ស្រលាញ់តែបែកគ្នាវិញនៅកន្លែងធ្វើការ នារីរឹងមាំគួរធ្វើរឿងទាំងនេះកុំឲ្យមានទុក្ខលំបាក

  • 2019-08-08 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើ​ការ​ជាមួយ​គ្នា​យូរ​ទៅ ​អ្នក​ខ្លះ​ក៏​លង់​ស្រលាញ់​គ្នា។ ​តែ​វាសនា​អាក្រក់​បែរ​ជា​​បែក​គ្នា​ទៅ​វិញ ​ធ្វើ​ឲ្យ​ពិបាក​ពេល​ជួប​មុខ​គ្នា​នៅ​កន្លែង​ធ្វើការ​។ ​កាន់​តែ​យ៉ាប់​ទៀត​នោះ នៅ​ពេល​ការងារ​ខ្លះ​ត្រូវ​ធ្វើ​រួម​ជាមួយ​អតីត​សង្សារ​ចាស់ ​ដែល​កាន់​តែ​​អ្នក​ឈឺ​ចាប់​បំ​ផុត​ក្នុង​ជីវិត ។ ​ខាង​ក្រោម​នេះ ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​បន្ទាប់​ពី​បែក​គ្នា ជាមួយ​សង្សារ​នៅ​កន្លែង​ធ្វើការ។​

១. កុំ​ឈប់​ធ្វើការ​ដើម្បី​គេច​មុខ​ពី​គេ

កុំ​យក​រឿង​បុគ្គល​មក​លាយ​ឡំ​ជាមួយ​រឿង​ការងារ​ឲ្យ​សោះ ។ ​អ្នក​ត្រូវ​ចេះ​បែង​ចែក​អារម្មណ៍​ធ្វើការ​និង​ស្នេហា​ឲ្យ​ដាច់​ស្រលះ។ កុំ​ឈប់​ធ្វើ​ការ​ដើម្បី​គេច​មុខ​ពី​មនុស្ស​ប្រុស​ម្នាក់ ​តែ​អ្នក​ត្រូវ​គិត​ថា ការងារ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត ​ត្រូវ​ខ្វល់​ពី​​រឿង​អនាគត​វិញ​ថា​គួរ​ធ្វើការ​បែប​ណា​បាន​ឡើង​ប្រាក់​ខែ​ច្រើន​ៗ​ប្រសើរ​ជាង។

២. រក្សា​ចិត្ត​ឲ្យ​នឹងន

ធ្វើការ​ជាមួយ​គ្នា ​ប្រាកដ​ជា​មាន​អ្នក​​ដឹង​ពេល​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា ​ហើយ​ពេល​បែក​គ្នា​ក៏​គង់​មាន​ដឹង​ដូច​​គ្នា។ ​នេះ​ជា​រឿង​ពិបាក​ប្រឈម​បំផុត ព្រោះ​ចៀស​មិន​ផុត​ពី​ការ​ខ្សឹបខ្សៀវ​គ្នា​និយាយ​ពី​រឿង​បែក​បាក់​របស់​អ្នក​និង​អតីត​មិត្ត​ប្រុស​ឡើយ។ ​អ្នក​អាច​នឹង​ឈឺ​ចាប់​ពេល​លឺ​គេ​យក​រឿង​អ្នក​មក​ពិភាក្សា​គ្នា តែ​​ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​រក្សា​ចិត្ត​ឲ្យ​បាន​នឹង​ន​បំផុត។

៣. រក្សា​សុជីវធម៌​

ទោះ​ជា​គាត់​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត​ខ្លាំង​​​ក៏​ដោយ ​តែ​នៅ​កន្លែង​ធ្វើ​ការ​បើ​មាន​ការងារ​ត្រូវ​ជជែក​ជា​មួយ​គាត់ ​អ្នក​គួរ​​និយាយ​ស្ដី​និង​កាយ​វិការ​សម​រម្យ។ ​មិន​ត្រូវ​ជះ​កំហឹង ​យក​រឿង​អតីត​មក​បូក​បល់​គ្នា​ឡើយ។ ​ផុត​​ពី​​ការងារ​រួច​ អ្នក​អាច​មិន​និយាយ​រក​គាត់​ក៏​បាន មិន​មើល​មុខ​គាត់​ក៏​បាន ​។

៤. កុំ​សង​សឹក​សង្សារ​ចាស់​ដោយ​ការ​បំបាក់​មុខ

នៅ​កន្លែង​ធ្វើការ ​ការ​ប្រកួត​ប្រជែង​គ្នា​ទៅ​វិញ​ទៅ​មក​​តែង​តែ​មាន​ ​ដើម្បី​បង្កើត​គំនិត​ថ្មី​ៗ​ជាមួយ​មិត្ត​រួម​ការងារ។ ​តែ​​កុំ​ជ្រើស​រើស​គូ​ប្រកួត​​ជា​សង្សារ​ចាស់​ឲ្យ​សោះ ​ព្រោះ​វិធី​សង​សឹក​របៀប​នេះ​មិន​បាន​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ទេ។ ​មួយ​ទៀត​អ្នក​មិន​មែន​ចង់​ប្រកួត​ប្រជែង​ដើម្បី​ការងារ​រីក​ចម្រើន​ឡើយ ​អ្វី​ដែល​អ្នក​ធ្វើ​គ្រាន់​ចង់​បំបាក់​មុខ​គាត់ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​អារម្មណ៍​​មិន​ល្អ​លើស​ដើម។

៥. រក្សា​គម្លាត

ពី​មុន​ធ្លាប់​ស្រលាញ់​គ្នា ​ទម្លាប់​ហូប​អាហារ​ពេល​ព្រឹក​ជាមួយ​គ្នា ​ផឹក​កាហ្វេ​ជាមួយ​គ្នា​តែង​តែ​ចង​ចាំ​ក្នុង​ចិត្ត​អ្នក។ ​ដល់​ពេល​ជួប​មុខ​គ្នា​នៅ​ការិយាល័យ​ ពិត​ជា​ពិបាក​ធ្វើ​ចិត្ត​ខ្លាំង តែ​ជំនួស​មក​វិញ​អ្វី​ដែល​គួរ​ចង​ចាំ​គឺ​រក្សា​គម្លាត​ពី​គាត់​តាម​ដែល​អាច​ធ្វើ​បាន។ ​កុំ​យក​លេស​រឿង​ការងារ ហើយ​ឆាត​ទៅ​គេ រឹត​តែ​កុំ​​​ចង់​ដឹង​ថា​ពេល​នេះ​គេ​យ៉ាង​ណា​ហើយ។

៦​. រាប់​អាន​គាត់​ជា​មិត្ត

​ច្រើន​ជាង​ចំណាយ​ពេល​ស្អប់​គ្នា ​អ្នក​គួរ​រាប់​អាន​គាត់​ជា​មិត្ត​។ ​ ចាត់​ទុក​ថា​រឿង​គ្រប់​យ៉ាង​បាន​បញ្ចប់ ហើយ​ចាប់​ផ្ដើម​ត្រឹម​មិត្តភាព​នៅ​កន្លែង​ធ្វើការ​ប៉ុណ្ណោះ។

មិន​មែន​ឲ្យ​តែ​បែក​គ្នា សុទ្ធ​តែ​ត្រូវ​ក្លាយ​ជា​សត្រូវ​​នឹង​គ្នា​ឡើយ។ គួរ​តែ​រម្ងាប់​អារម្មណ៍​ ហើយ​កុំ​រស់​នៅ​​ដោយ​កំហឹង​និង​ស្អប់ ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​ក្ដៅ​ដូច​ងងើក​ភ្លើង។ ​លើក​លែង​ទោស​ឲ្យ​​សង្សារ​ចាស់​ម្នាក់​នោះ​ ​ហើយ​​ចំណាយ​ពេល​រស់​នៅ​ដោយ​សប្បាយ​​រីករាយ៕

ចុចអាន៖ ​​ ​តិច​និ​ច​អ្នក​ត្រូវ​សា​ក​ល្បង​ធ្វើ​ជា​មុន​សិន បើ​គ្រួសារ​អ្នក​មិន​ពេញ​ចិត្ត​សង្សារ​ខ្លូ​ន​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម