ចង់​ប្រាប់​អារម្មណ៍​ពិត​របស់​ Sis ម្នាក់​នេះ ទៅ​កាន់​ Bro ម្នាក់​នោះ

  • 2019-08-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​ពាក្យ​ថា Bro និង Sis សម្រាប់​អ្នក​ផ្សេង​​ក្នុង​សម័យ​នេះ​ជា​ពាក្យ​មួយ​ដ៏​ផ្អែម​ល្ហែម និង ពិសេស​បំផុត​ ប៉ុន្តែ​វា​សម្រាប់​ខ្ញុំ​គឺ​ជា​ពាក្យ​ដ៏​ពិបាក​ និង​ តឹង​តែងបំផុត។

ខ្ញុំ​បាន​​ស្គាល់​មនុស្ស​ប្រុស​ម្នាក់​ដោយសារ​ពួក​យើង​ស្គាល់​គ្នា​នៅ​កន្លែង​ធ្វើ​ការ​ឯក​ជន​មួយ ហើយ​គាត់​ជា​មនុស្ស​​ដំបូង​បំផុត​ដែល​និយាយ​ជាមួយ​ខ្ញុំ បន្ទាប់​មក​ពួក​យើង​តែង​តែ​ Chat ជាមួយ​គ្នា​ ហើយ​ខ្ញុំ​តែង​ហៅ​គាត់​ Bro​ ហើយ​គាត់ ហៅ​ខ្ញុំ​ថា Sis ហើយ​គាត់​ក៏​បាន​ណាត់​ខ្ញុំ​ទៅ​ញ៉ាំ​អី​ ឬ ក៏​ទៅ​ដើរ​លេង​នៅ​ខាង​ក្រៅ។ មុន​ដំបូង​ខ្ញុំ​មិន​ហ៊ាន​ទៅ​ជាមួយ​គាត់​នោះ​ទេ ហើយ​តែង​តែ​ព្យាយាម​រក​លេស​ថា​រវល់​នេះ​រវល់​នោះ រហូត​ដល់​គាត់​បបួល​ខ្ញុំ​ច្រើន​ដង​ពេក​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​ញ៉ាំ​អី​ជាមួយ​គាត់។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​គាត់​មាន​ចិត្ត​មក​លើ​ខ្ញុំ តែ​ខ្ញុំ​ព្យាយាម​ធ្វើ​មិន​ដឹង ហើយ​និយាយ​ប្រាប់​គាត់​ថា​ខ្ញុំ​ទុក​គាត់​ដូច​ជា បងប្រុស​ខ្ញុំ​អីចឹង។ គាត់​ក៏​មិន​ដែល​និយាយ​អី​ច្រើន​នោះ​ដែរ​ តែ​អ្វី​ដែល​គាត់​ធ្វើ​មក​គឺ​មាន​ន័យ​បែប​នោះ​មែន។

រហូត​ដល់​ថ្ងៃ​មួយ​បន្ទាប់​ពី​គាត់​បបួល​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ ពួក​យើង​បាន​ទៅ​ញ៉ាំ​អី ហើយ​ទៅ​លេង​កន្លែង​ជា​ច្រើន​ទៀត អស់​កន្លះ​ថ្ងៃ តែ​ខ្ញុំ​មិន​បាន​គិត​អី​ គ្រាន់​តែ​ដឹង​ថា​សប្បាយ​ចិត្ត​ធម្មតា​ដូច​ពេល​ដែល​នៅ​ជាមួយ​មិត្ត​ដ៏​ស្និទ្ធស្នាល​ម្នាក់ និងបង​ប្រុស​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ

គាត់​ក៏​បាន​សារភាព​ ហើយ​ សុំ​ខ្ញុំ​ធ្វើ​សង្សារ​របស់​គាត់​ តែ​ខ្ញុំ​បាន​បដិសេធន៍​ ព្រោះ​ខ្ញុំ​គ្មាន​អារម្មណ៍​បែប​នោះ​ឡើយ។ ខ្ញុំ​ដឹង​ថា​ពេល​ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង​ពួក​យើង​ប្រាកដ​ជា​ពិបាក​មើល​មុខ​គ្នា​ហើយ តែ​ខ្ញុំ​គ្មាន​ជម្រើស​នោះ​ទេ។

តាំង​ពី​ថ្ងៃ​នោះ​មក​ពួក​យើង​ក៏​រាង​ឆ្ងាយ​គ្នា​ ហើយ​ក៏​មិន​សូវ​និយាយ​ជាមួយ​គ្នា​ដូច​មុន​ដែរ តែ​ខ្ញុំ​ពិត​ជា​មិន​ចូលចិត្ត​ស្ថានភាព​បែប​នេះ​ទេ ព្រោះ​វា​តឹង​តែង​ណាស់​ចំពោះ​ខ្ញុំ។ ខ្ញុំ​ព្យាយាម​និយាយ​ធម្មតា​ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើង​វិញ​រហូត​ដល់​គាត់​និយាយ​ធម្មតា​ជាមួយ​ខ្ញុំ​វិញ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ពួក​យើង​អាច​រាប់អាន​គ្នា​ដូច​បង​ប្អូន​រហូត​ដែរ។

អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ការ​ព្យាយាម​របស់​គាត់​មក​លើ​ខ្ញុំ គឺ​គាត់​នៅ​តែ​មិន​បោះបង់​ការ​ស្រឡាញ់​នោះ​ចោល​ហើយ​ព្យាយាម​យក​ចិត្ត​ខ្ញុំ និង នៅ​ក្បែរ​ខ្ញុំ​រហូត​ពេល​ខ្លះ​គាត់​បាន​ចាប់​ដៃ​ខ្ញុំ កាន់​ដៃ​ខ្ញុំ​ ដល់​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​បន្ត​ទៀត។ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​គាត់​ ហើយ​ក៏​ស្រឡាញ់​ដែរ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា​វា​ជា​អារម្មណ៍​បង​ប្អូន​ មិន​មែន​ជា​ស្នេហា​ប្រុស​ និង ស្រី​នោះ​ទេ។

ខ្ញុំ​គ្មាន​អ្នក​ណា​នៅ​ក្នុង​ចិត្ត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​យក​អារម្មណ៍​ផ្សេង​មក​ លាយ​ឡំ​នឹង​ស្នេហា​ឡើយ​ ដូច្នេះ​ទើប​ខ្ញុំ​នៅ​តែ​មិន​អាច​ទទួល​យក​គាត់​បាន ព្រោះ​ខ្ញុំ​ខ្លាច ខ្លាច​ខ្ញុំ​ធ្វើ​បាប​គាត់ ខ្លាច​ខ្ញុំ​មិន​អាច​ស្រឡាញ់​គាត់ ខ្លាច​ខ្ញុំ​ធ្វើ​ឲ្យ​មនុស្ស​ល្អ​ម្នាក់​ត្រូវ​ឈឺចាប់​ដោយសារ​ខ្ញុំ។

មិន​មែន​ខ្ញុំ​មិន​ឈឺចាប់​ មិន​ពិបាក​ចិត្ត​នោះ​ទេ ប្រហែល​ពេល​ខ្លះ​ខ្ញុំ​ពិបាក​ជាង​គាត់​ទៅ​ទៀត​គ្រាន់​តែ​គ្មាន​អ្នក​ណា​ដឹង ព្រោះ​មាន​តែ​អ្នក​ដែល​ធ្លាប់​នៅ​ក្នុង​សភាព​បែប​នេះ​ទេ​ទើប​ដឹង​ថា​អារម្មណ៍​ពេល​នេះ​វា​លំបាក​យ៉ាង​ណា។

ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ពី​អារម្មណ៍​ខ្ញុំ​ទៅ​កាន់​គាត់ ហើយ ចង់​ប្រាប់​ថា​ទោះ​មាន​រឿង​អី​ក៏​ខ្ញុំ​មិន​គិត​ថា​ចង់​បោះបង់​ទំនាក់​ទំនង​ជា​បង​ប្អូន​របស់​ពួក​យើង​ដែរ​ ដូច្នេះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គាត់​យល់​ពី​ខ្ញុំ​ហើយ​កុំ​ដោយសារ​ស្នេហា​ផ្ដាច់​ទំនាក់ទំនង​ដ៏​ល្អ​របស់​យើង។ គាត់​នៅ​ទេ​ជា Bro ដ៏​ល្អ​ម្នាក់​សម្រាប់​ខ្ញុំ ហើយ ខ្ញុំ​ក៏​ចង់​ក្លាយ​ជា Sis ម្នាក់​ដែល​គាត់​ស្រឡាញ់​ជាង​គេ​ដែរ៕

ពី​៖ Sis​​ ម្នាក់

ចុចអាន៖ ​ ៨ ចំណុចដែលមនុស្សប្រុសចាប់អារម្មណ៍លើរាងកាយនារី

អត្ថបទ៖ ផេង ផលធិតា