធម៌ បង្កើត​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ។

តែ​ជីវិត​មិន​មែន​ដូច​រឿង​និទាន​ដែល​យើង​អាច​កំណត់​តាក់​តែង​បាន​គ្រប់​ពេល​នោះ​ទេ។ បើ​កូន​ឃើញ​ម៉ែ​របស់​កូន​អាយុ​នៅ​ក្មេង​ តែ​សម្រស់​បែរ​ជា​ធ្លាក់​ដុនដាប​យ៉ាប់យ៉ឺន ចូរ​គិត​​តើ​ថា​មក​ពី​មូលហេតុ​អ្វី? តើ​ម៉ែ​បាន​លះ​បង់​និង​ជួប​កាលៈទេសៈ​បែប​ណា​ខ្លះ​ទើប​ធ្លាក់​ខ្លួន​បែប​នេះ?

២. ម៉ែ​ចំណាយ​ពេល​​ភាគ​ច្រើន​នៃ​ជីវិត​ម៉ែ​គឺ​នៅ​លើ​កូនៗ

តាំង​ពី​កូន​នៅ​ក្នុង​​​ផ្ទៃ ពេល​កូន​កើត​មក​តាំង​ពី​បាត​ជើង​ក្រហម កូន​ដឹង​ទេ ម៉ែ​តែង​ចំណាយ​ពេល​វេលា​ដ៏​ច្រើន​នៃ​ជីវិត​របស់​ម៉ែ​ជាមួយ​កូន។ ម៉ែ​បី​បម​ថ្នម​ថើប​កូន​នៅ​ជាប់​ដើម​ទ្រូង មិន​ថា​ពេល​កូន​យំ កូន​សើច កូន​ឈឺ កូន​ជា ឬ​មាន​រឿង​អ្វី ម៉ែ​មិន​ដែល​ទុក​កូន​ឱ្យ​នៅ​ឆ្ងាយ​ពី​ភ្នែក​ ពី​ច្រមុះ​និង​អារម្មណ៍​របស់​ម៉ែ​ឡើយ។ ទោះ​ពេល​កូន​គេង​លក់​ក៏​ម៉ែ​នៅ​តែ​ចង់​បន្ត​ថើប​ថ្នម បក់​មូស​រុយ ចាំ​ដណ្ដប់​ភួយ​ឱ្យ​កូន តែង​ភ្ញាក់​ជា​ញឹក​ញាប់​ដើម្បី​មើល​ថា​កូន​គេង​បាន​ស្រួល​ឬ​អត់។

​ពេល​កូន​រៀន​ដើរ​ដំបូង ម៉ែ​ក៏​នៅ​ដើរ​តាម​មើល​កូន ខ្លាច​កូន​ដួល។ ម៉ែ​មិន​ត្រឹម​តែ​ចំណាយ​ពេល​វេលា​នោះ​ទេ ឯ​ប្រាក់​កាស​ក៏​ម៉ែ​ចំណាយ​លើ​កូន​ដោយ​គ្មាន​ស្ដាយ​ដែរ។ ម៉ែ​សុខ​ចិត្ត​ទុក​លុយ​ទិញ​អ្វី​គ្រប់​យ៉ាង​ឱ្យ​កូន មិន​ថា​របស់​ប្រើ​ប្រាស់ ទឹក​ដោះ​គោ សម្លៀក​បំពាក់ ថ្នាំ​សង្កូវ និង​របស់​ច្រើន​ទៀត​​ដើម្បី​តែ​ឃើញ​កូន​មាន​ក្ដី​សុខ។ ទោះ​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត ក៏​ម៉ែ​នៅ​ប្រាថ្នា​បាន​នៅ​ក្បែរ​កូន ចង់​ឃើញ​មុខ​កូន​មុន​បិទ​ភ្នែក​ផុត​ដង្ហើម​ទៅ។

៣. ពេល​កូន​ចូល​រៀន​ដំបូង

ជា​វេលា​ដំបូង​ដែល​ម៉ែ​ត្រូវ​បង្ខំ​ចិត្ត​ ឱ្យ​កូន​ឃ្លាត​ឆ្ងាយ​ពី​ម៉ែ។ ទោះ​ដឹង​កូន​អាច​ដើរ​បាន​ស្ទាត់ និយាយ​​បាន​ច្បាស់ ចេះ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ​ក៏​ដោយ ម៉ែ​នៅ​តែ​ខ្វាយ​ខ្វល់​ គិត​ពី​កូន​ឥត​ឈប់​ឈរ។ ពេល​កូន​ទៅ​សាលា ម៉ែ​តែង​លួច​លប​មើល​ពី​ក្រៅ​របង​ ចង់​ដឹង​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ​ឬ​អត់ កូន​មាន​កើត​អី​ឬ​អត់?

ម៉ែ​មិន​ដែល​គិត​ថា​ឡើយ​ថា​សាលា​ថ្លៃ​កម្រិត​ណា ឱ្យ​​តែ​ម៉ែ​​មាន​លទ្ធភាព ម៉ែ​នឹង​ជ្រើស​សាលា​ណា​ល្អ​ឱ្យ​​កូន​ចូល​ទៅ​ក្រេប​ចំណេះ​ដឹង។ ម៉ែ​ទិញ​របស់​ល្អៗ​ឱ្យ​កូន កាតាប សម្លៀកបំពាក់ សៀវភៅ​គ្រប់​បែប​យ៉ាង​ឱ្យ​តែ​កូន​អាច​រៀន​ចេះ និង​សប្បាយ​ចិត្ត។

៤. ពេល​កូន​ចូលវ័យ​ជំទង់

ចូល​ដល់​វ័យ​នេះ ម៉ែ​ដែល​ធ្លាប់​តែ​ជា​ទីប្រឹក្សា ជា​អ្នក​តម្រង់​ផ្លូវ​ឱ្យ​កូន​ពី​តូច​មក ត្រូវ​ឃ្លាត​ឆ្ងាយ​បន្តិច​ម្ដងៗ។ កូន​ចេញ​ទៅ​ក្រៅ​ជួប​មិត្ត​ភ័ក្ដិ​ច្រើន ជួប​ភាព​ហ៊ឺហា សប្បាយ​ក្អាកក្អាយ ឃើញ​របស់​ថ្មីៗ ចង់​សាក​ល្បង រហូត​ពេល​ខ្លះ​កូន​លែង​ចាត់​ទុក​ម៉ែ​ជា​មនុស្ស​ជិត​ស្និទ្ធ​ដូច​មុន ព្រោះ​កូន​យល់​ថា​ម៉ែ​ចាស់​ហើយ មិន​យល់​អ្វី​ដែល​ក្មេង​ចង់​បាន​ឡើយ។

កូន​ចេះ​លាក់​ជាមួយ​ម៉ែ ចេះ​ធុញ​សម្ដី​ម៉ែ ចេះ​ខឹង​នឹង​ម៉ែ ចេះ​គំហក​ស្រែក​តប​ដាក់​ម៉ែ​ជា​ញឹក​ញាប់។​ តែ​កូន​ដឹង​ទេ មិន​ថា​កូន​អាយុ​ច្រើន​ប៉ុណ្ណា ម៉ែ​នៅ​តែ​បារម្ភ​ពី​កូន នៅ​តែ​គិត​ថា​កូន​នៅ​តូច​ក្នុង​ភ្នែក​ម៉ែ​ដដែល។

៥. ពេល​កូន​ត្រូវ​អ្នក​ដទៃ​ធ្វើ​ឱ្យ​ខូច​ចិត្ត

កូន​ធ្លាប់​រអ៊ូ​ថា​ម៉ែ​ពូកែ​និយាយ​ច្រើន ពូកែ​ទើស​ច្រើន បិទ​សិទ្ធិ​សេរីភាព​កូន​មិន​ឱ្យ​ប្រើ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង តែ​កូន​មិន​ដឹង​ទេ​ថា​ម៉ែ​ធ្វើ​នេះ​ក៏​ព្រោះ​តែ​ខ្លាច​កូន​ដើរ​ផ្លូវ​ខុស ខ្លាច​អ្នក​ណា​ម្នាក់​ធ្វើ​បាប​កូន។ ទោះ​កូន​ខ្លះ​ខឹង​នឹង​ម៉ែ​ព្រោះ​តែ​រឿង​អស់​នេះ ទោះ​ពេល​ខ្លះ​ម៉ែ​ធ្វើ​ដូច​ជា​ដាច់​ខាត​ដាក់​កូន ជេរ​ស្ដី​កូន តែ​ពេល​អ្នក​ណា​ម្នាក់​ធ្វើ​ឱ្យ​កូន​ខូច​ចិត្ត ម៉ែ​នេះ​ហើយ​នៅ​តែ​នៅ​ក្បែរ​កូន ចាំ​ជូត​ទឹក​ភ្នែក​កូន ហើយ​ក៏​នឹង​មិន​ជេរ​ស្ដី​កូន​ដូច​មុន​ឡើយ។

ម៉ែ​នៅ​តែ​ចាំ​លើក​ទឹក​ចិត្ត​កូន លួង​លោម​កូន ទោះ​អ្នក​គ្រប់​គ្នា​គេ​បោះ​បង់​កូន ម៉ែ​នៅ​តែ​ទុក​កូន​ដូច​គ្រាប់​ពេជ្រ មិន​ទុក​កូន​ចោល​ឡើយ៕

ប្រភព៖ LineToday ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម