រាប់អានតទៀតមិនកើតទេ រកវិធីផ្តាច់ខ្លួនចេញឲ្យហើយពីមិត្តពូកែច្រណែន

  • 2019-08-05 10:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​ទេ​សត្រូវ ប៉ុន្តែ​បើ​មាន​មិត្ត​ភ័ក្តិ​ពូកែ​ច្រណែន អ្នក​អាច​នឹង​​​​ជួប​រឿង​​នឹក​ស្មាន​មិន​ដល់​​ជា​ច្រើន។ មាន​តែ​ការ​រៀន​សង្កេត និង​ផ្តាច់​ខ្លួន​ចេញ​ឲ្យ​ហើយ​ទេ​ ទើប​មិន​គ្រោះ​ថ្នាក់​។

​​​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ដែល​​ធ្វើ​ជា​មិត្ត​ខំ​រាប់​អាន​គ្នា​ អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​ហើយ ចុង​ក្រោយ​បែរ​ជា​ខក​ចិត្ត ដោយ​​សារ​តែ​ចិត្ត​ច្រណែន​។ មិត្ត​ល្អ​សម​តែ​ ចេះ​បង្កើន​ទំនុក​ចិត្ត ផ្តល់​យោបល់​ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក ប៉ុន្តែ​គ្រប់​យ៉ាង​គឺ​ផ្ទុយ​ស្រឡះ។

មិត្ត​ប្រភេទ​នេះ ពិត​ជា​អាច​បង្ក​ហានិភ័យ​លឿន​ជាង​ថ្នាំ​ពុល​ទៅ​ទៀត​​។ តើ​អ្នក​ដឹង​ទេ​ថា​ពួក​គេ​មាន​លក្ខណៈ​សម្គាល់​បែប​ណា​​ខ្លះ​ទៅ​?

១. និយាយ​​បន្ទាប​នូវ​ភាព​ជោគជ័យ​ឬ​បំណង​ប្រាថ្នា​ដែល​​អ្នក​ទទួល​បាន

ទោះ​​បី​ជា​អ្នក​បាន​ធ្វើ​​រឿង​អ្វី​​មួយ​លេច​ធ្លោ​ជោគជ័យ ឬ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ក៏​ដោយ គេ​នៅ​តែ​គិត​ថា​ ប៉ុណ្ណឹង​មាន​អី​អស្ចារ្យ។ មិន​ចូល​រួម​សរសើរ តែ​បែរ​ជា​ចាំ​និយាយ​បន្ទាប​​ រក​ចំណុច​បង្អាប់​ទៅ​វិញ​។

២. គេ​ព្យាយាម​ប្រកួត​ប្រជែង​ជាមួយ​អ្នក

ប្រសិន​បើ​​ឃើញ​អ្នក​ទិញ​​ឡាន​ថ្មី​ គេ​​ច្បាស់​ជា​​ទិញ​ស៊េរី​ណា​ដែល​ខ្ពស់​ជាង​នេះ ហើយ​ព្យាយាម​​ប្រៀប​ធៀប​ប្រាក់​ខែ​ឬ​ចំណូល​ដែល​រក​បាន ក្នុង​គោលបំណង​ចង់​បង្អួត​ប្រាប់។ អ្នក​ដែល​ចាត់​ទុក​មិត្តភាព​សំខាន់​ គេ​មិន​ខ្វល់​តែ​ពី​ការ​ប្រកួតប្រជែង​គ្នា​ទេ។

៣. មិន​គាំ​ទ្រ​និង​​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ទៀត​ចាប់​អារម្មណ៍​លើ​អ្នក

​​​នៅ​ពេល​អ្នក​កើត​ទុក្ខ ចង់​ពឹង​ពាក់ ឬ​ចង់​អញ្ជើញ​​​ឲ្យ​ចូលរួម ផ្តល់​យោបល់​អ្វីមួយ ពុំ​ដែល​​​មាន​វត្តមាន​ឬ​មិន​អាច​យក​ជា​ការ​បាន​ឡើយ។ លើស​ពី​នេះ​តៅ​ទៀត មាន​តែ​​ខិត​ខំ​ ដក​ចំណាប់​អារម្មណ៍ ដែល​អ្នក​ដទៃ​មាន​ចំពោះ​អ្នក ចេញ​ឲ្យ​អស់​ព្រោះ​ខ្លាច​ខ្លួន​ឯង​អន់​ជាង​ ថែម​ទាំង​​ប្រឹង​និយាយ​លើក​ពី​​ចំណុច​ល្អ​​​របស់​ខ្លួន​ទៀត​ផង។

៤. ទន្ទឹង​រង់ចាំ​មើល ពេល​ណា​មួយ​ដែល​អ្នក​ដើរ​ដួល

ទោះ​មិន​ហ៊ាន​បញ្ចេញ​មក​ខាង​ក្រៅ ប៉ុន្តែ​គេ​នៅ​ចាំ​មើល​ជា​និច្ច រង់​ចាំ​ថ្ងៃ​ណា​មួយ​ដែល​​​អ្នក​ដួល​ ពេល​នោះ​ហើយ​ដែល​​គេ​អាច​លួច​ញញឹម​ត្រេក​អរ​ក្នុង​ចិត្ត។ ជួន​កាល​​គេ​ធ្វើ​ឲ្យ​អ្នក​មើល​សឹង​មិន​ដឹង ប្រសិន​បើ​មិន​បាន​សង្កេត។

មិត្ត​ប្រភេទ​នេះ តើ​​គួរ​ធ្វើ​បែប​ណា​​ជាមួយ​គេ​ទៅ?

ជម្រើស​មាន​ពីរ៖

  • ត្រូវ​ចេះ​ទទួល​ស្គាល់​ថា មនុស្ស​បែប​នេះ​​គ្មាន​ថ្ងៃ​​ផ្លាស់​ប្តូរ​បាន​ទេ ច្រណែន​នៅ​តែ​ច្រណែន​ ដូច្នេះ​ហើយ​ បើ​អ្នក​​មិន​ចង់​ស្មុគស្មាញ​ជាមួយ អាច​សម្រេច​ចិត្ត​ម្តង​ទៀត​បាន​។ គួរ​ឈប់​ប្រាប់​​ពី​រឿង​រ៉ាវ​ បញ្ហា ឬ​ភាព​ជោគជ័យ​របស់​អ្នក​ឲ្យ​គេ​​ដឹង​ដូច​មុន​។

  • ដក​ខ្លួន​ ឬ​ធ្វើ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​ជាង​មុន​ ដូច​ជា​​​កាត់​បន្ថយ​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ឬ​ជួប​មុខ​ផ្ទាល់​ជា​ដើម​។ មនុស្ស​​អវិជ្ជមាន​​យល់​ល្អ​មិន​បាច់​ឲ្យ​ពាក់​ព័ន្ធ​ក្នុង​ជីវិត​កាន់​តែ​ល្អ។ សន្តិភាព​ផ្លូវ​ចិត្ត គឺ​សំខាន់​ជាង​​ការ​ខំ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​ក្លែងក្លាយ ឲ្យ​​តែ​​បាន​ល្អ​មើល។ សុខចិត្ត​មាន​មិត្ត​តិច​តែ​មាន​គុណភាព៕

ចុចអានបន្ត៖ រូបភាពកម្រ ១០ សន្លឹក បង្ហាញពីទិដ្ឋភាពប្លែកៗរបស់ទារកពេលកើតចេញមក

ប្រភព៖ metro.co.uk ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម