ប៉ះពាល់ទាំងសម្រស់និងសុខភាព បើស្រីៗមិនចោលទម្លាប់ប្រចាំថ្ងៃទាំងនេះ

  • 2019-08-07 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​សិក្សា​ស្រាវជ្រាវ​​របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ក្នុង​ចំណោម​មនុស្ស​ ១០​នាក់ មាន​៧​នាក់​ហើយ​ ចូលចិត្ត​​​ប្រកាន់​ទម្លាប់​​ប្រចាំ​ថ្ងៃ ដែល​​អាច​បង្ក​ផល​​អាក្រក់​សម្រាប់​សុខភាព​និង​សម្រស់ ឬ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​មាន​។ ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ និង​ការពារ​សម្រស់​ឲ្យ​នៅ​តែ​ក្មេង​ស្អាត​​​សុខភាព​​ល្អ​រឹង​មាំ គួរ​ចោល​ទម្លាប់​​ប្រចាំ​ថ្ងៃ​មិន​ល្អ​ចេញ​សិន។

១. លាប​ថ្នាំ​ក្រចក​គ្រប់​ពេល

បើ​​អត់​​ថ្នាំ​ក្រចក​​​មិន​បាន​ទេ ត្រូវ​តែ​លាប​ជាប់​​​ជា​ប្រចាំ​នោះ អ្នក​ច្បាស់​ជា​មាន​បញ្ហា​ហើយ។ ជាពិសេស​ថ្នាំ​ក្រចក​ដែល​មាន​ពណ៌​ក្រមៅ និង​ម៉ាក​ថោក​ៗ វា​នឹង​​​បន្សល់​ស្នាម​ជូត​មិន​ចេញ ធ្វើ​ឲ្យ​ក្រចក​ប្រែ​​ក្លាយ​​ជា​ពណ៌​លឿង​មាន​សុខភាព​មិនល្អ​។ គួរ​លាប​យូរ​ៗ​ម្តង​ និង​ជ្រើស​រើស​ថ្នាំ​ក្រចក​ដែល​មាន​គុណភាព​ខ្ពស់។

២. ពាក់​អាវ​ទ្រនាប់ពេលគេង

បើ​អ្នក​ពាក់​អាវ​ទ្រនាប់​ទាំង​​ពេល​គេង​ទៀត វា​អាច​ធ្វើ​ឲ្យ​ស្បែក​រោល​រលាក និង​បង្ហាប់​ជាលិកា​នៃ​សុដន់។​ ទោះ​បី​ជា​ពាក់​នៅ​ពេល​ថ្ងៃ​ក៏​ដោយ ត្រូវ​ជ្រើស​រើស​ទំហំ​​អាវ​ទ្រនាប់​ឲ្យ​សម​ល្មម​នឹង​សុដន់ និង​​មាន​សាច់​ទន់​​ អាច​បត់​បែន​បាន​ល្អ​។

៣. មិន​លាង​សម្អាត​​ជក់​ផាត់​មុខ​

រវល់​យ៉ាង​ណា ក៏​មិន​គួរ​ភ្លេច​លាង​សម្អាត​ជក់​ឬ​ប៉ុង​ផាត់​មុខ​ដែរ​។ បើ​អ្នក​ប្រើ​វា​ទាំង​កខ្វក់ មិន​ខុស​ពី​​ប្រមូល​យក​បាក់តេរី មេរោគ​ផ្សេង​ៗ ទៅ​លាប​ប៉ាត​​លើ​មុខ​​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា ដូច​ជា​ឡើង​មុន​ រោល​កន្ទួល​និង​ជ្រួញ​លឿន​​ខុស​ពី​ធម្មតា។

៤. ញ៉ាំ​អំបិល​លើស​ពី​មួយ​​ស្លាប​ព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ​

អាហារ​ខ្លះ​​​បាន​ប្រើ​​អំបិល​ច្រើន​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បើ​​ចេះ​​តែ​ញ៉ាំ​មិន​គិត អ្នក​ប្រាកដ​ជា​ប្រឈម​មុខ​នឹង​​ការ​លើស​សម្ពាធ​ឈាម​ និង​មាន​ស្បែក​ស្អាប់​​ឆាប់​ចាស់​។ ដាច់​ខាត​កុំ​ញ៉ាំ​អំបិល​លើស​ពី​មួយ​ស្លាប​ព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ។

៥. ដក​រោម​ចិញ្ចើម​ខ្លាំង​ពេក​

ដក​ខ្លាំង​ហើយ​ញឹក​ញាប់​​ពេក​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាក់​សម្រស់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​រោម​ចិញ្ចើម​ដុះ​កាន់​ស្តើង​ទៅ​ៗ​ឬ​សឹង​តែ​មិន​អាច​ដុះ​ឡើង​វិញ​សារ​ជា​ថ្មី​ម្តង​ទៀត​។

៦. ទុក​ឡាម​​កោរ​ចោល​ក្នុង​បន្ទប់​ទឹក

ចូលចិត្ត​ទុក​ក្នុង​បន្ទប់ ព្រោះ​វា​ងាយ​ស្រួល​ពេល​ចង់​ប្រើ​ម្តង​ៗ ប៉ុន្តែ​​ដាក់​ចោល​នៅ​កន្លែង​សើម​​បែប​នេះ​ ផ្លែ​ឡាម​​នឹង​ឆាប់​ឡើង​​ច្រែះ ជា​ហេតុ​បង្ក​ទៅ​ជា​មាន​រោម​កប់​មិន​អាច​ដុះ​ចេញ​​មក​ក្រៅ និង​​រោល​រមាស់​បន្ទាប់​ពី​កោរ​រួច។ គួរ​ជូត​ឲ្យ​ស្អាត​ទុក​នៅ​កន្លែង​ស្ងួត​​ទើប​ល្អ​។

៧. អង្គុយ​គង​អន្ទាក់​ខ្លា

អង្គុយ​បែប​នេះ​ ជា​កាយវិការ​មួយ មើល​ទៅ​ងាយ​ស្រួល​និង​មាន​ទំនុក​ចិត្ត​ ក៏​ប៉ុន្តែ​វា​​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការ​​​ឈាម​នៅ​ផ្នែក​ជើង​។ អ្នក​ក៏​អាច​ប្រឈម​មុខ​នឹង​ការ​​លើស​សម្ពាធ​​ឈាម​ផង​ដែរ។

៨. ប្រើ​ផលិតផល​លាប​ក្លៀក​ភ្លាម​ៗ​បន្ទាប់​ពី​កោរ​រួច

ផលិត​ផល​​លាប​ក្លៀក​ភាគ​ច្រើន មាន​ផ្ទុក​សារធាតុ​គីមី​​ខ្លាំង និង​​​មាន​គ្រោះ​ថ្នាក់​ណាស់​​។ បន្ទាប់​ពី​កោរ​រួច រន្ធ​​រោម​បាន​បើក និង​ស្រូប​យក​គ្រប់​យ៉ាង​ដែល​អ្នក​បាន​លាប​​ពី​លើ​។ យល់​ល្អ​គួរ​ទុក​ចោល​សិន ឬ​អាច​ប្រើ​ជា​ឡេ​ផ្តល់​សំណើម​ ឬ​ផលិតផល​ធម្មជាតិ​មិន​ធ្វើ​ឲ្យ​រោល​ឡើង​ក្រហម​ជា​ដើម​។

៩. ចង​សក់​ពេល​គេង

សម្រាប់​អ្នក​សក់​វែង​ ចូល​ចិត្ត​ចង​ឡើង​ឲ្យ​ស្រឡះ​នៅ​ពេល​គេង​។ ផ្ទុយ​ទៅ​វិញ​ ទម្លាប់​បែប​​នេះ ធ្វើ​ឲ្យ​តឹង​ស្បែក​ក្បាល​និង​សរសៃ​ចុះ​ខ្សោយ បណ្តាល​ទៅ​ជា​ជ្រុះ។

១០. ងូត​ទឹក​ក្តៅ​

ទឹក​ក្តៅ​ជួយ​​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា ស្រួល​ខ្លួន ជា​ពិសេស​បន្ទាប់​ពី​ធ្វើ​កិច្ចការ​ផ្សេងៗ​ពេញ​មួយ​ថ្ងៃ។ បើ​ងូត​យូរ​ៗ​ម្តង​គ្មាន​​បញ្ហា​អី​ទេ ប៉ុន្តែ​បើ​​ញឹក​ញាប់ ឬ​​ងូត​ប្រចាំ​ថ្ងៃ​តែ​ម្តង វា​អាច​ធ្វើ​ឲ្យ​ស្បែក​និង​សក់​ស្ងួត​ លឿន​ជាង​ការ​ងូត​ទឹក​ត្រជាក់​ធម្មតា​ឬ​ទឹក​ក្តៅ​ឧណ្ណ​ៗ​។

១១. បុក​ដង​ម៉ាស្ការ៉ា​ចុះ​ឡើង​ចូល​ទៅ​ក្នុង​បំពង់

ពេល​ប្រើ​ជិត​អស់ អ្នក​ប្រាកដ​ជា​បុក​ដង​ម៉ាស្ការ៉ា​ចុះ​ឡើង​ចូល​ទៅ​ក្នុង​បំពង់​ដើម្បី​ប្រើ​ប្រាស់​បន្ត​ទៀត។ ធ្វើ​បែប​នេះ អ្នក​បាន​បញ្ជូន​ខ្យល់​និង​បាក់តេរី​ចូល​ទៅ​ជាមួយ​គ្នា ដែល​អាច​នាំ​ឲ្យ​ភ្នែក​កើត​បញ្ហា​ផ្សេងៗ។ គួរ​ប្រើ​បាត​ដៃ​ដើម្បី​បង្វិល​ម៉ាស្ការ៉ា​ទៅ​មក និង​អាច​បញ្ចៀស​ពី​ការ​ចូល​ខ្យល់​។

១២. ប្រើ​បន្ទះ​ធ្វើ​ឲ្យ​ធ្មេញ​ស​ដោយ​ខ្លួន​ឯង

មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ណាស់​ ដែល​អ្នក​ធ្លាប់​បាន​ឮ​កន្លង​មក ដូច​ជា​ផលិតផល​ធ្វើ​ឲ្យ​ធ្មេញ​ស​ អាច​ប្រើ​នៅ​ផ្ទះ​ដោយ​ខ្លួន​​ឯង។ ទោះ​ជា​បែប​នេះ​ក្តី ការ​ប្រើ​គ្មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​និង​ញឹក​ញាប់ អាច​បំផ្លាញ​​ស្រទាប់​ការពារ​របស់​ធ្មេញ​ទៅ​វិញ​ទេ​។ យូរ​ទៅ​ៗ​ធ្មេញ​ប្រែ​ទៅ​ជា​មិន​រឹង​មាំ ឆាប់​​បែក​ប្រេះ ដូច្នេះ​មាន​​តែ​ទន្តពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ទើប​ល្អ​និង​​មិន​ភ័យ​ដល់​សុវត្ថិភាព​។

​​១៣. ​ឱន​ចុច​ទូរសព្ទ​ខ្លាំង​ពេក

ក្នុង​មួយ​ថ្ងៃ​ មាន​មនុស្ស​មិន​តិច​ទេ​ ដែល​​ប្រើ​ទូរសព្ទ​ ដោយ​ឱន​មុខ​ចុះ​ និង​ដាក់​វា​នៅ​ក្បែរ​ទ្រូង។ ការ​ធ្វើ​បែប​នេះ ប្រៀប​បាន​ដូច​ជា​អ្នក​កំពុង​ដាក់​សម្ពាធ​ត្រង់​ផ្នែក​ក ដែល​អាច​គ្រោះថ្នាក់​ចំពោះ​សុខភាព​។ ត្រូវ​ប្រុង​ប្រយ័ត្ន​សម្រាប់​ទីតាំង​នៃ​ក្បាល ព្រោះ​​នៅ​ពេល​ដែល​វា​ឈឺ​ចាប់ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អារម្មណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​រំខាន​ដល់​ដំណេក​នៅ​ពេល​យប់ និង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​មើល​ទៅ​នឿយហត់​មិន​ស្រស់​ថ្លា។

តើ​អ្នក​​ធ្លាប់​មានទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​នេះ​ដែរ​ទេ? បើ​មាន​​មែន​ ដល់​ពេល​ត្រូវ​​កែ​ចេញ​ ចាំ​ពី​ពេល​នេះ​ត​ទៅ​៕​​​

ចុចអានបន្ត៖ ស្រីៗគួរដឹងពីមូលហេតុជ្រុះសក់និងដំណោះស្រាយ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម