មនុស្សប្រុសល្អមានក្តីស្រលាញ់ មិនទាមទារ ៧ យ៉ាងនេះពីអ្នកដាច់ខាត

  • 2019-07-23 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​តួ​លេខ​ជាក់លាក់​​ណា ​ដែល​អាច​​​កំណត់​​ថា តើ​ត្រូវ​មាន​ប៉ុន្មាន​ចំណុច​ទើប​ក្លាយ​ជា​មនុស្ស​ប្រុស​​ល្អ​គ្រប់​លក្ខណៈ​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្តី ទង្វើ​ខ្លះ​អាច​ស​បញ្ជាក់​ច្បាស់​ ពី​គុណ​តម្លៃ​ដែល​មនុស្ស​ប្រុស​ ដើម​ទ្រូង​ប្រាំ​ហត្ថ​តែង​តែ​ធ្វើ​ដើម្បី​រក្សា​ទំនាក់ទំនង​ស្នេហា​​ឲ្យ​បាន​រឹង​មាំ​​សម​ជា​​កូន​ប្រុស​ពិតៗ។ បើ​​​គាត់​គឺ​ជា​មនុស្ស​ប្រុស​ល្អ មាន​​ក្តី​ស្នេហ៍​ស្មោះ​មែន ដាច់​ខាត​មិន​ធ្វើ​ឬ​ទាមទារ​របស់​ ៧ យ៉ាង​នេះ​​​ ពី​នារី​ដែល​ខ្លួន​ស្រលាញ់​ឡើយ​។

១. មនុស្ស​ប្រុស​ល្អ មិន​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​ច្រើន​ឬ​មាន​អារម្មណ៍​ថា​​គ្មាន​សុវត្ថិភាព

ជា​ដៃ​គូ​នឹង​គ្នា ការ​សង្ស័យ​ចេះ​តែ​មាន​ហើយ​មិនថា​តិច​ឬ​ច្រើន​ទេ ព្រោះ​​មាន​កូន​ចិត្ត​មួយ​ខ្លាច​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​។ សម្រាប់​មនុស្ស​ប្រុស​ល្អ​វិញ​ គាត់​មិន​ដែល​ចាត់​ទុក​​អ្នក​ជា​របស់​លេង​សើច​ទុក​សាគួរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ គាត់​តែង​បង្ហាញ​អារម្មណ៍​ត្រូវ​ការ យក​ចិត្ត​ទុក​ដាក់ មិន​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ច្រើន ហើយ​ចាត់​ទុក​អ្នក​ជា​មនុស្ស​ស្រី​សំខាន់​ក្នុង​ជីវិត​របស់​គាត់​។

២​. មនុស្ស​ប្រុស​ល្អ មិន​រារាំង​ហាម​ឃាត់​អ្នក​ពី​ក្តី​​ស្រមៃ​ដែល​ប៉ង​ទុក​ជា​យូរ

គាត់​មិន​ចាប់​​ចង​ស្លាប​​​​ ឃាត់​ឃាំង​មិន​ឲ្យ​ហោះ​ហើរ​ទៅ​​កាន់​ទី​កន្លែង​​​ប្រាថ្នា​របស់​អ្នក។ ប៉ុន្តែ​គាត់​ចង់​ចូល​រួម​ចំណែក ដើម្បី​ជួយ​ឲ្យ​អ្នក​លូតលាស់​ទៅ​មុខ លើក​ទឹក​ចិត្ត ដើម្បី​បាន​ទៅ​ដល់​គោល​ដៅ​ ព្រោះ​ភាព​ជោគជ័យ​របស់​អ្នក ក៏​​ជា​ភាព​ជោគជ័យ​របស់​គាត់​ដូច​គ្នា។ គាត់​មិន​បញ្ជា​​អ្នក​ឲ្យ​ទៅ​​​ឆ្វេង ពេល​ដែល​អ្នក​ចង់​ទោ​ស្តាំ ព្រោះ​គាត់​ចង់​ឲ្យ​អ្នក​​មាន​សិទ្ធិ​​​ជ្រើស​រើស​​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​សម្ពាធ​ពី​នរណា​ម្នាក់ និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចុះ​ចាញ់​ងាយៗ​ឡើយ។

៣. មនុស្ស​ប្រុស​ល្អ​ មិន​ជ្រៀត​ជ្រែក​​រឿង​ផ្ទាល់​ខ្លួន​​ហួស​​ហេតុ

ស្នេហា​ដែល​រឹង​មាំ គឺ​តែង​មាន​​ព្រំដែន​ជាក់លាក់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ​ថ្វី​ត្បិត​តែ​ត្រូវ​នៅ​ជិត​គ្នា​​ច្រើន​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​និង​ការ​យល់​ចិត្ត​ ប៉ុន្តែ​ក៏​​​ត្រូវ​ចេះ​បែង​ចែក​ពេល​វេលា​​គ្នា​​ផ្ទាល់​ខ្លួន​ឲ្យ​​បាន​ត្រឹម​ត្រូវ​ដែរ។ បើ​គាត់​ចង់​ដឹង​រឿង​​គ្រប់​យ៉ាង​ពេក ដូច​ជា​ឆែកឆេរ​ទូរសព្ទ ចូល​មើល​បណ្តាញ​សង្គម​សព្វ​គ្រប់ មាន​ន័យ​ថា​គាត់​មិន​ទុក​ចិត្ត​ ឬ​ប្រចណ្ឌ​ចង់​ដឹង​រឿង​ឯង​ជន​លើស​ហើយ។ មនុស្ស​​ប្រុស​ល្អ​ ស្រលាញ់​​​អ្នក​ពិត​មែន គាត់​នឹង​គោរព​ជឿ​ទុក​ចិត្ត មិន​មែន​ជ្រៀតជ្រែក​ហួស​ហេតុ​ដូច្នេះ​ទេ។

៤. មនុស្ស​ប្រុស​ល្អ មិន​​​វាយ​ប្រហារ​​អ្នក

វាយ​ប្រហារ សំដៅ​ទៅលើ​ទាំង​ផ្លូវ​ចិត្ត ផ្លូវ​កាយ ការ​​រួម​ភេទ​ឬ​ដោយ​ប្រយោល។ ដាច់​ខាត​មនុស្ស​ប្រុស​ល្អ គេ​មិន​ដែល​ធ្វើ​ទង្វើ​អាត្មា​និយម​​បែប​នេះ​ឡើយ។ មិន​មែន​ជា​ការ​ប្រើ​កម្លាំង​បាយ ឬ​សម្តី​គំរាម​កំហែង​ ប៉ុន្តែ​ជា​ការ​ប្រើ​ចំណេះ​ដឹង ប្រាជ្ញា ហេតុ​ផល​សម​រម្យ ដើម្បី​ប្រឈម​និង​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ដែល​កើត​ឡើង​ចំពោះ​មុខ។

៥. មនុស្ស​ប្រុស​ល្អ មិន​ក្បត់​​​អ្នក​ឡើយ

ក្នុង​លោក​នេះ ​ឱកាស​​​ដែល​អាច​ក្បត់​​បោក​ប្រាស់​មាន​ច្រើន​ខ្លាំង​ណាស់​ សម្រាប់​មនុស្ស​គ្រប់​គ្នា។ គ្រាន់​តែ​​អ្នក​ខ្លះ គេ​ចេះ​ហាម​​​​ឃាត់​​មិន​ឲ្យ​មាន​កំហុស ឯ​មនុស្ស​មួយ​ចំនួន​ទៀត​វិញ​ គឺ​មាន​និស្ស័យ​ក្បត់​​តាំង​​ពី​កំណើត ឬ​គ្មាន​វិធី​​ណា​ទប់​ស្កាត់​ខ្លួន​ មិន​​ឲ្យ​ក្បត់​បាន​ឡើយ។ បើ​មនុស្ស​ប្រុស​ល្អ​វិញ បើ​ស្រលាញ់​មួយ​ដឹង​មួយ ហើយ​គាត់​មិន​ត្រេក​ត្រអាល​នឹង​រូប​រាង​ទាក់ទាញ​​ខាង​ក្រៅ​របស់​ស្រី​ដទៃ​ឡើយ ព្រោះ​គាត់​​​មាន​ចិត្ត​ស្មោះ​ល្អ​​​បរិសុទ្ធ​ មិន​​កំសាក​ក្បត់​ពាក្យ​​សន្យា។

៦. មនុស្ស​ប្រុស​ល្អ មិន​​ធ្វើ​ហី​ៗ នឹង​សម្តី​រអ៊ូរទាំ​របស់​អ្នក

មនុស្ស​ពីរ​នាក់​​ស្រលាញ់​គ្នា ខ្លាំង​យ៉ាង​ណា​​ ក៏​មិន​អាច​គេច​ពី​ជម្លោះ​បាន​ឡើយ​។​ បើ​គាត់​ជា​​មនុស្ស​ប្រុស​ល្អ គាត់​នឹង​មិន​គេចវេះ​ពី​បញ្ហា​ទេ​ ហើយ​​ក៏​មិន​ធ្វើ​ហីៗ នៅ​ពេល​ដែល​អ្នក​និយាយ​រអ៊ូ​ដែរ។ គាត់​សម្លឹង​មើល​កែវ​ភ្នែក ព្យាយាម​ស្តាប់​និង​ស្វែង​​យល់ ចេះ​លួងលោម​​ដើម្បី​កែប្រែ​ស្ថានភាព​ឲ្យ​បាន​ល្អ​ប្រសើរ។

៧. មនុស្ស​ប្រុស​ល្អ មិន​បន្ទាប​តម្លៃ​របស់​អ្នក

តម្លៃ ប្រៀប​ដូច​ជា​កាដូ​ដ៏​មាន​ន័យ ដែល​អ្នក​អាច​ឲ្យ​ទៅកាន់​ដៃ​គូ​។ នរណា​ក៏​ចង់​បាន​​ការ​ឲ្យ​តម្លៃ​ដែរ​​ មិន​មែន​មើល​ងាយ​ទេ។ មនុស្ស​ប្រុស​ល្អ​ តែង​មើល​ឃើញ​ពី​តម្លៃ​​របស់​អ្នក មិន​ជាន់​ឈ្លី​ ឬ​ធ្វើ​​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មិន​ស្អាត មិន​ល្អ​គ្រប់​គ្រាន់​ មិន​សម​នឹង​ទទួល​បាន​ស្នេហា​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពេញ​លេញ​នោះ​ឡើយ​​។ លើស​ពី​នេះ​ទៅ​ទៀត គាត់​នៅ​តែ​រក្សា​ក្តី​ស្រលាញ់ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពិសេស និង​​កក់​ក្តៅ​ជានិច្ច។

ចុះ​អ្នក​វិញ​បាន​ជួប​មនុស្ស​​ប្រុស​ល្អ​ហើយ​ឬ​នៅ? បើ​នៅ​ទេ សូម​ឲ្យ​​បាន​ជួប​ឆាប់​ៗ​នេះ​ណា​!

ចុចអានបន្ត៖ ប្រពន្ធ​ៗ​ត្រូវ​ចាំ​ថា បើ​អ្នក​ទម្លាប់​ធ្វើ ៤ យ៉ាង​នេះ​ចំពោះ​ប្ដី ជីវិត​អ្នក​នឹង​វេទនាដោយសារ​ខ្លួនឯង

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី