វិធីហាមឃាត់ខ្លួនឯង កុំឲ្យចេះតែដើរ Crush លើគេផ្តេសផ្តាស
- 2019-07-11 10:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីហាមឃាត់ខ្លួនឯង កុំឲ្យចេះតែដើរ Crush លើគេផ្តេសផ្តាស
មនុស្សស្រីដែលធ្លាប់តែនៅលីវ ហើយបែរជាចង់មានស្នេហាមួយរំពេច អាចនឹងលង់ស្រលាញ់នរណាម្នាក់ ដោយមិនបានគិតគូល្អិតល្អន់ និងអាចឈានដល់ការខកបំណងខ្លាំង ព្រោះអ្វីៗមិនដូចជាការរំពឹងទុកទាល់តែសោះ។ ពេលខ្លះ គ្រាន់តែឃើញគេភ្លាម ក៏ចាប់ផ្តើមមានអារម្មណ៍លើគេភ្លែត ហើយដេកគិតនឹកស្រមៃទាំងថ្ងៃម្នាក់ឯង ទាំងដែលគេមានគូរួចទៅហើយ ឬមិនល្អគ្រប់ដប់ដូចសំបកក្រៅឡើយ។ ដើម្បីការពារខ្លួនមិនឲ្យលង់ស្នេហ៍ ដើរ Crush លើនរណាម្នាក់ផ្តេសផ្តាស ដោយមិនបានសង្កេតពីចំណុចអាក្រក់របស់គេ កុំភ្លេចដាស់តឿនខ្លួនឯង តាមវិធីខាងក្រោមនេះ។
១. ឆែកមើលថាគាត់មានចំណុចដែលអ្នកចង់បានឬទេ
វាជារឿងចាំបាច់ក្នុងការកត់ត្រានូវចំណុចល្អដែលអ្នកចង់បានពីបុរសក្នុងក្តីស្រមៃ ជាជាងការកត់ទុកតែចំណុចអាក្រក់ដែលអ្នកមិនចង់បាន។ ហេតុនេះហើយ កុំប្រញាប់ប្រញាល់វាយតម្លៃតែសំបកក្រៅលឿនពេក។ គួរចេះសង្កេតមើលថាតើគាត់មានបុគ្គលិកលក្ខណៈ ត្រូវនឹងអ្វីដែលអ្នកកត់ត្រាទុកដែរឬអត់? ទោះមិនបានគ្រប់ទាំងអស់ យ៉ាងហោចណាស់ក៏មានមួយចំនួន ទើបជាតម្លៃពិតប្រាកដ។
២. រកវិធីដកខ្លួន
តើអ្វីទៅដែលអាចធ្វើឲ្យអ្នកឈប់គិតពីគេមិនលស់ពេល? បើរកនឹកមិនឃើញទេ សាកអង្គុយសញ្ជឹងគិតមួយភ្លែត ហើយសម្លឹងមើលឲ្យបានឆ្ងាយ។ ពេលខ្លះរបស់ល្អទាក់ទាញ មិនប្រាកដថាអាចនៅស្ថិតស្ថេររឹងមាំបានយូរ មានគុណភាពខ្ពស់ដូចដែលគិតនោះទេ។ កុំរវល់តែធ្វើតាមបេះដូងពេក ប្រយ័ត្នដកខ្លួនមកវិញមិនកើត។
៣. រស់នៅជាមួយការពិត មិនមែនពិភពក្លែងក្លាយ
ប្រហែលជាគាត់ស្អាតសង្ហា ឆ្លាត និងទាន់សម័យ ដូចជាវីរបុរសក្នុងរឿងកុន ស្រីណាក៏ប៉ងចង់បាន។ ប៉ុន្តែឈប់សិន កុំទាន់អាលស្រមើស្រមៃថាម្នាក់នោះល្អឥតខ្ចោះគ្មានទាស់ ព្រោះមនុស្សទាំងអស់លើលោកនេះ សុទ្ធតែមានចំណុចខ្សោយនិងគុណវិបត្តិរៀងៗខ្លួន។
៤. រៀនប្រកែកនឹងខួរក្បាលរបស់អ្នក
ខួរក្បាលនិងអ័រម៉ូននៅក្នុងខ្លួនអ្នក បើចេះតែបណ្ដោយគឺមិនបានទេ វាពិតជាគ្រោះថ្នាក់ណាស់។ ពេលខ្លះវាអាចបញ្ជាឲ្យអ្នកគិតនិងធ្វើរឿងខុសទំនងមិនសមហេតុផល ជាពិសេសនៅពេលលង់ស្នេហ៍នឹងបុរសណាម្នាក់។ គួរប្រកែកជាមួយខួរក្បាលខ្លួនឯងផង ទើបគ្មានរនាំងនៅបាំងមុខ។
៥. ជៀសវាងចង់រកស្នេហាឲ្យបានលឿនទាន់ហន់
ស្នេហាពិតនឹងរត់មករកអ្នកដោយឯកឯង ក្នុងពេលវេលាសមគួរណាមួយ។ អ្នកមិនចាំបាច់បង្ខំ ឬគិតថាខ្លួនឯងដល់អាយុត្រូវតែមាននោះទេ។ ផ្តោតសំខាន់លើគោលដៅក្នុងជីវិតឲ្យបានច្បាស់លាស់សិន គង់តែជួបបុរសពិតមិនខាន។ បើអ្នកសម្រេចចិត្តតាមអារម្មណ៍មួយឆាវ ដល់ពេលអនាគតអាចនឹងមានកំហុសដោយមិនដឹងខ្លួន និងស្តាយក្រោយជារៀងរហូត។
Crush លេងៗសិនបានហើយ ងប់ងុលពេក ប្រយ័ត្នខូចចិត្តគ្មានអ្នកដឹង៕
ចុចអានបន្ត៖ កុំស្រលាញ់មនុស្សប្រុសដែលមិនព្យាយាមធ្វើអ្វីសោះ ដើម្បីបានបេះដូងអ្នក