ទម្លាប់ធ្វើរឿងសាមញ្ញទាំងនេះ អ្នកគ្មានថ្ងៃធុញនឹងការងារទេ

  • 2019-07-16 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ចំណាយ​​​ពេល​៩០​%​​ នៃ​ជីវិត​​ទៅ​លើ​ការងារ ដែល​​ជា​​ពេល​ច្រើន​បំ​ផុត​​។ ​ដូច្នេះ​បើ​អ្នក​ប្រើ​អារម្មណ៍​មិន​បាន​ល្អ​អំឡុង​បំពេញ​ការងារ​ទេ ​អ្នក​នឹង​ជួប​រឿង​មិន​សប្បាយ​ចិត្ត។ ​ម្ល៉ោះ​ហើយ អ្នក​ត្រូវ​មាន​​ការ​គិត​វិជ្ជមាន​ ​ដើម្បី​ការងារ​បាន​ប្រសើរ​ផង ជីវិត​អ្នក​ផ្ទាល់​ក៏​សប្បាយ​រីករាយ​ថែម​ទៀត។ ​

១. ​រៀប​ចំ​ថ្ងៃ​របស់​អ្នក​ឲ្យ​មាន​តុល្យភាព

​ម៉ោង​ធ្វើ​ការ​គឺ​ធ្វើ​ការ ​តែ​ម៉ោង​សម្រាក​គឺ​សម្រាក ​​អ្នក​មិន​គួរ​បូក​បល់​លាយ​ឡំ​គ្នា​ទេ។ ​ថ្ងៃ​ចុង​សប្ដាហ៍​បើ​ទំនេរ ​ក៏​បបួល​មិត្តភ័ក្ដិ​ឬ​ក្រុម​គ្រួសារ​ទៅ​លំហែ​កម្សាន្ត​​ដើម្បី​ឲ្យ​ជីវិត​បាន​ស្គាល់​ពិភព​ខាង​ក្រៅ និង​ទទួល​បទ​ពិសោធន៍​ថ្មី​ៗ។ ​កុំ​ងប់​ងល់​តែ​ការងារ​ពេក ​ហើយ​ក៏​កុំ​ងប់​ងុល​តែ​រឿង​ដើរ​លេង​សប្បាយ តែ​ត្រូវ​ធ្វើ​ឲ្យ​វា​មាន​តុល្យភាព ​ទើប​អ្នក​មិន​ស្មុគ​ស្មាញ។

២. តម្រង់​ទិស​ដៅ​ការងារ​ជាមួយ​អនាគត​​

​ធ្វើការ​ដែល​យើង​អត់​ចូល​ចិត្ត ​នឹង​ធ្វើ​ឲ្យ​យើង​ធុញ​ទ្រាន់។ ​ដូច្នេះ​បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់ ​អ្នក​ត្រូវ​តម្រង់​គោល​ដៅ​ឲ្យ​ច្បាស់​លាស់ ​ហើយ​ច្បាម​ឱកាស​រក​ការងារ​ដែល​អ្នក​ស្រលាញ់​នោះ​មក​ធ្វើ​ឲ្យ​បាន។ ​យក​ការងារ​​ធ្វើ​ជា​គោល​ដៅ​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន ​​នោះ​អ្នក​នឹង​ទទួល​បាន​អនាគត​ល្អ​ ហើយ​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា​។

៣. កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា

ឆ្លៀត​រៀន​អ្វី​ដែល​ថ្មី​ៗ​ ដើម្បី​ជំរុញ​ជីវិត​ការងារ​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ។ ​កុំ​ធ្វើ​ការ​ច្រើន​ឆ្នាំ ​តែ​អ្វី​ដែល​អ្នក​ចេះ​នៅ​ដដែល​ៗ ​គួរ​ចេះ​ស្វែង​រក​ជំនាញ​និង​​បំ​និន​ថ្មី ​ឲ្យ​សម​នឹង​រយៈ ពេល​យូរ​ឆ្នាំ​ដែល​អ្នក​ធ្វើ​ការ។

៤. បង្កើត​ទំនាក់​ទំនង

​​ជជែក​លេង​ជាមួយ​មិត្ត​រួម​ការងារ​ដូច​ជា​ពេល​សម្រាក​ ​ឬ​​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជា​ដើម ​​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​នៅ​កន្លែង​​ការងារ​។ បង្កើត​ភាព​ជិត​ស្និទ្ធ​ជាមួយ​មនុស្ស​ជុំ​វិញ​​មិន​ថា​ក្នុង​ក្រុម​ការងារ ​ឬ​​អ្នក​ផ្សេង​ៗ​ ​សូម្បី​តែ​ថ្នាក់​លើ​ផង​ដែរ។

​៥. ​លំហែ

​​​​មិន​ត្រឹម​​ជួយ​ឲ្យ​ក្បាល​អ្នក​បាត់​ស្រេ្តស​ទេ ​ប៉ុន្តែ​វា​ក៏​ល្អ​សម្រាប់​សុខភាព​អ្នក​ផង​ដែរ និង​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​​ចេះ​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ​ទៀត​ផង។ ​អ្នក​អាច​ចំណាយ​ពេល​ដើរ​១០​នាទី​ពេល​ចេញ​ពី​ធ្វើ​ការ ​ដើម្បី​បង្កើន​ថាម​ពល​ផ្លូវ​ចិត្ត​​សម្រាប់​​ខ្លួន​ឯង​ឲ្យ​ល្អ​បំផុត។

៦. ស្ដាប់​ពាក្យ​រិះ​គន់​ហើយ​ពិចារណា

កុំ​ខ្លាច​ក្នុង​ការ​ទទួល​ពាក្យ​រិះ​គន់​ ព្រោះ​នឹង​ជួយ​ស្ថាបនា​អ្នក​ឲ្យ​លូត​លាស់​ជាង​មុន។ ​ទោះ​បី​ពាក្យ​រិះ​គន់​នោះ​ត្រឹម​២​ម៉ាត់​ក៏​ដោយ ​ក៏​ជួយ​ឲ្យ​អ្នក​ដឹង​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​បាន​ដែរ។ ​វា​ប្រៀប​ដូច​កញ្ចក់​ជួយ​​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង​បាន។

៧. ​ចេះ​ជួយ​អា​សារ

​​​វា​នឹង​បង្ហាញ​ពី​ការ​​គោរព ​និង​សន្តាន​ចិត្ត​របស់​អ្នក​ជាមួយ​មិត្ត​រួម​ការងារ។ ​លើស​ពី​នេះ ​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ​ឃើញ​ពិភព​លោក​នេះ​ក្នុង​ផ្លូវ​វិជ្ជមាន។ ​​អ្នក​អាច​ជួយ​អ្វី​​ដែល​អ្នក​អាច​ធ្វើ​បាន ​ដែល​ជា​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

៨. ​មុន​ចូល​គេង ​កុំ​​ភ្លេច​គិត​ពី​សមិទ្ធផល​ថ្ងៃ​នេះ

​​មធ្យោបាយ​ល្អ​បំ​ផុត​​ជួយ​ឲ្យ​អ្នក​ជោគ​ជ័យ​ក្នុង​ជីវិត គឺ​អ្នក​គួរ​មាន​ទម្លាប់​គិត​ពី​សមិទ្ធផល​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ និង​មនុស្ស​​ល្អ​ៗ​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​អ្នក​។ ​វា​នឹង​ជំរុញ​អ្នក​ឲ្យ​មាន​ស្មារតី​ភ្លឺ​ស្វាង ​ចង​ចាំ​ល្អ និង​ខំប្រឹង​ផលិត​ភាព​លើ​ការងារ​បន្ថែម​ទៀត។ វា​នឹង​កើត​ឡើង​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ ​ដោយ​វិជ្ជមាន​និង​សប្បាយ​រីករាយ ​មិន​សូវ​គិត​អ្វី​អាក្រក់​ៗ​ច្រើន​នោះ​ទេ។

ចុចអាន៖ ​​ បើ​ជីវិត​អ្នក​កំពុង​តែ​ក្រឡាប់ចាក់ គួរ​ធ្វើ​រឿង ៥ យ៉ាង​នេះ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម