កូនពិតជាក្មេងឆ្លាត បើឪពុកម្តាយសង្កេតឃើញសញ្ញា ៧ យ៉ាងនេះ មុនពួកគេចូលដល់អាយុ ៥ឆ្នាំ
- 2019-08-14 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនពិតជាក្មេងឆ្លាត បើឪពុកម្តាយសង្កេតឃើញសញ្ញា ៧ យ៉ាងនេះ មុនពួកគេចូលដល់អាយុ ៥ឆ្នាំ
គ្មានឪពុកម្តាយណាមិនចង់បានកូនឆ្លាតនោះទេ ប៉ុន្តែគ្រាន់តែពេលខ្លះ ភ្លេចចាប់អារម្មណ៍សង្កេតមើល សញ្ញាមួយចំនួន ដែលបង្ហាញថាកូនៗ មានប្រាជ្ញាអំណោយផលតាំងពីកំណើត ជាហេតុធ្វើឲ្យអ្នកមិនបានជួយជ្រោមជ្រែងអភិវឌ្ឍសមត្ថភាពរបស់ពួកគេឲ្យបានពេញលេញ។
ខាងក្រោមនេះ គឺជាសញ្ញាបញ្ជាក់ថា កូនរបស់អ្នកពិតជាក្មេងឆ្លាត ហើយឪពុកម្តាយអាចមើលដឹងមុន ចាប់តាំងពីពេលពួកគេមិនទាន់ចូលដល់អាយុ៥ឆ្នាំមកម្ល៉េះ។
១. មានការវិវត្តលឿនជាងក្មេងដទៃ
ការវិវត្តរបស់ក្មេងរួមមាន រូបរាងកាយ ការយល់ដឹង និងអារម្មណ៍ ជាចំណុចដែលអ្នកគួរយកចិត្តទុកដាក់។ ប្រសិនបើសង្កេតឃើញថា កូនអាចឈានដល់ចំណុចទាំងនោះ លឿនជាងក្មេងដទៃ ដែលមានអាយុដំណាលៗគ្នា វាគឺជាសញ្ញាមួយរបស់ក្មេងឆ្លាត។ ឧទាហរណ៍ថា កូនទើបតែបាន ៣ខែ ប៉ុន្តែអាចងើបឈរដោយខ្លួនឯង ឬទើបតែអាយុ ១០ខែ ប៉ុន្តែអាចនិយាយបានច្រើនហើយច្បាស់ៗទៀត។
អ្វីដែលឪពុកម្តាយគួរធ្វើ៖ អានសៀវភៅ និងនិយាយជាមួយកូនឲ្យបានច្រើន ដើម្បីជួយអភិវឌ្ឍជំនាញទំនាក់ទំនងដល់ពួកគេ។ ព្យាយាមបង្ហាញ និងលើកទឹកចិត្ត នូវអ្វីដែលកូនអាចធ្វើបាន។
២. ពូកែផ្តោតអារម្មណ៍
ប្រសិនបើកូនរបស់អ្នកចូលចិត្តផ្តោតអារម្មណ៍យូរទៅលើរបស់អ្វីមួយ ជាពិសេសតាំងពីមិនទាន់ចូលដល់អាយុ ៦ខែ វាក៏ជាសញ្ញាមួយរបស់ក្មេងឆ្លាតផងដែរ។ ឧទាហរណ៍៖ អ្នកមើលឃើញថា ក្មេងដែលមានអាយុ ៥ខែ ពូកែសម្លឹងរបស់អ្វីមួយយ៉ាងយូរ ឬអាចលេងប្រដាប់ប្រដាផ្សេងៗដូចជារូបផ្គុំដោយយកចិត្តទុកដាក់។ ពួកគេក៏អាចអង្គុយស្ងៀម នៅពេលអ្នកអានសៀវភៅឲ្យស្តាប់ ចង្អុលរូបភាពដែលគេស្រលាញ់ និងអាចបើកទំព័រសៀវភៅបានដោយខ្លួនឯង។
អ្វីដែលឪពុកម្តាយគួរធ្វើ៖ ទិញរបស់លេងឲ្យកូនដូចជា រូបផ្គុំ តម្រៀប...។ ចាប់ផ្តើមផ្លាស់ប្ដូររូបផ្គុំណា ដែលកាន់តែពិបាកជាងមុនបន្តិចម្តងៗ ដើម្បីបង្កើនប្រាជ្ញា។ កុំភ្លេចបន្តអានសៀវភៅរឿងនិទានល្អៗឲ្យពួកគេស្តាប់ផង។
៣. ចូលចិត្តដោះស្រាយបញ្ហា
សញ្ញាមួយផ្សេងទៀត ដែលបញ្ជាក់ថាកូនរបស់អ្នកជាក្មេងឆ្លាត គឺត្រូវមើលលើជំនាញដោះស្រាយបញ្ហារបស់ពួកគេ។ ឧទាហរណ៍៖ អ្នកយករបស់លេង ដែលគេចូលចិត្ត ទៅលាក់ក្នុងទូ ហើយគេបានស្ទុះស្ទា អាចរកឃើញនិងយកវាចេញមកក្រៅវិញបាន។ មួយវិញទៀត ពួកគេអាចតម្រៀបប្រអប់ ឬរបស់ផ្សេងៗឲ្យខ្ពស់ស្មើស្អាត ដោយមិនធ្លាក់មកវិញងាយៗ...។ ក្មេងទាំងអស់សុទ្ធតែមានជំនាញបែបនេះរៀងៗខ្លួន គ្រាន់តែក្មេងដែលឆ្លាត អាចបង្ហាញចេញមកលឿនជាងក្មេងដទៃទៀត។
អ្វីដែលឪពុកម្តាយគួរធ្វើ៖ បង្កើតគំនិតថ្មីៗ ដើម្បីធ្វើឲ្យកូន ប្រើខួរក្បាលដើម្បីដោះស្រាយបញ្ហា ដូចជាសាកល្បងឲ្យពួកគេស្វែងរករបស់ផ្សេងៗជាដើម។
៤. ចូលចិត្តភាពឯករាជ្យ និងលេងតែឯង
ជាទូទៅ ក្មេងៗតែងតែចូលចិត្តលេង និងសប្បាយរីករាយ នៅពេលមានមនុស្សច្រើន។ យ៉ាងណាមិញ ក្មេងដែលឆ្លាតតែងចង់នៅតែឯងៗច្រើនជាង។ ឪពុកម្តាយក៏មិនគួរមើលរំលងដែរត្រង់ចំណុចនេះ។
អ្វីដែលឪពុកម្តាយគួរធ្វើ៖ មិនត្រូវបង្ខំកូនឲ្យលេងជាមួយអ្នក ប្រសិនបើពួកគេមិនចង់ ប៉ុន្តែត្រូវលើកទឹកចិត្តកូន ឲ្យចេះលេងជាមួយក្មេងដទៃខ្លះ ដើម្បីឲ្យមានការអភិវឌ្ឍផ្នែកទំនាក់ទំនងសង្គម។
៥. ពូកែឆ្ងល់គ្រប់បែបយ៉ាង
វាជារឿងធម្មតា ព្រោះកូនដែលនៅក្មេងខ្ចីតែងតែចេះឆ្ងល់ ប៉ុន្តែក្មេងដែលឆ្លាតខ្លាំង គឺពូកែឆ្ងល់ចង់ដឹងគ្រប់បែបយ៉ាង។ ពេលខ្លះ ពួកគេសួរសំណួរជាច្រើន ដែលអ្នកសឹងមិនអាចឆ្លើយចេញ។
អ្វីដែលឪពុកម្តាយគួរធ្វើ៖ សួរច្រើនពេល ជួនកាលអាចធ្វើឲ្យអ្នកធុញ។ ទោះជាបែបនេះក្តី ក្នុងនាមជាឪពុកម្តាយ ត្រូវតែព្យាយាមផ្តល់ចម្លើយត្រឹមត្រូវដល់ពួកគេ។ ស្របពេលជាមួយគ្នានេះដែរ គួរឲ្យកូនចេះស្វែងរកចម្លើយ ដោយការអាន និងរៀនសូត្រពីមជ្ឈដ្ឋានខាងក្រៅ ដោយខ្លួនឯង។
៦. មានទម្ងន់ធ្ងន់នៅពេលកើតចេញមក
ស្តាប់ទៅដូចជាចម្លែក ប៉ុន្តែនេះជាការពិត។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ទម្ងន់ កម្ពស់ និងភាពវ័យឆ្លាតរបស់ទារក មានទំនាក់ទំនងផ្សារភ្ជាប់គ្នាតាំងពីកំណើត។ ក្មេងដែលកើតមកមានទម្ងន់ធ្ងន់ និងប្រវែងវែង ពិតជាមានកម្រិត IQ ខ្ពស់។ ដើម្បីជួយជំរុញ ឲ្យខួរក្បាលរបស់កូន មានការអភិវឌ្ឍកាន់តែប្រសើរ ឪពុកម្តាយត្រូវបន្ថែមអាហារល្អៗសម្រាប់ពួកគេដូចជា ផ្លែបឺរ និងសាច់ត្រីជាដើម។
អ្វីដែលឪពុកម្តាយគួរធ្វើ៖ អ្នកម្តាយត្រូវទៅពិនិត្យតាមដានទម្ងន់ និងសុខភាពគភ៌ឲ្យបានទៀងទាត់ រួមទាំងការជ្រើសរើសរបបអាហារត្រឹមត្រូវ តាំងពីពេលពរពោះដំបូង។
៧. រហ័សរហួន និងឆាប់បញ្ចេញប្រតិកម្ម
ក្មេងឆ្លាតវាងវៃ គឺឆាប់បញ្ចេញប្រតិកម្ម មានសកម្មភាពរហ័សរហួន ចេះស្រលាញ់សមាជិកក្នុងគ្រួសារ ថែមទាំងអាចដឹងនូវភាពខុសប្លែក ពីមជ្ឈដ្ឋានជុំវិញខ្លួន។ នៅកន្លែងដែលមានមនុស្សរញ៉េរញ៉ៃច្រើន ពួកគេអាចមើលឃើញ ញញឹម ឬលើកដៃរកអ្នក លឿនជាងប៉ាម៉ាក់ទៅទៀត។
អ្វីដែលឪពុកម្តាយគួរធ្វើ៖ ក្មេងប្រភេទនេះ គឺឆាប់ងងុយគេងណាស់ ដោយសារតែបរិយាកាសខាងក្រៅ។ ហេតុនេះហើយ អ្នកអាចដាក់គេឲ្យគេង នៅកន្លែងស្ងៀមស្ងាត់ ងងឹត និងកក់ក្តៅ។ ព្យាយាមឲ្យកូនចូលគេងទៀងម៉ោង ដើម្បីជួយឲ្យការគេងបានលង់លក់ស្កប់ស្កល់ល្អ៕
ចុចអានបន្ត៖ រូបភាពកម្រ ១០ សន្លឹក បង្ហាញពីទិដ្ឋភាពប្លែកៗរបស់ទារកពេលកើតចេញមក