Unfriend ចោលឲ្យហើយមនុស្ស ៦ ប្រភេទនេះ នៅលើហ្វេសប៊ុក
- 2019-07-24 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Unfriend ចោលឲ្យហើយមនុស្ស ៦ ប្រភេទនេះ នៅលើហ្វេសប៊ុក
ជីវិតខ្លីណាស់ កុំចំណាយពេលទៅពាក់ព័ន្ធជាមួយមនុស្សឥតបានការ នាំឲ្យឈឺក្បាលខាតបង់ប្រយោជន៍។ ក្នុងនោះរួមបញ្ចូលទាំងមិត្តភ័ក្តិក្នុងបណ្តាញសង្គមផងដែរ។ ដោយសារតែមួយថ្ងៃៗ អ្នកប្រហែលជាប្រើពេលមិនតិចទេ នៅលើហ្វេសប៊ុកអូសចុះឡើងមើលនេះមើលនោះ។ មិត្តភ័ក្តិក្នុងហ្វេសប៊ុកអាចជាមនុស្សជិតស្និទ្ធ មិត្តរួមថ្នាក់ អ្នកធ្វើការជាមួយ សាច់ញាតិបងប្អូន ឬអាចត្រឹមស្គាល់មុខគ្នាធម្មតា។ បណ្តាញសង្គម អាចជួយបង្កើនទំនាក់ទំនងល្អទៅកាន់អ្នកដទៃផ្សេងទៀត ប៉ុន្តែមានប្រភេទមនុស្សមួយចំនួន ទុកមិនចំណេញដកចេញមិនខាត ដូច្នេះគួរ Unfriend ចោលឲ្យហើយ បើមិនចង់ឈឺក្បាលវិលមុខជាមួយ។
១. អ្នកជ្រុលនិយមផ្នែកនយោបាយដោយមិនប្រើចំណេះដឹង
ឲ្យតែពេលបើកទូរសព្ទម្តងៗ ឃើញតែស្រែក ជេរ បញ្ចេញមតិទាំងកំរោល ដោយគ្មានចំណេះដឹង គ្មានហេតុផលពន្យល់ច្បាស់លាស់ ថែមទាំងបំពុលបរិយាកាសឲ្យអាប់អួទៀត។ បើអ្នកគិតថា ស្តាប់មិនចូលត្រចៀក ធ្វើឲ្យស្មុគស្មាញ ច្រើន តើទុកនៅធ្វើអ្វីទៀត? មើលតែនរណាដែលខ្លួនឯងចូលចិត្ត អាចធ្វើជាគំរូល្អទៅបានហើយ។
២. មនុស្សអវិជ្ជមាន
មនុស្សម្នាក់ៗសុទ្ធតែមានទុក្ខលំបាករៀងៗខ្លួន គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកខ្លះវិញ មិនដឹងជាស្អីទេ ពូកែរអ៊ូរទាំ មានរឿងរ៉ាវបង្ហោះមិនលស់ថ្ងៃ។ គ្រាន់តែឃើញហើយក៏ចងស្រ្តេសតាមដែរ។ អ្នកស្រាវជ្រាវបានបង្ហាញទៀតថា បើចង់ឲ្យអារម្មណ៍ស្រស់ស្រាយរីករាយ គួរកាត់បន្ថយការលេងហ្វេសប៊ុក និងព្យាយាមដកខ្លួនចេញពីមនុស្សអវិជ្ជមាន។
៣. សង្សារចាស់
ដាច់ខាតកុំយកពេលដ៏មានតម្លៃ ទៅតាមដាន ចង់ដឹងចង់ឮពីរឿងរ៉ាវគ្រប់យ៉ាងពីសង្សារចាស់។ ទោះបីគ្មានគំនុំគុំកួនអ្វីក៏ដោយ យល់ល្អមិនបាច់បន្តជា Friend នៅក្នុងហ្វេសប៊ុកទៀតទេ ព្រោះសកម្មភាពរបស់គេអាចប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់អ្នក។
៤. មនុស្សបង្អួតឥតល្ហែ
តាមការសិក្សាក្នុងឆ្នាំ ២០១៥ បានបង្ហាញថា ពេលឃើញគេឯងបង្ហោះបង្អួតច្រើនពេកនាំឲ្យអ្នកកើតទុក្ខមិនសុខចិត្ត ដោយសារតែការប្រៀបធៀបជីវិតខ្លួនឯងនិងអ្នកដទៃ។ លើសពីនេះទៅទៀត ចិត្តច្រណែននឹងកើតឡើងមកដោយឯកឯងៗ។ បើមិនចូលចិត្តអ្នកអួតអាងទេ គ្រាន់តែចុច Unfriend ទៅរួចរាល់ហើយ។
៥. មនុស្សចង់បានចំណាប់អារម្មណ៍
ដល់ពេលត្រូវកាត់បន្ថយឬជម្រុះចេញ មនុស្សដែលប៉ិនខាងចូលតួ ចង់បានចំណាប់អារម្មណ៍លើហ្វេសប៊ុក។ មនុស្សប្រភេទនេះ ទុកនៅក៏គ្មានបានអ្វីមកវិញក្រៅពីទាមទារ ចង់ឲ្យគេតាមដាន ចុច Like ចង់លេចធ្លោលើសគេលើសឯង ប៉ុន្តែមើលទៅបែរជាគួរឲ្យធុញទៅវិញ។
៦. មនុស្សដែលមានមោទកភាពលើខ្លួនឯងហួសហេតុ
មិនថាជាដំណើរកម្សាន្ត ការស្រកគីឡូ ឬពេលធ្វើកិច្ចការអ្វីមួយក៏ដោយ តែងចង់ឲ្យគេដឹងគ្រប់រឿង។ តាមការពិតមនុស្សប្រភេទនេះ ចង់បង្ហាញពីសមត្ថភាពឲ្យគេសរសើរស្ញប់ស្ញែង។ ផ្ទុយទៅវិញ នរណាក៏ដឹងដែរថា អ្នកដែលមានសមត្ថភាពពិតប្រាកដមិនសូវចេះនិយាយបូរបាច់ច្រើនទេ គឺគេបង្ហាញដោយទង្វើនិងទំនួលខុសត្រូវ ដែលពោរពេញដោយប្រសិទ្ធភាព មិនមែនក្អេងក្អាងតែសម្តី។
ចុចអានបន្ត៖ មេរៀនសំខាន់ៗពីភរិយាអតីតប្រធានាធិបតីអាមេរិក ស្រីៗគួរតែរៀនតាម