រូបភាពកម្រ ១០ សន្លឹក បង្ហាញពីទិដ្ឋភាពប្លែកៗរបស់ទារកពេលកើតចេញមក

  • 2019-08-05 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​ពេល​វេលា​ ដែល​ធ្វើ​ឲ្យ​​បរិយាកាស​ក្នុង​គ្រួសារ​ត្រូវ​ផ្លាស់ប្ដូរ ស្រប​ពេល​ដែល​​វា​ក៏​​​ជា​ឱកាស​​សម្រាប់​អ្នក​ដើម្បី​ក្លាយ​ជា​អ្នក​ម៉ាក់​មួយ​រូប រួម​ទាំង​ការ​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​​ផង​ដែរ។ ទារក​ដែល​កើត​​ចេញ​មក​សុទ្ធ​តែ​មាន ចំណុច​ពិសេស​ផ្សេងៗ​គ្នា។ យ៉ាង​ណា​មិញ បណ្តុំ​រូប​ភាព​ខាង​ក្រោម​នេះ សុទ្ធ​សឹង​តែ​ជា​ទិដ្ឋភាព​កម្រ​និង​ប្លែក​ៗ ក្នុង​អំឡុង​ពេល​ដែល​ទារក​មាន​វត្តមាន​លើ​ភព​ផែន​ដី​ដ៏​ធំធេង​។

១. ទារក​កើត​មក មាន​ថង់​ទឹក​ភ្លោះ​រុំ​ជិត

វា​គឺ​ជា​បាតុភូត​​កម្រ​មួយ ដែល​ទារក​កើត​ចេញ​មក​​មាន​រុំ​ដោយ​​ថង់​ទឹក​ភ្លោះ​ជិត​ឈឹង។ រូប​ភាព​ដ៏​អស្ចារ្យ​​របស់​ទារក​ឈ្មោះ​ថា Noah ត្រូវ​បាន​ថត​ដោយ អ្នក​​ជំនាញ​ថត​រូប​ជនជាតិ​ប្រេស៊ីល​ម្នាក់​ឈ្មោះ  Janaina Oliveira ។ គ្រាន់​តែ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ភ្លាម រូប​​ថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង និង​មាន​ចំនួន​អ្នក​ចុច​ like ដល់​ទៅ​ជាង​ ២ពាន់​​នាក់ មួយ​រំពេច។ ជាង​ថត​និង​​ឪពុក​ម្តាយ​របស់​ទារក Noah ច្បាស់​ជា​មិន​អាច​​បំភ្លេច​ថ្ងៃ​​ពិសេស​នេះ​បាន​​ទេ។

២. អ្នក​ម៉ាក់​​សម្រេច​ចិត្ត​​បង្កើត​កូន​​នៅ​ផ្ទះ ថែម​ទាំង​មាន​​កូន​ស្រី​៥​នាក់​​ទៀត​នៅ​​ក្បែរ​ខ្លួន

​នេះ​គឺ​ជា​ពេល​វេលា​​ពិសេស​ខ្លាំង​ណាស់ សម្រាប់​អ្នក​ម៉ាក់​ Casey Teller ដែល​បាន​បង្កើត​កូន​ទី​៦​ នៅ​ក្នុង​ផ្ទះ​តែ​ម្តង។ រូប​ថត​​ដែល​ថត​ដោយ លោក Rebecca បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល ព្រោះ​​តែ​​នៅ​ជុំ​វិញ​ខ្លួន​​ស្រ្តី​ឆ្លង​ទន្លេ គ្មាន​ឆ្មប​ឬ​វេជ្ជបណ្ឌិត​ឡើយ តែ​​បែរ​ជា​មាន​កូន​ស្រី​៥​នាក់ នៅ​ចាំ​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​ទៅ​វិញ​។

៣. អ្នក​ម៉ាក់​ពិត​ជា​រំភើប​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន

រំភើប​អស់​និយាយ​​ហើយ​ មើល​តែ​ទឹក​មុខ​ក៏​ដឹង​ដែរ។ អ្នក​ម៉ាក់​ពិត​អរ​ខ្លាំង​ណាស់ ដែល​ទទួល​បាន​កូន​ទី​៣ ជា​កូន​ប្រុស​មិន​មែន​ស្រី​ដូច​​មុន។ នេះ​ជា​សុភមង្គល​​មួយ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​។​

៤. អ្នក​ម៉ាក់​ដូច​ជា​ភ្លេច​ពី​ការ​ឈឺ​ចាប់​អស់​រលីង​​បន្ទាប់​ពី​​វះកាត់

មួយ​សន្លឹក​ដែល​បាន​ថត​ដោយ ជាង​ថត Sarah Hill បាន​បង្ហាញ​ថា អ្នក​ម៉ាក់​ដូច​ជា​ភ្លេច​ពី​ការ​ឈឺ​ចាប់​អស់​រលីង​ហើយ​ បន្ទាប់​ពី​ឃើញ​មុខ​កូន ទោះ​បី​ទើប​តែ​វះកាត់​ហើយ​ក៏​ដោយ។

៥. រូបភាព​ពណ៌នា​ពី​​ភាព​ស្រស់​ស្អាត​នៃ​​ការ​ឆ្លង​ទន្លេ

អ្នក​ម្តាយ​​​​មាន​​ស្នាម​​ញញឹម​​ពោរពេញ​ដោយ​ក្តី​រីករាយ នៅ​ក្នុង​រង្វង់​ដៃ​ស្វាមី ​និង​ទទួល​បាន​កូន​ស្រី​​គួរ​ឲ្យ​ស្រលាញ់​មួយ​រូប។ អំណាច​ពី​ធម្មជាតិ​ដែល​មនុស្ស​ស្រី​មាន​ គឺ​ការ​បង្កើត​កូន ដូច្នេះ​ហើយ រូប​ថត​​ដ៏​​ស្រស់​ស្អាត​មួយ​សន្លឹក​នេះ មាន​អ្នក​ចែក​ចាយ​បន្ត​ដល់​ទៅ​ជិត ៣៥ម៉ឺន​​ដង បន្ទាប់​ពី​​បង្ហោះ​រួច។

៦. ទារក​ទើប​នឹង​កើត​មាន​ទម្ងន់​ ដល់​ទៅ​ ៦,៩ គីឡូក្រាម

មុន​ពេល​កើត វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ដែរ​ថា ទារក​ក្នុង​ផ្ទៃ ពិត​​ជា​ធំ​ខ្លាំង​ណាស់ ប៉ុន្តែ Joy Buckley ដែល​ត្រូវ​ជា​ម្តាយ ពុំ​នឹក​ស្មាន​ថា កូន​របស់​នាង​​ មាន​ទម្ងន់​ដល់​ទៅ​ ៦,៩ គីឡូក្រាម​ឡើយ ថែម​ទាំង​អាច​បំបែក​ឯកត្តកម្ម ទារក​ធ្ងន់​ជាង​គេ​បង្អស់ ដែល​បាន​កើត​​ក្នុង​មន្ទីរពេទ្យ​  Arnot Ogden នៃ​ទី​ក្រុង​ញូវយ៉ក​។

៧. គួរ​ឲ្យ​ភ្ញាក់​ផ្អើល អ្នក​ម៉ាក់​បាន​​ឆ្លង​ទន្លេ​នៅ​​មុខ​ច្រក​ចូល​បន្ទប់​សម្រាល​​តែ​ម្តង

​​ត្រឹម​តែ​ប៉ុន្មាន​ជំហាន​ទៀត​​ប៉ុណ្ណោះ​ចូល​ដល់​បន្ទប់​វះកាត់ ប៉ុន្តែ​ Jes Hogan មិន​អាច​ទ្រាំ​ចាំ​ទៀត​បាន នាង​ក៏​ឆ្លង​ទន្លេ​​កូន​ទី​៦ ដែល​ជា​កូន​ប្រុស​ដំបូង ​នៅ​ចំ​ពី​មុខ​ច្រក​​ទ្វារ​ចូល​តែ​ម្តង។

៨. ប៉ាៗ​បាន​​​បន្លំ​ខ្លួន​បំបៅ​កូន​ជំនួស​ឲ្យ​​អ្នក​ម៉ាក់

ដោយ​សារ​តែ​ប្រពន្ធ ត្រូវ​វះកាត់​ហើយ​ស្ថិត​ក្នុង​ដំណាក់កាល​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ ទើប​បាន​ជា​​លោក​ប៉ា សុខ​ចិត្ត​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​ម៉ាក់​មួយ​គ្រា​សិន​ ដើម្បី​បំបៅ​ដោះ​កូន។ ពេទ្យ​ឆ្មប​បាន​ដាក់​ក្បាល​ដោះ​នៅ​ជាប់​ដើម​ទ្រូង​របស់​​ប៉ា​ៗ និង​បង្ហូរ​ទឹក​ដោះ​ចេញ​ពី​សឺរ៉ាំង ហើយ​ផ្អឹប​ទារក​ជាប់​នឹង​​ស្បែក​​ដើម្បី​ឲ្យ​ទារក​បៅ។

​​​៩. ប៉ាៗ​កំពុង​តែ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​កូន

រូប​ភាព​មួយ​នេះ​បង្កប់​ដោយ​ក្តី​ស្រលាញ់​និង​ភាព​កក់ក្តៅ។ ឃើញ​លោក​ប៉ា​​កំពុង​ឱប​កូន​តែ​មួយ​មែន ប៉ុន្តែ​គាត់​ទទួល​បាន​កូន​ភ្លោះ​ ២​នាក់​ឯណោះ។ ពេទ្យ​ឆ្មប​ក៏​បាន​ត្រៀម​ទឹក​ដោះ​រួច​រាល់​ដើម្បី​ឲ្យ​លោក​ប៉ា​បំបៅ​​​កូន​ទាំង​ពីរ​​ផង​ដែរ។

១០. បន្ទាប់​ពី​ចំណាយ​ពេល​អស់​រយៈ​ពេល​៤​ថ្ងៃ ទីបំផុត​ទារក​បាន​ឃើញ​ពិភពលោក​ហើយ

​មើល​ទៅ​កាយវិការ​របស់​ទារក​ពិត​ជា​សប្បាយ​ណាស់ ក្រោយ​បាន​​សេរីភាព​ចេញ​​ពី​ក្នុង​ផ្ទៃ បន្ទាប់​​ពី​​​ដំណើរ​ការ​ឆ្លង​ទន្លេ​ មាន​រហូត​ដល់ទៅ​៤​ថ្ងៃ។ ថ្វី​ត្បិត​តែ​ប្រើ​ពេល​យូរ​បន្តិច​មែន ប៉ុន្តែ​អ្នក​ម៉ាក់​មាន​អារម្មណ៍​រំភើប​ខ្លាំង​ក្រៃ​លែង ដែល​បាន​ឃើញ​កូន​ប្រុស​កើត​ចេញ​មក ដោយ​សុវត្ថិភាព ​មាន​សុខភាព​ល្អ រួម​ទាំង​កាយ​វិការ​ដ៏​អស្ចារ្យ​ទៀត​ផង​៕

ចុចអានបន្ត៖ ចុង​សប្ដាហ៍​សម្រាប់​គ្រួសារ​ពិត​ជា​សំខាន់ មើល​រូប Sweet របស់តារា​គូ​នេះ​ហើយ ចាំ​នាំ​គ្នា​ដើរ

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម