មិត្ត​ស្រី​សុំ​បែក​ ព្រោះ​​ស្រឡាញ់​គ្នា​គ្មាន​អនាគត តែ​ពេល​ខាង​ប្រុស​យក​សៀវភៅ​ធនាគារ​ឲ្យ​មើល​នាង​ក៏​...

  • 2019-07-30 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​ជា​ក្មេង​ម្នាក់​មក​ពី​ស្រុក​ស្រែ។ ដោយ​សារ​ជីវភាព​គ្រួសារ​ខ្ញុំ​មិន​សូវ​ល្អ ខ្ញុំ​ក៏​បាន​រៀន​ចប់​ត្រឹម​ថ្នាក់​បាក់​ឌុប។ ក្រោយ​ពី​រៀន​ចប់​វិទ្យាល័យ ខ្ញុំ​ក៏​ចេញ​មក​ធ្វើ​ការ​ដោយ​ប្រើ​កម្លាំង​ទាំង​ស្រុង ហើយ​ជា​រឿយ​ៗ​ខ្ញុំ​ធ្វើ​ការ​ថែម​ម៉ោង​រហូត​ដល់​យប់។

ដោយ​សារ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដូច្នេះ​ក៏​មិន​សូវ​មាន​ឱកាស​បាន​ស្គាល់​មនុស្ស​ស្រី​​ប៉ុន្មាន​ទេ ហើយ​មិត្ត​ស្រី​ដំបូង​របស់​ខ្ញុំ​គឺ​បាន​ស្គាល់​គ្នា​តាម​ការ​ណែនាំ​របស់​មិត្តភ័ក្ដិ។

រូបតំណាង

នាង​គឺ​ជា​និស្សិត​រៀន​នៅ​មហាវិទ្យាល័យ​មួយ​កន្លែង​ក្នុង​ខេត្ត​ដែល​ខ្ញុំ​រស់​នៅ។ ពេល​យើង​ស្គាល់​គ្នា​កាល​នោះ ចាត់​ទុក​ថា​ជា​ព្រេង​និស្ស័យ​ក៏​ថា​បាន ដោយ​ពួក​យើង​ទាំង​ពីរ​មាន​ចិត្ត​ចាប់​អារម្មណ៍​លើ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​រាប់​គ្នា​ជា​សង្សារ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ពេល​នៅ​រៀន​មហាវិទ្យាល័យ នាង​គឺ​ជា​មនុស្ស​ស្រី​ដែល​ល្អ និង​ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​ខ្ញុំ​មែន​ទែន សូម្បី​តែ​ពេល​ចេញ​ញ៉ាំ​បាយ​ជាមួយ​គ្នា​ នាង​ក៏​មិន​សូវ​ចង់​ទៅ​ជាមួយ​ខ្ញុំ​ឡើយ ព្រោះ​បើ​បាន​ជួប​គ្នា​ពេល​ណា ខ្ញុំ​នឹង​ជា​អ្នក​ប៉ាវ​នាង​រហូត ទើប​នាង​មិន​ចង់​ជួប ដោយ​មិន​ចង់​ឲ្យ​ខ្ញុំ​ត្រូវ​ចាយ​លុយ​ច្រើន។

ខ្ញុំ​ចាប់​ផ្ដើម​ស្រឡាញ់​នាង​កាន់​តែ​ខ្លាំង។ ក្រោយ​ពី​នាង​រៀន​ចប់ នាង​បាន​ទៅ​រក​ការងារ​ធ្វើ ហើយ​ពី​ពេល​នោះ​មក​ចរិត​របស់​នាង​ក៏​ចាប់​ផ្ដើម​ប្រែប្រួល។ ការងារ​របស់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេះ​តែ​មាន​បញ្ហា​ជានិច្ច ទាំង​បញ្ហា​ជាមួយ​ការងារ​ក៏​មាន បញ្ហា​ជាមួយ​អ្នក​រួម​ការងារ​ក៏​មាន បញ្ហា​ជាមួយ​មេ​ក៏​មាន។ ចុង​ក្រោយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ ប្រាប់​ឲ្យ​នាង​ឈប់​ធ្វើ​ការ ហើយ​ខ្ញុំ​នឹង​ចិញ្ចឹម​នាង​ដោយ​ខ្លួន​ឯង។

ពេល​នោះ​នាង​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្នក​ណា​ទៅ​ដឹង​ថា​ការ​ដែល​ខ្ញុំ​ត្រូវ​រក​លុយ​ចិញ្ចឹម​នាង​ក៏​បែរ​ជា​ចំណុច​ចាប់​ផ្ដើម​បញ្ហា​ក្នុង​គ្រួសារ​របស់​យើង។ ក្រោយ​ពី​ខ្ញុំ​រក​លុយ​ចិញ្ចឹម​នាង នាង​ក៏​នៅ​ផ្ទះ​រហូត​ដល់​ធុញ មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ក៏​ចេញ​ទៅ​ដើរ​ទិញ​ឥវ៉ាន់​រហូត។ ពេល​ចេញ​ពី​ផ្ទះ​ម្ដង​ៗ នាង​ចាយ​លុយ​អស់​ជា​ច្រើន។

ខ្ញុំ​បាន​តឿន​នាង​ពីរ​ដង ប៉ុន្តែ​លើក​ចុង​ក្រោយ​នាង​ក៏​និយាយ​ថា នេះ​ជា​កំហុស​របស់​ខ្ញុំ ដែល​ខ្ញុំ​រក​លុយ​ឲ្យ​នាង​ចាយ​មិន​គ្រប់​ ថែម​ទាំង​និយាយ​ដាក់​ខ្ញុំ​ទៀត​ថា​ហេតុ​អ្វី​សង្សារ​មិត្ត​របស់​នាង​អាច​រក​លុយ​ឲ្យ​សង្សារ​គេ​ចាយ​មិន​ដែល​ដាច់។

ដោយ​សារ​តែ​ស្រឡាញ់​ ខ្ញុំ​ក៏​ចេះ​តែ​ទ្រាំ​រហូត​មក​ដល់​ថ្ងៃ តែ​ក៏​ស្មាន​មិន​ដល់​ថា​ក្រោយ​ពី​នោះ​មិន​យូរ​ប៉ុន្មាន នាង​ក៏​សុំ​ខ្ញុំ​បែក​គ្នា​ទាំង​គ្មាន​រឿង​អ្វី​សោះ។ ខ្ញុំ​ព្យាយាម​ទប់​អារម្មណ៍ ហើយ​ក៏​សួរ​ហេតុផល​ថា​ហេតុអ្វី​នាង​ចង់​បែក​គ្នា​ជាមួយ​ខ្ញុំ។

នាង​ប្រាប់​ថា ព្រោះ​ខ្ញុំ​ក្រ ធ្វើ​ការ​យូរ​ហើយ មិន​ឃើញ​មាន​អ្វី​រីក​ចម្រើន​ក្នុង​ជីវិត​សោះ។ នាង​សើច​ចំអក​ខ្ញុំ​ ព្រម​ទាំង​និយាយ​ថា "សម័យ​នេះ ស្អី​ក៏​ដោយ​ក៏​ត្រូវ​ប្រើ​លុយ​ដែរ បើ​បង​មាន​លុយ​ទើប​អ្នក​ផ្សេង​គេ​គោរព​បង តែ​ឥលូវ​នេះ​បង​គ្មាន​ស្អី​ក្នុង​ខ្លួន​ទេ"។ នាង​និយាយ​ទាំង​ខឹង​ច្រឡោត ឯ​ខ្ញុំ​បាន​ត្រឹម​តែ​ញញឹម​ស្ងួត​ៗ​ដាក់​នាង ហើយ​នាង​ក៏​និយាយ​ទៀត​ថា "នៅ​មាន​មុខ​មក​ញញឹម​ដាក់​ខ្ញុំ​ទៀត!”

ខ្ញុំ​មិន​បាន​និយាយ​អ្វី​តប​ទៅ​នាង​ទាំង​អស់ ហើយ​ក៏​ដើរ​ទៅ​យក​សៀវភៅ​ធនាគារ​សន្សំ​ប្រាក់​ដែល​​ខ្ញុំ​ព្យាយាម​រក​មក​ស្ទើរ​មួយ​ជីវិត​មក​ឲ្យ​នាង​មើល។ ពេល​នាង​ឃើញ​តួ​លេខ​ក្នុង​សៀវភៅ​ហើយ ទើប​គាំង​និយាយ​លែង​ចេញ។ នាង​ប្រញាប់​ប្ដូរ​ទឹក​មុខ​ភ្លាម​ៗ និង​និយាយ​ជាមួយ​ខ្ញុំ​ដោយ​ទន់​ភ្លន់​ជាង​មុន​ថា "ហេតុ​អី​បាន​ជា​បង​មាន​លុយ​ច្រើន​ដល់​ថ្នាក់​នេះ?”។ ខ្ញុំ​ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា "មួយ​រយៈ​នេះ​ដែល​ខ្ញុំ​ត្រលប់​មក​ផ្ទះ​វិញ​យប់​ជ្រៅ​ញឹកញាប់ ព្រោះ​ខ្ញុំ​ទៅ​រៀន​ពី​ការ​បណ្ដាក់​ទុន​រក​ស៊ី​ទៅ​អនាគត ដើម្បី​សន្សំ​លុយ​ទុក​សម្រាប់​រៀបចំ​ពិធី​មង្គល​ការ​របស់​យើង ប៉ុន្តែ​... វា​ប្រហែល​ជា​គ្មាន​ថ្ងៃ​នោះ​កើត​ឡើង​ទៀត​ទេ"។

នាង​ប្រញាប់​លុត​ជង្គង់​សុំ​ទោស​ខ្ញុំ ព្រម​ទាំង​និយាយ​ថា "មិញ​អូន​គ្រាន់​តែ​និយាយ​លេង​ទេ អូន​នៅ​តែ​ស្រឡាញ់​បង​ដូចដើម"។ ខ្ញុំ​ឃើញ​រូបភាព​នេះ​ ក៏​ដឹង​ច្បាស់​ក្រឡែត​ថា​នេះ​ជា​ការ​សម្ដែង​ដ៏​ប៉ិន​ប្រសប់​របស់​នាង ទើប​ប្រាប់​ឲ្យ​នាង​ប្រញាប់​រៀប​ចំ​ឥវ៉ាន់​រួច​ហើយ​ចុះ​ចេញ​ពី​ផ្ទះ​ខ្ញុំ។

“ទេ​អូន​អត់​ទៅ​ទេ អូន​សុំ​ទោស​ដែល​យល់​ច្រឡំ​លើ​បង អូន​មិន​ដែល​ដឹង​ឡើយ​ថា​បង​សន្សំ​លុយ​បាន​ច្រើន​យ៉ាង​នេះ ទើប​អូន...”

“ចេញ​ឲ្យ​បាត់​ពី​ផ្ទះ​ខ្ញុំ​ទៅ ខ្ញុំ​លែង​ចង់​ឃើញ​មុខ​នាង​ទៀត​ហើយ"

នាង​អង្គុយ​លុតជង្គង់​សុំ​អង្វរ​ឲ្យ​ខ្ញុំ​លើកលែង​ទោស​រយៈ​ពេល​ជា​យូរ ប៉ុន្តែ​ទី​បំផុត​នាង​ក៏​សុខ​ចិត្ត​ចុះ​ចេញ​តាម​សម្រួល។

ចាត់​ទុក​ថា​នេះ​ជា​សំណាង​ល្អ​របស់​ខ្ញុំ ដែល​ខ្ញុំ​នៅ​មិន​ទាន់​ឲ្យ​ចិញ្ចៀន​ពេជ្រ​ដែល​ខ្ញុំ​លួច​ទិញ​ទុក​ដើម្បី​សុំ​នាង​រៀបការ ពុំ​ដូច្នោះ​ទេ​ខ្ញុំ​អាច​នឹង​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត បើ​សិន​ជា​ត្រូវ​រៀបការ​ជាមួយ​មនុស្ស​ស្រី​ម្នាក់​នេះ ៕

ប្រភព៖ sky.upyim

ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម