ម្តាយឆ្លាតគួរប្រើវិធីទាំងនេះ បើចង់ឲ្យកូនចេះនិយាយសុំទោសដោយ​សុជីវធម៌

  • 2019-07-24 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“សុំ​ទោស​បង​ភ្លាម​ កូន​ឯង​ទៅ​ច្រាន​បង​ឲ្យ​ដួល​អ៊ី​ចឹង​កើត​ដែរ”​

“បើ​គាត់​មក​ដណ្ដើម​កន្លែង​កូន​មុន”​

“តែ​យើង​ទៅ​ច្រាន​គេ​មិន​ត្រូវ​ទេ​កូន​ សុំ​ទោស​បង​ភ្លាម​ទៅ​ បើ​មិន​ចឹង​ទេ​ មិន​បាច់​លេង​ទេ​ ទៅ​ផ្ទះ​វិញ”​

“សុំ​ទោស”​ក្មេង​តូច​និយាយ​ទាំង​ទឹក​មុខ​ក្រញ៉ូវ គ្រ​លាស់​ដៃ​គ្រ​លាស់​ជើង​មិន​ពេញ​ចិត្ត​

“សុំ​ទោស​ឲ្យ​ស្រួល​បួល​មើល៎!”​

“កូន​សុំ​ទោស​ហើយ​តើហ៎​ នៅ​ចង់​បាន​ម៉េច​ទៀត!”​

មនុស្ស​ធំ​ច្រើន​តែ​ចំណាយ​ពេល​បង្ខំ​ឲ្យ​ក្មេង​ៗ​និយាយ​ពាក្យ​ “សុំទោស”។​ មាន​ឳពុក​ម្ដាយ​ខ្លះ​ដាច់​ខាត​តឹងរឹងលើរឿង​នេះ​ខ្លាំង​ដល់​ថ្នាក់​ទាស់​សម្ដី​ឬ​មាន​ហិង្សា​លើ​កូន​ដោយ​សារ​មិន​ព្រម​សុំ​ទោស​ទៀត​ផង។​ លោក​ វេជ្ជបណ្ឌិត Jiraphorn Arunakol អ្នកជំនាញផ្នែកកុមារ វេជ្ជសាស្រ្តវ័យជំទង់ និងបម្រែបម្រួលអ៉រម៉ូនភេទ(Gender Variation Clinic) ប្រចាំមន្ទីរពេទ្យរាមាធិបតី បាងកកប្រទេសថៃ ប្រាប់ថា

នៅ​ពេល​ឪពុក​ម្ដាយ​បង្ខំ​ គំរាមខ្លាំង​ៗ​ កូន​នឹង​ប្រើ​ផ្នែក​មួយ​នៃ​ខួរ​ក្បាល​សម្រាប់​ធ្វើ​យ៉ាង​ណា​ឲ្យ​រួច​ខ្លួន​មួយ​ពេល​ៗ​ ដូច​ជា​មាន​ត​មាត់​ត​សម្ដី​(ទ្រគោះ​បោះ​បោក​ បោក​ប្រាស់​វត្ថុ​ក្បែរ​ខ្លួន)​ ដើរ​គេច​ចេញ​ កុហក​ ឬ​យល់​ព្រម​ទាំង​មិន​ពេញ​ចិត្ត ជាដើម។​

ក្មេង​តូច​មាន​អាកប្ប​កិ​រិ​យា​យក​តែ​ចិត្ត​ខ្លួន​ឯង​ ពួក​គាត់​មិន​ទាន់​អភិវឌ្ឍន៍​ដល់​ថ្នាក់​អាច​យល់​ដឹង​ពី​ការ​យោគ​យល់​អធ្យាស្រ័យ​ដូច​មនុស្ស​ធំ​នោះ​ទេ។​ ដូច្នេះ​ហើយ​ អ្វី​ដែល​មនុស្ស​ធំ​ត្រូវ​ធ្វើ​គឺ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្មេង​ចេះ​យោគ​យល់​អារម្មណ៍​អ្នក​ដទៃ​បន្តិច​ម្ដង​ៗ។​ ការ​សុំ​ទោស​មិន​សុទ្ធ​តែ​ជា​រឿង​ធំ​ដុំ​ក្នុង​ការ​រីក​ចម្រើន​របស់​ក្មេង​នោះ​ទេ។​

សូម្បី​នៅ​ក្នុង​សង្គម​មនុស្ស​ធំ​ក៏​ដោយ​ លោក​អ្នក​ក៏​មិន​ត្រូវ​ការ​មនុស្ស​ដែល​សុំ​ទោស​តែ​មាត់​ សុំ​ទោស​ទាំង​បង្ខំ​ចិត្ត​ ពេល​មាន​រឿង​អ្វី​កើត​ឡើង​គិត​តែ​ថា​សុំ​ទោស​មួយ​ម៉ាត់​ក៏​ចប់​រឿង​ឡើយ។​ លោក​អ្នក​ក៏​ត្រូវ​ការ​មនុស្ស​ធំ​ដែល​យល់​អារម្មណ៍​អ្នក​ដទៃ​ មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ឯង​ដែរ។​

សម្រាប់​អាណា​ព្យា​បាល​ដែល​ជួប​បញ្ហា​កូន​ៗ​មិន​ព្រម​សុំ​ទោស​ ពេទ្យ​ជំនាញ​ផ្នែក​កុមារ​មាន​ការ​ណែ​នាំ​ដូច​ខាង​ក្រោម៖​

១. និយាយ​ “សុំទោស” ​ជំនួស​កូន​មុន​ (ក្នុង​ឋានៈ​ជា​ឪពុក​ម្ដាយ​ ករណី​កូន​ធ្វើ​ខុស​ចំពោះ​អ្នក​ដទៃ)​ ធ្វើ​ឲ្យ​កូន​មើល​ឃើញ​ ហើយ​សឹម​ត្រឡប់​មក​និយាយ​គ្នា​ដោយ​សន្តិវិធី​ជាមួយ​កូន​ៗ​តាម​ក្រោយ​

២. “ស្ដាប់”​ ពាក្យ​ក្នុង​ចិត្ត​និង​អារម្មណ៍​កូន​ដោយ​ការ​តាំង​ចិត្ត​

៣. បង្ហាញ​កូន​ថា​យើង​យល់​អារម្មណ៍​កូន​ដែល​ខឹង​ព្រោះ​កូន​អ្នក​ដទៃ​មក​ដណ្ដើម​កន្លែង​លេង​

៤. ប្រើ​ពេល​សន្ទនា​ជាមួយ​កូន​ ហើយ​ព្យាយាម​ឲ្យ​កូន​បញ្ចេញ​យោបល់​ថា​បើ​សិន​អ្នក​ដែល​ត្រូវ​គេ​ច្រាន​គឺ​ជា​ខ្លូន​យើង​វិញ​ តើ​កូន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?​

៥. បង្រៀន​វិធី​ដោះ​ស្រាយ​បញ្ហា​ថ្មី​ៗ​ ថា​មាន​វិ​ធី​ផ្សេង​ពី​នេះ​ទេ​ដែល​អាច​ឲ្យ​យើង​ការ​ពារ​សិទ្ធិ​របស់​យើង​ដោយ​មិន​ចាំ​បាច់​ប្រើ​ហិង្សា​លើ​អ្នក​ដទៃ​ ជា​ជាង​ការ​ច្រាន​គេ​ឲ្យ​ដួល​ កូន​អាច​និយាយ​ប្រាប់​បង​ស្រួល​ៗ​ថា​ កូន​កំពុង​តម្រង់​ជួរ​ចាំ​លេង​ដែរ​ មើល៎​កូន​សាក​និយាយ​មើល៎​

៦. ព្យា​យាម​បង្ហាត់​និង​ឲ្យ​ឱកាស​កូន​ជ្រើស​រើស​វិធី​ផ្សេង​ដែល​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ល្អ​ ប៉ះ​ប៉ូវ​ទង្វើ​ដែល​កូន​ៗ​លោក​អ្នក​ធ្វើ​ខុស​ ដូច​ជា​ក្មេង​ខ្លះ​អាច​នឹង​មិន​និយាយ​សុំ​ទោស​ តែ​គាត់​អាច​ចង់​សរសេរ​ឬ​ធ្វើ​អ្វី​ផ្សេង​ដើម្បី​កែ​ប្រែ​កំហុស​ក៏​មាន​ដែរ។​

៧. កំណត់​របៀប​របប​ជាមួយ​កូន​ឲ្យ​ច្បាស់​ បើ​សិន​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៀត​ មាន​ន័យ​ថា​កូន​មិន​ទាន់​អាច​លេង​ជាមួយ​គេ​បាន​ទេ​ថ្ងៃ​នេះ​ យើង​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​សិន​ ចាំ​ពេល​ណា​កូន​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ហើយ​ ចាំ​មក​លេង​ម្ដង​ទៀត​ពេល​ក្រោយ។​

៨. ចំណុច​សំខាន់​បំផុត​ ឪពុក​ម្ដាយ​ត្រូវ​ចេះ​ប្រើ​ពាក្យ​សុំ​ទោស​ទៅ​វិញ​ទៅ​មក​ពេល​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​មិន​ល្អ​ ដូច​ជា​ប៉ា​សម្ដី​ធ្ងន់​ដាក់​ម៉ាក់​ ម៉ាក់​មិន​សប្បាយ​ចិត្ត​ ប៉ា​ចេះ​សុំ​ទោស​ម៉ាក់​ជា​ដើម។​ គម្រូ​ល្អ​ៗ​របស់​ឪពុក​ម្ដាយ​ទើប​មាន​ឥទ្ធិពល​ដល់​កូន​តូច​ៗ​ជាង​ការ​បង្ខំ​តាម​អ្វី​ដែល​ឪពុក​ម្ដាយ​គិត​ថា​ត្រូវ​តែ​ខ្លួន​មិន​ដែល​ធ្វើ។​

គួរ​ឈប់​ចំណាយ​ពេល​បង្ខំ​ឲ្យ​កូន​និយាយ​ពាក្យ​សុំ​ទោស​ ទាំង​ដែល​ក្នុង​ចិត្ត​មិន​យល់​ថា​ហេតុ​អ្វី​ត្រូវ​សុំ​ទោស​ទេ។​ ពាក្យ​សុំ​ទោស​នឹង​គ្មាន​ន័យ​អ្វី​ទាំង​អស់​ មិន​មាន​ផល​ល្អ​អ្វី​សម្រាប់​អ្នក​ណា​ទាំង​អស់​(លើក​លែង​ទុក​មុខ​ឲ្យ​ម្ដាយ​ដែល​ត្រូវ​បង្ខំ​កូន​ឲ្យ​ចេះ​សុំ​ទោស​នៅ​មុខ​គេ)។​ ការ​បង្រៀន​ឲ្យ​កូន​តូច​ៗ​មាន​ភាព​វ័យ​ឆ្លាត​ផ្លូវ​អារម្មណ៍​មាន​ផល​ល្អ​រយៈ​ពេល​វែង​ជាង​ការ​ប្រជែង​យក​មុខ​មាត់​ឬ​យក​ឈ្នះ​មួយ​ពេល​ៗ៕​

ចុចអាន៖ ​ កុំប្រើរំពាត់អី! កូនទើបតែអាយុ២-៣ឆ្នាំ គូរប្រើវិធីទាំងនេះវិញ

ប្រភព៖ เลี้ยงลูกนอกบ้าน ប្រែ​សម្រួល៖ Sokchea Heng

អត្ថបទពេញនិយម