លែងខ្លាចកើតទុក្ខហើយ ឲ្យតែចេះវិធីទាំងនេះ អ្នកនឹងសប្បាយចិត្តរាល់ថ្ងៃ

  • 2019-08-01 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គល​ ភាព​សប្បាយ​រីករាយ ជា​អ្វី​ដែល​មនុស្ស​​ម្នាក់​ៗ​ត្រូវ​ការ​ គ្មាន​នរណា​ចង់​ឱប​ទុក្ខ​ជាប់​ខ្លួន​ឡើយ។ អ្នក​ខ្លះ​​ចេះ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ ដោយ​មិន​ពិបាក​ ប៉ុន្តែ​មាន​មួយ​​ភាគ​ផ្សេង​ទៀត ចាត់​ទុក​ជីវិត​ ខ្លួន​ឯង​ ដិតដាម​នឹង​ភាព​​ឈឺចាប់​ ជាប់​ស្អិត​ជាមួយ​ទុក្ខ គ្មាន​ថ្ងៃ​ប្រលែង​បាន។ ដល់​ពេល​ត្រូវ​ផ្លាស់​ប្ដូរ គំនិត​បែប​នេះ​ចេញ​ហើយ ព្រោះ​មាន​វិធី​ច្រើន​ណាស់​ដែល​អាច​នាំ​ឲ្យ​ផ្លូវ​ចិត្ត​របស់​អ្នក​ល្អ​ប្រសើរ ជួប​តែ​សេច​ក្ដី​សុខ​​ រីករាយ​រាល់​ថ្ងៃ។

១. មិន​ពិបាក​ចិត្ត​គិត​ឥត​ល្ហែ ពេល​មាន​រឿង​អ្វី​មិន​សម​តាម​បំណង

ពេល​ធ្វើ​អ្វី​មួយ គួរ​ត្រៀម​ចិត្ត​រួចរាល់ ដើម្បី​ទទួល​យក​លទ្ធផល​​ដែល​បង្ហាញ​ចេញ​មក។ គ្រប់​យ៉ាង​មិន​អាច​ដូច​គ្នា​ទាំង​ស្រុង​​នឹង​អ្វី​ដែល​បាន​គ្រោង​ទុក​ឡើយ។ ទោះ​វា​ផ្ទុយ​ស្រឡះ​ពី​ការ​​រំពឹង​ទុក្ខ​ក៏​ដោយ​ចុះ មិន​បាច់​កើត​ទុក្ខ ​រាល់​ថ្ងៃ​ទេ។ រឿង​រ៉ាវ​ដែល​កន្លង​ផុត​ទៅ​ហើយ ចាត់​ទុក​ជា​មេរៀន​ ហើយ​ព្យាយាម​រិះ​រក​វិធី​កែតម្រូវ​វិញ​ទើប​ល្អ​។

២. មិន​​ដាក់​ខ្នោះ​ខ្លួន​ឯង​ជាមួយ​ភាព​បរាជ័យ

ជួប​បរាជ័យ​នៅ​ថ្ងៃ​នេះ មិន​មែន​មាន​ន័យ​ថា បរាជ័យ​រហូត​ឯណា។ គង់​តែ​មាន​ថ្ងៃ​ណា​មួយ ​ជោគជ័យ​​នឹង​រត់​មក​រក​អ្នក បើ​អ្នក​​ចេះ​ជម្នះ​ជាមួយ​បញ្ហា មិន​បណ្តោយ​ឲ្យ​​ខ្លួន​​ជាប់​ខ្នោះ​ជាមួយ​ភាព​បរាជ័យ​​អស់​មួយ​ជីវិត។ ព្យាយាម​បោះ​ជំហាន​ទៅ​មុខ បើ​ចង់​ដល់​ត្រើយ​។

៣. មិន​ខ្ជះខ្ជាយ​ពេល ទៅ​ច្រណែន​​​​ភាព​មាន​បាន​របស់​អ្នក​ដទៃ

មនុស្ស​ម្នាក់ៗ សុទ្ធ​តែ​ចង់​មាន​បាន​រៀងៗ​ខ្លួន ប៉ុន្តែ​មាន​មួយ​ចំនួន ដេក​មិន​លក់​បក់​មិន​ល្ហើយ ពេល​ឃើញ​អ្នក​ដទៃ​​ខ្ពស់​ជាង​។ មិន​ចូល​រួម​ត្រេក​អរ​ យក​គំរូ​ល្អ​​តាម​គេ​ហើយ ថែម​ទាំង​​យក​ទុក្ខ​ដាក់​ខ្លួន​ទៀត​។ កុំ​ខ្ជះខ្ជាយ​ពេល​វេលា ទៅ​ច្រណែន​​នឹង​ភាព​ជោគជ័យ​របស់​គេ​អី។ គ្មាន​ឡើយ​ពាក្យ​ថា ឈ្នះ​ឬ​ចាញ់ មាន​តែ​ភាព​រីករាយ នឹង​ទទួល​យក​ការ​ចែក​រំលែក​បទ​ពិសោធន៍​ល្អៗ និង​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។

៤. មិន​សម្រេច​ចិត្ត​​លឿន​ខ្លាំង​ពេក

ពេល​សម្រេច​ចិត្ត​ទាន់​ហន់​ភ្លាមៗ ដោយ​ខ្វះ​ការ​ពិចារណា​ អ្នក​អាច​នឹង​ខក​ចិត្ត​​​នា​ពេល​បន្ទាប់​។ រឿង​ល្អ​ៗ​មាន​​ឱកាស​នឹង​កើត​ឡើង​ច្រើន ​ប្រសិន​បើ​អ្នក​ ចេះ​គិត​គូ​​ល្អិត​ល្អន់ បើក​ចិត្ត​ទូលាយ មុន​សម្រេច​ចិត្ត​លើ​កិច្ចការ​អ្វី​មួយ​។

៥. កុំ​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ​ខ្លាំង​ពេក

ពេល​ខ្លះ​អ្នក​ទាមទារ​​ចង់​​ឲ្យ​គ្រប់​យ៉ាង​​ល្អ​ខ្ពស់​លើស​លប់​ក្នុង​ជីវិត ទើប​បាន​ជា​ពេល​បាត់​បង់ អ្នក​មិន​អាច​សម្រប​ខ្លួន​ឬ​ពិបាក​បត់​បែន​ទៅ​តាម​ស្ថានការណ៍​។ ​ក្តី​សុខ​​អាច​យក​មក​បាន​មិន​យ៉ាប់​ដូចជា​អ្នក​គិត​ឡើយ។ ឲ្យ​តែ​មាន​អារម្មណ៍​ល្អ ធ្វើ​អ្វី​សម​តាម​សមត្ថភាព មិន​បង្ខិត​បង្ខំ​ដាក់​កំហិត​ខ្លួន​ឯង​ឲ្យ​ល្អ​ឥត​ខ្ចោះ​​ខ្លាំង​ពេក នោះ​ស្នាម​ញញឹម​​នឹង​កើត​មាន​រាល់​ថ្ងៃ។ អ្នក​ក៏​អាច​បង្កើត​សុភមង្គល​​ដោយ​ខ្លួន​ឯង និង​ចែក​រំលែក​ទៅ​កាន់​អ្នក​ដទៃ​ផង​ដែរ៕​

ចុចអានបន្ត៖ វិធីលត់ដំចិត្ត ឲ្យចេះស្កប់ស្កល់ មិនច្រណែនពេលឃើញអ្នកដទៃល្អជាង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី