ដឹង​ខ្លួន​ថា​កំពុង​ញៀន​កាហ្វេ​ខ្លាំង គួរ​ប្រញាប់​​កាត់​បន្ថយ​ដោយ​វិធី ៤​យ៉ាង​​មុន​ជួប​បញ្ហា​ធ្ងន់

  • 2019-08-09 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​គេង​យប់​ជ្រៅ ហើយ​ត្រូវ​ក្រោក​ពី​ព្រលឹម ប្រាកដ​ជា​មាន​អារម្មណ៍​មិន​ស្រស់​ស្រាយ មិន​ស្វាហាប់ ដូច្នេះ​ហើយ​បាន​ជា​កាហ្វេ​បាន​ក្លាយ​ជា​ភេសជ្ជៈ​សំខាន់​សម្រាប់​មនុស្ស​ជា​ច្រើន។ នៅ​ពេល​ផឹក​កាហ្វេ​យូរ​ៗ​រាងកាយ​របស់​យើង​នឹង​ចាប់​ផ្ដើម​ញៀន​នឹង​សារធាតុ​កាហ្វេ​អ៊ីន បើ​ថ្ងៃ​ណា​មិន​ផឹក​នឹង​មាន​អារម្មណ៍​មិន​ល្អ មិន​ស្រលះ​ក្នុង​ខ្លួន​ជាដើម។ ការ​ញៀន​កាហ្វេ​​នឹង​អាច​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ធាត់ កើន​ខ្លាញ់ ព្រម​ទាំង​បង្ក​បញ្ហា​សុខភាព​ក្នុង​រយៈ​​ពេល​វែង​​ថែម​ទៀត។ ដូច្នេះ​ហើយ​គួរ​សាក​ល្បង​មក​កាត់​បន្ថយ​ទម្លាប់​ញ៉ាំ​កាហ្វេ​ ដើម្បី​ឲ្យ​​ទទួល​បាន​សុខភាព​ល្អ​ទាំង​អស់​គ្នា តាម​រយៈ​វិធី​ចំនួន ៤​ខាង​ក្រោម​នេះ៖

១. ចាប់​ផ្ដើម​កាត់​បន្ថយ​បរិមាណ​កាហ្វេ​ដែល​ផឹក​រាល់​ថ្ងៃ

ការ​កាត់​បន្ថយ​អាការ​ញៀន​កាហ្វេ​ដោយ​វិធី​ងាយ​ៗ​ដែល​មិន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព គឺ​គួរ​​កាត់​ផ្ដាច់​វា​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​គួរ​កាត់​បន្ថយ​បរិមាណ​កាហ្វេ​ដែល​ផឹក​ម្ដង​បន្តិច​ៗ។ ដូច​ជា​បើ​សិន​អ្នក​ផឹក​មួយ​ថ្ងៃ​ ៤​កែវ គួរ​កាត់​បន្ថយ​ឲ្យ​សល់​ត្រឹម​មួយ​ថ្ងៃ​៣​កែវ រួច​ ២​កែវ​នៅ​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ៗ ទៀត​បន្ថយ​​នៅ​ត្រឹម ១​កែវ​ រហូត​ពីរ​បី​ថ្ងៃ​ទើប​ផឹក ១​កែវ​ជាដើម។

២. គួរ​ផឹក​កាហ្វេ​តែ​​ពេល​ព្រឹក​បាន​ហើយ

ការ​ទទួលទាន​កាហ្វេ​នា​ពេល​រសៀល ឬ​ពេល​ល្ងាច​នឹង​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព​នៃ​ការ​គេង​។ បើ​អ្នក​មាន​បញ្ហា​គេង​មិន​លក់​នៅ​ពេល​យប់​ជ្រៅ សូម​សាក​ល្បង​សួរ​ខ្លួន​ឯង​ថា​ជា​ធម្មតា​អ្នក​ផឹក​កាហ្វេ​នៅ​ពេល​ណា​ម៉ោង​ណា ដោយសារ​សារធាតុ​កាហ្វេអ៊ីន​ដែល​យើង​ផឹក​​ចូល​ក្នុង​ខ្លួន​នឹង​មាន​ឥទ្ធិពល​​ធ្វើ​ឲ្យ​យើង​មិន​ងងុយ​យ៉ាង​ហោច ៦ម៉ោង​។ ដូច្នេះ​ហើយ​គួរ​ទម្លាប់​​ឲ្យ​រាងកាយ​របស់​អ្នក​ទទួល​ជាតិ​កាហ្វេ​តែ​ពេល​ព្រឹក​បាន​ហើយ។

៣. ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​បន្ថែម

ប្រូតេអ៊ីន​គឺ​ជា​សារធាតុ​ចាំបាច់​សម្រាប់​រាងកាយ។ ការ​ទទួលទាន​ប្រូតេអ៊ីន​ក្នុង​រយៈពេល​ដែល​យើង​កំពុង​ព្យាយាម​ផ្ដាច់​កាហ្វេ​នឹង​ធ្វើ​ឲ្យ​យើង​មាន​សារធាតុ​ចិញ្ចឹម​ជួយ​បម្រុង​រាងកាយ ដែល​ប្រូតេអ៊ីន​នេះ​នឹង​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ការ​សាយភាយ​សារធាតុ catechol ក្នុង​ខួរ​ក្បាល ដើម្បី​ជំរុញ​រំញោច​សរសៃ​ប្រសាទ​ ធ្វើ​ឲ្យ​រាងកាយ​​ស្រលះ កាត់​បន្ថយ​ការ​អស់​កម្លាំង​ល្ហិតល្ហៃ។ អាហារ​មាន​ប្រូតេអ៊ីន​ល្អ​គួរ​តែ​ជា​សាច់​ទ្រូង​មាន់ និង​ស៊ុត។

៤. ងាក​មក​ហាត់​ប្រាណ​ជា​ប្រចាំ

ការ​​បង្កើន​ភាព​ស្រស់ស្រាយ​សម្រាប់​រាងកាយ​ដោយ​វិធី​ហាត់​ប្រាណ​គឺ​ជា​វិធី​មួយ​ទៀត​ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា មាន​កម្លាំង កាត់​បន្ថយ​អាការ​ល្ហិតល្ហៃ ព្រម​ទាំង​ជួយ​ជំរុញ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន Endorphin ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ មិន​តប់ប្រម៉ល់ និង​កាត់​បន្ថយ​ការ​ចង់​កាហ្វេ​បាន​ទៀត។

អ្នក​ដែល​កំពុង​ស្វែង​រក​វិធី​កាត់​បន្ថយ​ការ​ញៀន​កាហ្វេ គួរ​តែ​សាក​ល្បង​វិធី​ទាំង ៤​នេះ​ហើយ នឹង​អាល​បាន​សន្សំ​លុយ ចៀស​ឆ្ងាយ​ពី​ជំងឺ​ធាត់ ថែម​ទាំង​បាន​សុខភាព​ល្អ​ត្រលប់​មក​វិញ​ទៀត ៕​

ចុចអាន៖ ​ គួរចៀសវាង! អាហារ៣មុខនេះឲ្យកូនតូចញ៉ាំងាយនឹងកើតមហារីកបំផុត

ប្រភព៖ akerufeed ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម