សញ្ញា ៥ យ៉ាង​​​​​បញ្ជាក់​​ថា​កូន​របស់​អ្នក​​កំពុង​ត្រូវការ​វិន័យ ដើម្បី​អប់រំ​អត្តចរិត

  • 2019-08-09 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​ក្ដី​ស្រឡាញ់​ដ៏​លើសលប់​ចំពោះ​កូន​ ឪពុក​ម្ដាយ​​មួយ​ចំនួន​​​ទម្រើស និង​តាម​ចិត្ត​​កូន រហូត​មើល​លែង​ឃើញ​​​​​​ចំណុច​ខ្វះខាត​​របស់​ពួកគេ។ ដូច្នេះ​ប្រសិន​​អ្នក​មិន​ចង់​ឲ្យ​អ្វីៗ​យឺត​ពេល​នោះ​ទេ អ្នក​ត្រូវ​បន្ថែម​វិន័យ​អប់រំ​អត្តចរិត​​​​​ពួកគេ​ជា​ថ្មី បើ​​អ្នក​សង្កេត​ឃើញ​​​សញ្ញា​​គ្រោះថ្នាក់​ទាំង ៥ យ៉ាង​ខាង​ក្រោម​នេះ៖

១.ទាមទារ

បញ្ហា​នេះ​​ភាគច្រើន​កើតឡើង​​ចំពោះ​កូន​ៗ ដែល​​​​ទទួល​បាន​ក្ដី​ស្រឡាញ់​ខ្លាំង​ពី​ឪពុក​ម្ដាយ។ មិន​​ថា​ពួកគេ​ចង់​បាន​អ្វី អ្នក​តែងតែ​ផ្ដល់​ឲ្យ​ពួកគេ​​​ជានិច្ច យូរ​ៗ​ទៅ​ពួកគេ​លែង​​យល់​ពី​ការ​ដឹងគុណ​ ត្រេកអរ​ ឬ​ស្កប់ស្កល់ ហើយ​​ចាប់ផ្ដើម​រំពឹង ទាមទារ​​គ្រប់​យ៉ាង ដោយ​​​មិន​ខ្វល់​ពី​ហេតុផល​ថា​គួរ ឬ​មិន​គួរ​ឡើយ។

រូបតំណាង

**វិធី​ដោះស្រាយ**៖ អ្នក​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​​​អរគុណ និង​រីករាយ​​ចំពោះ​​អំណោយ​ទាំង​ឡាយ​​ដែល​ពួកគេ​​បាន​ទទួល​​​ពី​​អ្នក ឬ​​មនុស្ស​ជុំវិញ។

២.ខ្វះ​​សេចក្ដី​​អាណិត​អាសូរ និង​ចិត្ត​សប្បុរស

ចំណុច​ពីរ​យ៉ាង​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ការ​រស់នៅ​ក្នុង​សង្គម។ ពួកគេ​មិន​អាច​រស់នៅ​ជាមួយ​អ្នក​អស់​មួយ​ជីវិត​ឡើយ ដូច្នេះ​នេះ​ជា​ទុន​សំខាន់​សម្រាប់​ចម្លង​ពួកគេ​ឲ្យ​រក​ឃើញ​សេចក្ដី​សុខ​ជាមួយ​អ្នក​ដទៃ​​នៅ​ថ្ងៃ​អនាគត។

វិធី​ដោះស្រាយ៖ បង្រៀន​ពួកគេ​ឲ្យ​ចេះ​ដាក់​ទាន​​ចំពោះ​ទុរគត​ជន។ នៅ​ផ្ទះ អ្នក​​​អាច​ពន្យល់​ឲ្យ​ពួកគេ​ចេះ​ជួយ​សម្អាត​បន្ទប់​បង​ប្អូន ឬ​ជួយ​លាង​ចាន​ជំនួស​អ្នក​ជាដើម។

៣.ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ

ប្រសិន​បើ​កូន​របស់​អ្នក​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ខ្លួន​ឯង ហើយ​ព្យាយាម​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ មាន​ន័យ​ថា​​ការ​អប់រំ​របស់​អ្នក​កំពុង​ជួប​បញ្ហា​ធំ​​ហើយ។

វិធី​ដោះស្រាយ៖ កុំ​បង្ខំ​ឲ្យ​ពួកគេ​​ទទួល​ស្គាល់​កំហុស​ខ្លាំង​ពេក។ អ្នក​​​ត្រូវ​បង្រៀន​ឲ្យ​ពួកគេ​ស្គាល់​ពី​​ទំនួល​ខុស​ត្រូវ​ខ្លួន​ឯង​បន្តិច​ម្ដងៗ។ អ្នក​អាច​ដាក់​​ការងារ​​ឲ្យ​ពួកគេ​ធ្វើ រួច​សរសេរ​​នៅ​លើ​ក្រដាស ដើម្បី​រំលឹក​រួច​កុំ​ភ្លេច​អរគុណ​ពួកគេ​ទុក​ជា​មុន។

៤.មិន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​អ្នក​ជុំវិញ

នៅ​ពេល​ដែល​កូន​របស់​អ្នក​មិន​ចេះ​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ ជា​ពិសេស​សមាជិក​​គ្រួសារ​ខ្លួន​ឯង​ បញ្ជាក់​ថា​ពួកគេ​កំពុង​វិវត្ត​ខ្លួន​ជា​មនុស្ស​អាត្មានិយម​បណ្ដើរៗ​ហើយ។

វិធី​​ដោះស្រាយ៖ នាំ​ពួកគេ​ទៅ​ចូលរួម​កម្មវិធី​សប្បុរសធម៌​នានា ដើម្បី​បង្ហាញ​ពី​ការ​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា។ ឧស្សាហ៍​ប្រាប់​ពួកគេ​ថា ជីវិត និង​សុខទុក្ខ​អ្នក​ដទៃ គឺ​សំខាន់​ខ្លាំង​ដូច​ខ្លួន​របស់​​ពួកគេ​​ដែរ។

រូបតំណាង

៥.មិន​ចេះ​មាន​អារម្មណ៍​ខុស​ឆ្គង

ពួកគេ​បដិសេធ​​មិន​ព្រម​ទទួល​យក​​​​អារម្មណ៍​ខុស​ឆ្គង ឬ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​​ ព្រោះ​តែ​គិត​ថា​ពួកគេ​មិន​បាន​​ធ្វើ​អ្វី​ខុស។

វិធី​ដោះស្រាយ៖ ផ្ដល់​នូវ​លទ្ធផល​ដែល​ពួកគេ​សម​នឹង​ទទួល​ចំពោះ​កំហុស​ឆ្គង​ទាំង​នោះ​។ បង្រៀន​ឲ្យ​ពួកគេ​បែងចែក​រវាង​រឿង​ត្រឹមត្រូវ និង​រឿង​ខុស​ឆ្គង និង​ឲ្យ​ពួកគេ​​​​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​ទទួល​​ខុស​ត្រូវ​ចំពោះ​ជម្រើស​របស់​ខ្លួន៕

ចុចអាន៖ប្រដៅ​កូន​បែប​ណា ទើប​កូន​ស្ដាប់​បង្គាប់ មិន​ក្បាល​រឹង ឬ​ឈ្លើយ?

ប្រភព៖ familyshare ប្រែសម្រួល៖ ​អូន បញ្ញា