គំនិតសេដ្ឋី៖ ម៉ោង ៥:៥៧ ព្រឹក ជាពេលវេលាមាសពេជ្រ អាចនាំអ្នកទៅកាន់ភាពជោគជ័យ

  • 2019-08-13 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជោគជ័យ​ជា​ច្រើន​ នៅ​លើ​សកលលោក បាន​កំណត់​នាឡិកា​រោទ៍​ នៅ​ម៉ោង ៥:៥៧ ដើម្បី​ភ្ញាក់​ឡើង​​ជា​រៀង​រាល់​​ព្រឹក​។ នេះ​ជា​វិធី​មួយ ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ។ ការ​ងើប​ពេល​ព្រឹក​ព្រលឹម អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្រឡះ​​ស្រស់​ស្រាយ រាងកាយ​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ល្អ​ តាំង​ពី​ពេល​ចាប់​ផ្តើម​ថ្ងៃ​ថ្មី នោះ​​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ ក៏​រលូន​ទៅ​មុខ​តាម​ហ្នឹង​ដែរ។

អ្នក​ត្រូវ​ធ្វើ​រឿង​ជា​ច្រើន​នៅ​ពេល​ព្រឹក

សម្រាប់​អ្នក​ចូល​ធ្វើ​ការ​ នៅ​ចន្លោះ​ម៉ោង​ចាប់​ពី ៨-៩ ព្រឹក ពួក​គេ​តែង​តែ​ចំណាយ​​​ពេល​យ៉ាង​ហោច​ណាស់​អស់​ ២ម៉ោង ដើម្បី​ធ្វើ​រឿង​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ បើ​និយាយ​ពី​និចលភាព​នៃ​ការ​ដេក ជា​ធម្មតា អ្នក​ត្រូវ​ប្រើ​ពេល​ ២ម៉ោង ទម្រាំ​អាច​​ស្វាង​ឡើង បាត់​ងងុយ​។ ហេតុ​នេះ​ហើយ ទោះ​បី​ជា​អ្នក​ខំ​ទៅ​ងូត​ទឹក ឬ​ផឹក​កាហ្វេ ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ល្វើយ មិន​ស្រឡះ​ក្នុង​ខ្លួន។ ដើម្បី​ឲ្យ​ថ្ងៃ​ថ្មី​ពោរពេញ​ដោយ​ប្រសិទ្ធភាព ត្រូវ​ដាក់​​នាឡិកា​រោទ៍​នៅ​ម៉ោង ៥:៥៧ ព្រឹក។

​​​​​​អាច​លើក​ជា​ឧទាហរណ៍​​​ល្អ គួរ​យក​​គំរូ​តាម ដូច​ជា​មហាសេដ្ឋី មាន​លុយ​ច្រើន​ជាង​បង្អស់​នៅ​ហុង​កុង លោក Li Ka-shing បាន​និយាយ​​​ក្នុង​កម្មវិធី​សម្ភាសន៍​របស់​ទូរទស្សន៍​មួយ ថា "អស់​រយៈ​ពេល​​ជា​ច្រើន​ទសវត្ស​មក​ហើយ ទោះបីបាន​​ចូល​គេង​លឿន​ឬ​​​​​យឺតក្តី លោក​តែង​តែ​ភ្ញាក់​ ទៀង​ពេល​គឺ​នៅ​ម៉ោង ៥:៥៧ ព្រឹក​ និង​បាន​យល់​ច្បាស់​ពី​តម្លៃ​របស់​វា។

លោក Li Ka-shing

ចំណែក​ឯ​ CEO នៅ​ក្រុម​ហ៊ុន​ជ្រើស​រើស​បុគ្គលិក​មួយ ក៏​បាន​បង្ហើប​ពី​អាថ៌កំបាំង​ ក្នុងនាម​ជាអ្នក​​ដឹក​នាំ​ជោគជ័យ​មួយ​រូប។ លោក​បាន​បញ្ជាក់​ថា ដើម្បី​គ្រប់​គ្រង​និង​​ប្រើ​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធភាព គាត់​តែង​តែ​ភ្ញាក់​ឡើង នៅ​ម៉ោង​៥:៥៧ ព្រឹក និង​បាន​ធ្វើ​​ការ​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់​កូន​ចៅ​ក្រោម​បង្គាប់​​ចំនួន​២០​នាក់ ឲ្យ​ចប់​រួច​រាល់​ជាមុន​សិន​។ ១៥​នាទី​ក្រោយ​​មក បុគ្គលិក​ក៏​បាន​តប​មក​វិញ​យ៉ាង​រហ័ស​ទាន់​ចិត្ត។ ភាព​ម៉ឺងម៉ាត់​និង​​ការ​ចេះ​ឲ្យ​តម្លៃ​ពេលវេលា​​ ធ្វើ​ឲ្យ​បុគ្គលិក​គោរព​យក​​គំរូ​តាម​ ហើយ​វា​ក៏​​ជា​ផ្នែក​​មួយ​ដែល​ជួយ​ឲ្យ​ការងារ​ទទួល​បាន​ជោគ​ជ័យ​​ផង​ដែរ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ទៀត​ថា មនុស្ស​ដែល​មាន​ទម្លាប់​ភ្ញាក់​យឺត ភាគ​ច្រើន​ធ្វើ​ការ​ងារ​មិន​បាន​ចប់​សព្វគ្រប់​ល្អ ហើយ​ក៏​ចាប់​ផ្តើម​​ពន្យារ​រហូត​ដល់​យប់ ប៉ុន្តែ​មនុស្ស​ដែល​ភ្ញាក់​រហ័ស តែង​តែ​ចំណាយ​ពេល​ធ្វើ​រឿង​ចាំ​បាច់​ឲ្យ​អស់​ ដោយ​មិន​ទុក​ចោល​នាំ​រញ៉េរញ៉ៃ។

ពេល​ព្រឹក ជា​ពេល​វេលា​មាស​ពេជ្រ ដែល​អ្នក​​អាច​ហ្វឹក​ហាត់ អភិវឌ្ឍ​ខ្លួន​ឯង

​វា​ជា​ពេល​​វេលា​ ស្ងៀម​ស្ងាត់ ​ពុំ​សូវ​មាន​សំឡេង​រំខាន ល្អ​ឥត​ខ្ចោះ សម្រាប់​ឲ្យ​អ្នក​ហ្វឹក​ហាត់ អភិវឌ្ឍ​ខ្លួន​ឯង។

លោក Paul Polman ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Unilever ជីវិត​របស់​គាត់​ពិត​ជា​រវល់​ខ្លាំង​ណាស់ ប៉ុន្តែ​លោក​​នៅ​តែ​ ក្រោក​នៅ​ម៉ោង​ ៦ព្រឹក ដើម្បី​រត់​​នៅ​បរិវេណ​ការិយាល័យ​ធ្វើ​ការ​។ វា​ក៏​ជា​ពេល​មួយ ដែល​​នាយក​​ក្រុមហ៊ុន​រូប​នេះ ប្រើ​សម្រាប់​គិត​ពី​កិច្ចការ​ណា​ដែល​បាន​ធ្វើ​រួច និង​រឿង​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​បន្ទាប់ ដូច​ជា​ដៃគូ​សហការ​ជាដើម​។

លោក Paul Polman

លោក​ Bob Iger ដែល​​នាយក​ប្រតិបត្តិ​របស់​ Disney បាន​ប្រាប់​ទៅ​កាន់​ New York Times ថា "ខ្ញុំ​ភ្ញាក់​ឡើង​នៅ​ម៉ោង៤ ​ជា​រៀង​រាល់​ព្រឹក បន្ទាប់​មក​ខ្ញុំ​ អាន​កាសែត ហាត់​ប្រាណ ស្តាប់​ចម្រៀង ឆែក​មើល​អ៊ីមែល មើល​ទូរទស្សន៍​រួម​ទាំង​ឆ្លៀតពេលធ្វើកិច្ចការ​ជា​ច្រើន​ទៀត។"

លោក​ Bob Iger

សរុប​មក​ការ​ក្រោក​ពី​ព្រលឹម ពិត​ជា​ល្អ​ទាំង​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ដូច្នេះ​ហើយ អ្នក​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​គេង​ស្ពឹក​ទ្រមក់ ទៅ​ជា​ការ​ងើប​​រហ័សរហួន​ដើម្បី​ធ្វើ​រឿង​​មាន​ប្រយោជន៍​ផ្សេងៗ​។ ដំបូង​អាច​ពិបាក​បន្តិចមែន ប៉ុន្តែ​ដើម្បី​បាន​ទៅ​ដល់​ចំណុច​នោះ អ្នក​ត្រូវ​ចាប់​ផ្តើម​ចូល​គេង​និង​ក្រោក​ មុន​១៥​នាទី​ ខុស​ពី​សព្វ​ដង យូរ​ៗ​ទៅ​អ្នក​នឹង​​ស៊ាំ ហើយ​អាច​ក្រោក​លឿន​ជាង​មុន​ជាក់​ជា​មិន​ខាន។ អ្នក​ប្រាកដ​ជា​​មាន​ឱកាស​ជោគជ័យ​ច្រើន ដរាប​ណា​អ្នក​ចូល​ចិត្ត​តាម​ដាន អនុវត្ត​តាម​បុគ្គល​ជោគជ័យ​ល្អ​ៗ​៕​​

ចុចអានបន្ត៖ ៩ ជំហាននាំអ្នកឲ្យស្គាល់ "ក្តីសុខ" ច្រើន​ជាង​ទុក្ខ

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម