បើ​មិន​អាច​ស្រលាញ់​ទេ ចាំបាច់ធ្វើឲ្យ​ខ្ញុំយល់​ច្រលំធ្វើអី?

  • 2019-07-15 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​ គឺ​ជា​និស្សិត​ស្រី​ម្នាក់ ដែល​តែង​តែ​ខិត​ខំ​រៀន​ណាស់ ហើយ​ខ្ញុំ​ក៏មិន​ដែល​គិត​ថា​ចង់​មាន​ស្នេហា ពេល​ដែល​ខ្ញុំ​កំពុង​តែ​រៀន​ឆ្នាំ​ទី ១ នៅ​មហាវិទ្យាល័យ​ដែរ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពេល​នេះ គឺ​ចង់​រៀន​ឲ្យ​ពូកែ ហើយ​ទទួល​បាន​អាហារ​រូបករណ៍​ទៅ​រៀន​បន្ត​ នៅ​អាមេរិក។ ប៉ុន្តែ​ការតាំងចិត្ត​របស់​ខ្ញុំ ត្រូវ​បាន​រលាយ នៅ​ពេល​ដែល​បុរស​ម្នាក់​នោះ បាន​ចូល​មក​ក្នុងជីវិត​របស់​ខ្ញុំ។

ថ្ងៃមួយ នៅ​បណ្ណាល័យ ពេល​ខ្ញុំ​កំពុង​អាន​សៀវភៅ គេ​សម្លឹង​មើល​មុខខ្ញុំ​រហូត ហើយ​តាម​មើល​ខ្ញុំ​ រហូត​ដល់​ខ្ញុំ​ចេញពី​បណ្ណាល័យ​នោះ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យខ្លាច​ដែរ ព្រោះ​ខ្ញុំ​មិន​ដែល​ស្គាល់​គេ​សោះ​។ ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត គេ​ក៏​បាន​សួរ​នាំ​ខ្ញុំ​ខ្លះ​ៗ។ ពេល​នោះ​ហើយ​ទើប​ខ្ញុំ​ដឹង​ថា គេ​គឺ​ជា​សិស្ស​ច្បង​របស់​ខ្ញុំ។ គាត់​ថា ​ចង់​ស្វែងយល់​ពី​សិស្ស​ប្អូន​ខ្លះ​ៗ ដើម្បី​បំពេញ​និក្ខេបបទ​សម្រាប់​ការ​ស្រាវជ្រាវ​របស់​គាត់​។

តាំងពី​ពេល​នោះ​មក ពួក​យើង​ក៏​តែង​តែ​ជួប​គ្នា ដើម្បី​ធ្វើ​ការងារ​សាលា។ ខ្ញុំ​ជា​រឿយ​ៗ គឺ​ត្រូវ​ការ​ជំនួយ​ពី​គាត់ ព្រោះ​ថា​គាត់​មាន​ចិត្ត​ល្អ ហើយ​ពូកែ​ទៀត​។ យ៉ាងណាក៏ដោយ ខ្ញុំ​មិន​ដែល​គិត​ថា​ស្រលាញ់​គាត់​នោះ​ទេ​។

ប៉ុន្តែចិត្ត​របស់​ខ្ញុំ​ ស្រាប់​តែ​បាន​ប្រែប្រួល នៅ​ពេល​ដែល​គាត់​ចេះ​តែ​ធ្វើ​ល្អ​ដាក់​ខ្ញុំ ហើយ​គាត់​យកចិត្ត​ទុក​ដាក់​ជាមួយខ្ញុំ​ខុស​ពី​ជាមួយ​សិស្សប្អូន​ស្រី ដទៃ​ទៀត។ រាល់​ថ្ងៃ គាត់​តែងជូន​ខ្ញុំ​ទៅ​ផ្ទះ ទិញ​ការ៉ែម​ឲ្យ​ខ្ញុំ​ញុំា ហើយ​ជូន​ខ្ញុំ​ទៅ​កន្លែង​ប្លែកៗ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ចិត្ត​ជា​ខ្លាំង​។

គាត់​បញ្ចេញ​អាការៈ​ធ្វើ​ដូចជា​សង្សារ​របស់​ខ្ញុំ​អីចឹង។ គាត់​ហួងហែង ពេ​ល​មាន​ប្រុស​ណា​ម្នាក់​មក​ស្និទ្ធ​ស្នាល​ជាមួយ​ខ្ញុំ​។ គាត់​តែងតែ​ប្រាប់​រឿង​សម្ងាត់​របស់​គាត់​ដល់​ខ្ញុំ​មុន​គេ។ ពេល​ដែល​ខ្ញុំ​ប្រាប់​គាត់​ថា «បង! គឺ​ជា​មនុស្ស​ពិសេស​ម្នាក់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ពេ​ល​បាន​នៅ​ជាមួយ​បង។» ពេលនោះ គាត់​ក៏​ឱប ហើយ​ថើប​ក្បាល​ខ្ញុំ រួច​ញញឹម និង​និយាយ​ថា ៖ «អូន​ក៏​ជា​មនុស្ស​ស្រី​ម្នាក់ ដែល​មាន​លក្ខណៈ​ពិសេស​ជាង​ស្រី​ដទៃ ដែល​បង​បាន​ស្គាល់​ដែរ។ អូន​រឹងមាំ ហើយ​គួរ​ឲ្យ​ស្រលាញ់​ជាង​គេ​។» 

ទង្វើ​របស់​គាត់​យូរ​ៗ​ទៅ ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា គាត់​ប្រាកដ​ជា​ស្រលាញ់​ខ្ញុំ​ខ្លាំង​ណាស់។ ដូច្នេះ ថ្ងៃ​មួយ ខ្ញុំ​ក៏​ណាត់​ជួប​គាត់ ដោយ​តែង​ខ្លួន​យ៉ាង​ស្អាត។ ខ្ញុំ​ណាត់​គាត់​ទៅ​ញុំាអី ហើយ​និយាយ​ប្រាប់​ពីអារម្មណ៍​ពិត​របស់​ខ្ញុំ​ ចំពោះ​គាត់​។ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំងណាស់ ហើយ​សួរ​គាត់​ថា តើ​ពួក​យើង​អាច​បង្ហាញ​ប្រាប់​គេ​បាន​ ឬ នៅ​ថា​យើង​ជា​សង្សារ​នឹង​គ្នា​?

ប៉ុន្តែ​អ្វី​ៗ គឺ​ខុស​ពី​ការ​គិត​ទាំង​ស្រុង! គាត់​តប​ដោយ​មុខ​ស្ងួត​មក​ខ្ញុំ​ថា តាំង​ពី​ដើម​មក​គាត់​មិន​ដែល​គិត​ចង់​បាន​ខ្ញុំ​ជា​សង្សារ​នោះ​ទេ ព្រោះ​គាត់​មិន​អាច​ស្រលាញ់​ស្រី​ណា​ម្នាក់​បាន​ នៅ​ពេល​នេះ​ឡើយ។ គាត់​គ្រាន់​តែ​ចង់​រៀន​ឲ្យ​ពូកែ ហើយ​មាន​ការងារធ្វើ​ឲ្យ​បាន​ល្អ នៅ​ថ្ងៃមុខតែប៉ុណ្ណោះ។ គាត់​ប្រាប់​ខ្ញុំ​ឲ្យ​កាត់​ចិត្ត ហើយ​ដើរ​ចេញ​ពី​ខ្ញុំ​រហូត។

តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ដូច​ជា​មនុស្ស​គ្មាន​វិញ្ញាណ ហើយ​គាត់​ក៏​លែង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ​ ដូច​ពី​មុន​ទៀត​ដែរ​។ ពេល​គាត់​ឃើញ​ខ្ញុំ គាត់​ក៏​ចេះ​តែ​គេច​វេស ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​រអៀស​ខ្លួន ហើយ​មាន​អារម្មណ៍​ថា ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​ម្នាក់​នោះ គ្រាន់តែ​ចូល​មក​ជីវិត​ខ្ញុំ ដើម្បី​បោក​បញ្ឆោត​សេ្នហា​ខ្ញុំ​ប៉ុណ្ណោះ។ ហើយ​ហេតុអ្វី​គេ​ចាំ​បាច់​ខឹង ពេល​ខ្ញុំ​ចាប់​ផ្តើម​ស្រលាញ់​គេ​? ហើយ​បើ​គេ​មិន​អាច​ស្រលាញ់​ខ្ញុំ​បាន​ទេ មក​ស្និទ្ធស្នាល​ជាមួយ​ខ្ញុំ​ធ្វើ​អ្វី​? ធ្វើឲ្យ​ខ្ញុំ​យល់​ច្រលំ​ ចំពោះស្នេហានេះ​ធ្វើអី?

ចុចអាន៖ ​ សុខ​ចិត្ត​ឈឺ​ចាប់​ដោយ​ការ​ពិត ជាជាង​លួងលោម​​ចិត្ត​ដោយ​ការ​បោកប្រាស់

អត្ថបទ៖ ផល សុខភារី

អត្ថបទពេញនិយម