ក្រៅ​ពី​រ៉ូប គ្រឿង​ដែល​កញ្ញា ឡុង ថាវរី ពាក់ ​តម្លៃ​សុទ្ធ​តែ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ!

  • 2019-07-18 04:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា ឡុង ថាវីរី ដែល​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ទៅ​ហើយ​នោះ ស្រាប់​តែ​លេច​មុខ​មក​វិញ ក្នុង​ថ្ងៃ​ការ​របស់​មិត្ត​រួម​អាជីព អ៊ុន អាលីហ្សា នៅ​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​ទី ២៥ មិថុនា ២០១៩។ គ្រា​នោះ ថាវរី លេច​ធ្លោ​សម្រស់​ជាមួយ​រ៉ូប​ពណ៌​ស្រាល​មួយ​ឈុត អម​នឹង​គ្រឿង​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត ដែល​មួយ​ៗ សុទ្ធ​តែ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក។

គ្រឿង​លម្អ​ខ្លួន​របស់​តួឯក​ស្រី​រឿង "បង​ប្អូន​២នាក់" រូប​នេះ រួម​មាន រ៉ូប កង​ដៃ កាបូប និង​ចិញ្ចៀន​ជា​ដើម។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ចំពោះ​រ៉ូប​ពណ៌​រាង​ស​លាយ​ខៀវ​ស្រាល គឺ​ជា​ការ​ច្នៃ​ម៉ូដ​ដោយ​ខ្លួន​ឯង ក្នុង​ការ​ចំណាយ​ទៅ​លើ​ក្រណាត់ ថ្លៃ​ឈ្នួល​ជាង​អស់​ប្រមាណ​ជាង ២០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ប៉ុន្តែ​គ្រឿង​អលង្ការ​ផ្សេង​ទៀត​សុទ្ធ​តែ​ថ្លៃ​រាប់​ម៉ឺន ក្នុង​នោះ​ក្រវិល​ម៉ូដ​រំយោល មាន​តម្លៃ​ជិត២ម៉ឺន​ដុល្លារ។ កង​ដៃ​ត្បូង​ភ្លឺ​ចិញ្ចាច មាន​តម្លៃ​ជាង២ម៉ឺន​ដុល្លារ ចិញ្ចៀន​ពេជ្រ ក៏​មាន​តម្លៃ​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ ឯ​មួយ​វង់​ទៀត​ត្រឹម​ជាង២ពាន់​ដុល្លារ​ប៉ុណ្ណោះ។ ដោយ​ឡែក​របស់​ប្រើប្រាស់​ផ្សេង​ទៀត គឺ​កាបូប​ដៃ មាន​តម្លៃ​ជាង ១០០​ដុល្លារ។ សរុប​ទាំង​អស់ មួយ​ឈុត​ដែល ថាវរី រំលេច​ថ្ងៃ​ការ អ៊ុន អាលីហ្សា នោះ គឺ​មាន​តម្លៃ​សរុប​ជិត ៧ម៉ឺន​ដុល្លារ​អាមេរិក។

តួលេខ​ប៉ុណ្ណេះ ឡុង ថាវរី ប្រាប់​ថា រាង​ច្រើន​បន្តិច​ដែរ ប៉ុន្តែ​ថា គ្រឿង​ទាំង​នេះ យូរ​ៗ​នាង​ពាក់​ម្ដង គឺ​សម្រាប់​តែ​ឱកាស​ពិសេស​ដូច​ជា​ការ​មិត្ត​រួម​អាជីព​ដូច្នេះ។ ភាព​ហ៊ឺហា​ទាំង​នេះ តារា​ស្រី បាន​ប្រាប់​ថា ជា​កម្លាំង​ញើស​ឈាម​របស់​នាង​ផ្ទាល់ ក្រោយ​ពី​បាន​ដក​ខ្លួន​ពី​សិល្បៈ​ទៅ​ប្រកប​ជំនួញ​វិញ ដោយ​ធ្វើ​ជា​អ្នក​ចង​ការ​ប្រាក់។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​នាង​មិន​ទាន់​វិល​មក​សិល្បៈ​វិញ បើ​ទោះ​មាន​ផលិតករ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​រឿង​ជា​ច្រើន​បាន​ទាក់​ទង​ក៏​ដោយ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម