គួរឲ្យសរសើរ! អ្នកម្ដាយគំរូ ៧រូប បានប័ណ្ណសរសើរក្រោយបំបៅដោះកូនល្អបំផុត

  • 2019-07-30 07:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​មាន​ការ​អនុវត្ត​ល្អ​ក្នុង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ ទី​បំផុត​អ្នក​ម្ដាយ​គំរូ​ចំនួន​ ៧ រូប​ ទទួល​បាន​ប័ណ្ណ​សរសើរ​ ពី​ឯក​ឧត្ដម​ សាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ នៅ​ក្នុង​កម្មវិធី​សប្ដាហ៍​ពិភព​លោក​ បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​។

នៅ​ថ្ងៃ​ទី​ ៣០ ខែ​កក្កដា​ នេះ​ ក្រសួង​សុខាភិបាល​សហការ​ជា​មួយ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា​ និង​ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ រៀប​ចំ​កម្មវិធី​ទិវា​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ឆ្នាំ​ ២០១៩ ក្រោម​ប្រធាន​បទ​ «យើង​ទាំង​អស់​គ្នា​គាំទ្រ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​»។

កម្មវិធី​មួយ​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​ នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ ដើម្បី​កាត់​បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ និង​អត្រា​ស្លាប់​របស់​កុមារ​។​

អ្នក​ស្រី​ លី សុខហ័ង្គ ប្រធាន​កម្មវិធី​នៅ​អង្គការ​ Hellen Keller ដែល​បាន​ជ្រើស​រើស​ម្ដាយ​គំរូ​ម្នាក់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ បាន​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​ស្ត្រី​ទាំង​ ៧​ នាក់​ទទួល​បាន​ប័ណ្ណ​សរសើរ​ថា​ ជា​អ្នក​ម្ដាយ​គំរូ​នោះ​ គឺ​ដោយ​សារ​តែ​ពួក​គេ​បាន​អនុវត្ត​គោលការណ៍​ក្នុង​ការ​បំបៅ​កូន​បាន​ត្រឹម​ត្រូវ​តាម​គោល​នយោបាយ​ជាតិ​ស្ដី​ពី​ការ​ចិញ្ចឹម​ទារក​និង​កុមារ​តូច​របស់​ក្រសួង​សុខាភិបាល​។

ស្រ្តី​ទាំង​ ៧ នាក់​នេះ​ មាន​ដូច​ជា​ លោកស្រី ឈុន ប៊ុននី មក​ពី​ខេត្ត​ត្បូងឃ្មុំ​ លោក​ស្រី ឈីវ សុជាតា បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​ លោក​ស្រី​ ថន ស៊ីណា មក​ពី​ខេត្ត​សៀមរាប​ លោកស្រី ស្រី សារ៉ាយ មក​ពី​ខេត្ត​សៀមរាប​ លោកស្រី ឆ្លាម អ៊ិត មក​ពី​ខេត្ត​សៀមរាប​ លោកស្រី អ៊ី ឈុន្នា មក​ពី​ខេត្ត​ព្រះវិហា​ និង​អ្នក​ស្រី​ ម៉ា សុវី មក​ពី​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​នេះ​ ឯក​ឧត្ដម​ សាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹង​ថា​ ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​ បាន​សម្រេច​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​គត់​សម្គាល់​មួយ​ ក្នុង​ការ​លើក​កម្ពស់​សុខភាព​ និង​អាហារូបត្ថម្ភ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ មាតា​ ទារក​ និង​កុមារ​តូច​។

           

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទពេញនិយម