ស្រីៗកុំវិនិយោគជាមួយរឿង ២ យ៉ាងនេះខ្លាំងពេក ព្រោះមានតែខាតប៉ុណ្ណោះ

  • 2019-08-26 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ធ្លាប់​ជួប​រឿង​ខូច​ចិត្ត​ដែរ​ តែ​ភាគ​ច្រើន​មាន​តែ​ស្រី​​ៗ​ទេ​ដែល​ជួប​រឿង​អន់​ចិត្ត​ ខក​បំណង​ និង​ត្រូវ​ មិត្ត​ភក្តិ ឬ​សង្សារ​ក្បត់​ចិត្ត​ច្រើន​ជាង​ប្រុស​ៗ​។​ បើ​ចង់​ធ្វើ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​រីក​ចំរើន​ មិន​សូវ​ជួប​រឿង​ខក​ចិត្ត​ ដាច់​ខាត​ហាម​ផ្តេក​ផ្តួល និង​ចំណាយ​ពេល​ឥត​ប្រយោជន៍​ជា​មួយ​រឿង​ ២ ​យ៉ាង​នេះ​ច្រើន​ពេក​អី​។​

១. មិត្ត​ភក្តិ​

បើ​សិន​ជា​ពេល​រៀន​នៅ​វិទ្យា​ល័យ​​រឿង​មិត្ត​ភក្តិ​មិន​សូវ​ជា​មាន​អី​ប៉ុន្មាន​ទេ​។​ តែ​ភាគ​ច្រើន​ឃើញ​ថា​ពេល​ប្រលង​ចប់​ថ្នាក់​វិទ្យា​ល័យ​ហើយ​ ម្នាក់​ៗ​នឹង​មាន​ការ​រសាត់​ឆ្ងាយ​ពី​គ្នា​មិន​ខាន​។​ និយាយ​ឲ្យ​ស្រួល​ស្តាប់​បើ​សិន​ជា​អ្នក​ខេត្ត​ហើយ​ឡើង​មក​រៀន​នៅ​ទី​ក្រុង​ទៀត​នោះ​ មិន​យូរ​ទេ​ ទោះ​បី​អ្នក​ធ្លាប់​ទុក​ចិត្ត​ ឬ​ស្រលាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា​ មិត្ត​ភាព​មួយ​នេះ​នឹង​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ​។​ បើ​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន​វិញ​ ម្នាក់​ៗ​អាច​នឹង​ជួប​មនុស្ស​ថ្មី​ រីក​រាយ​នឹង​អ្វី​ដែល​ថ្មី​ ឈ្លក់​វង្វេង​នឹង​សម្ភារៈ​និយម​ ​ឬ​ក៏​អាច​និយាយ​ថា​មិត្ត​ចាស់​អស់​ប្រយោជន៍​សម្រាប់​គេ​ទៀត​ក៏​ថា​បាន​ ហើយ​គេ​ក៏​មិន​ត្រេក​អរ​នឹង​វត្តមាន​របស់​មិត្ត​ចាស់​ទៀត​ឡើយ តែ​បើ​មើល​ក្នុង​ផ្លូវ​វិជ្ជ​មាន​វិញ​ ម្នាក់​ៗ​អាច​នឹង​រវល់​ខ្លាំង​ក្នុង​ជំនាញ​ដែល​ខ្លួន​កំពុង​រៀន​ អ្នក​ខ្លះ​អាច​នឹង​មាន​ការងារ​ធ្វើ​ ទើប​គ្មាន​ពេល​ ឬមនោសញ្ចេតនា​ឲ្យ​មិត្ត​ចាស់​ៗ​ដូច​កាល​ពី​លើក​មុន​ទៀត​នោះ​ទេ​។​ ទោះ​បី​ជា​មើល​ក្នុង​ផ្លូវ​មួយ​ណា​​ក៏​ដោយ​ យក​ល្អ​មិន​ចាំ​បាច់​ទៅ​ចំណាយ​ពេល​អង្គុយ​អន់ចិត្ត​ ខក​បំណង​នឹង​រឿង​មិត្តភក្តិ​នេះទេ​ ត្រូវ​ចាំ​ថា​ចិត្ត​មនុស្ស​អាច​ផ្លាស់​ប្តូរ​បាន​គ្រប់​វិនាទី ហើយ​រេ​ដូច​ចុង​ស្រល់​អ៊ីចឹង​ ក្នុង​មួយ​ជីវិត​មាន​តែ​មិត្ត​ល្អ​ម្នាក់​នៅ​ក្បែរ​ខ្លួន​ក៏​គ្រប់​គ្រាន់​ហើយ​ អ្នក​ផ្សេង​គ្រាន់​តែ​រាប់​អាន​ធម្មតា​ៗ​ទៅ​ មិន​ចាំ​បាច់​ទៅ​ផ្តេក​ផ្តួល​ជា​មួយ​អី​ច្រើន​ពេក​ទេ​។​ ​ ​

២. ស្នេហា

ធ្លាប់​ឮ​អត់​ថា​មនុស្ស​មិន​អាច​រស់​ខ្វះ​ស្នេហា​បាន​?​ ទោះ​បី​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​ស្នេហា​មែន​ តែ​ដាច់​ខាត​កុំ​ឲ្យ​វា​មក​បំផ្លាញ​អ្នក​អី​។​ មនុស្ស​ប្រុស​​ម្នាក់​មក​ពី​ណា​ក៏​មិន​ដឹង​ មិន​មែន​ជា​បងប្អូន​ សាច់​ឈាម​ជិត​ឆ្ងាយ​ក៏​មិន​មែន​ តែ​ហេតុ​អី​ត្រូវ​ស្រលាញ់​គេ​ខ្លាំង​ជាង​ខ្លួន​ឯង​ ហេតុ​អី​ត្រូវ​ប្រគល់​គ្រប់​យ៉ាង​ឲ្យ​គេ​ បង្ហូរ​ទឹក​ភ្នែក​ ហើយ​បង្អត់​បាយ​ធ្វើ​បាប​ខ្លួន​ឯង​ដោយ​សារ​គេ?​ មិន​ខ្វះ​ទេ​មនុស្ស​ល្អ​ គ្រាន់​តែ​អ្នក​មិន​ទាន់​បាន​ជួប​តែ​ប៉ុណ្ណោះ​ ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ឯករាជ្យ​ មិន​រស់​ពឹង​អ្នក​ណា​ មិន​យក​ស្នេហា​ជា​ធំ​ ពេល​នោះ​ហើយ​អ្នក​នឹង​ជួប​រឿង​ខក​ចិត្ត​តិច​បំផុត​ក្នុង​​ជីវិត​ ហើយ​ក៏​ជា​ពេល​ដែល​អ្នក​នឹង​លែង​ក្លាយ​ជា​ជម្រើស​អ្នក​ណា​ តែ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ជ្រើស​រើស​​វិញ​ម្តង​។​

ដូច​នេះ​ កុំ​រស់​នៅ​ដោយ​ផ្តេក​ផ្តួល​លើ​អ្វី​មួយ​ពេក​ឲ្យ​សោះ​ មិន​ថា​មិត្ត​ភក្តិ ឬ​ស្នេហា​ បើ​អ្នក​វិនិយោគ​លើ​វា​កាន់​តែ​ច្រើន​អ្នក​នឹង​បាន​តែ​ខាតតែ​ប៉ុណ្ណោះ​។​ ទីបំផុត​មាន​តែ​អ្នក​ខ្លួន​ឯង​ទេ​ ដែល​ស្រលាញ់​អ្នក​បំផុត​ និង​តែង​តែ​នៅ​ក្បែរ​អ្នក​គ្រប់​ពេល​៕

ចុចអាន៖ ​​១០​​យ៉ាង​​ បញ្ជាក់​​​ថា​អ្នក​​​ជា​​​មនុស្ស​​ស្រី​​​​​​​​​​​មាន​​​សមត្ថភាព​​​​​​​​​​និង​​​លេច​​ធ្លោ​​​​​​​ជាង​​​​​​​​​គេ

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម