រឿងដែលម្តាយឪពូកគួរដឹង ចៀសវាងបង្ខំកូនឲ្យស្របតាមខ្លួនគ្រប់ពេល

  • 2019-07-11 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ថ្ងៃ​មួយ ​ខ្ញុំ​បាន​នាំ​កូន​ទៅ​សាលា​រៀន ស្រាប់​តែ​លឺ​សំឡេង​ក្មេង​​ស្រី​ម្នាក់ ​យំ​ឱប​ជើង​ម្ដាយ​ហើយ​​​និយាយ​ថា ​"​ម៉ាក់! ​កូន​សុំ​ទោស។ ​ទឹក​ដោះ​គោ​ដែល​ម៉ាក់​ទិញ​​ទុក​ក្នុង​កាតាប​​ កូន​​មិន​ចង់​ផឹក​ទៀត​ទេ"។ ​ លឺ​បែប​នេះ​ ម្ដាយ​ក្មេង​ស្រី​នោះ​ក៏​ស្រែក​ថា "​ហេតុ​អ្វី កូន​មិន​ស្ដាប់​បង្គាប់​អ៊ី​ចឹង​?” ​​​មើល​ទៅ​គាត់​ខឹង​ខ្លាំង​ណាស់ ​តែ​ស្ត្រី​ម្នាក់​ទៀត​ប្រាប់​ថា ​កូន​របស់​អ្នក​មិន​ខុស​ទេ។ ​បើ​គេ​មិន​ចង់​ផឹក ​កុំ​បង្ខំ​គេ​អី។

​អ្នក​ម្ដាយ​ជា​ច្រើន​បារម្ភ​ខ្លាច​កូន​ឃ្លាន ​និង​គ្មាន​ប្រូ​តេ​អ៊ីន​គ្រប់​គ្រាន់​ ដូច្នេះ​​ម្ដាយ​តែង​ទិញ​នំ​ចំណី​ទុក​ក្នុង​កាតាប​ឲ្យ​កូន​ពេល​ទៅ​រៀន អាច​ឲ្យ​គេ​ញ៉ាំ​ពេល​ចេញ​លេង។ ​ក្ដី​ស្រលាញ់​របស់​ម្ដាយ​សម្រាប់​កូន​ៗ​ធំ​ធេង​ណាស់ ​ប៉ុន្តែ​ពេល​ខ្លះ​ នេះ​មិន​មែន​ជា​វិធី​ល្អ​ដើម្បី​បង្ហាញ​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​​នោះ​ទេ។

​អ្នក​មិន​ដឹង​ទេ​ថា ចំណី​ដែល​អ្នក​ទិញ​នោះ​តើ​កូន​ចូល​ចិត្ត​ញ៉ាំ​ឬ​អត់? តាម​ពិត​នៅ​សាលា​រៀន ​ក៏​មាន​លក់​អាហារ​ច្រើន​មុខ​ដែរ ​។ ​អ្នក​​មិន​គួរ​បង្ខំ​កូន​ឲ្យ​ចូលចិត្ត​អ្វី​ដូច​អ្នក​ចូលចិត្ត​នោះ​ទេ។ ​គួរ​តែ​​ឲ្យ​គេ​ជ្រើស​អ្វី​ដែល​គេ​ចង់ ហើយ​ពេល​ខ្លះ​អ្នក​គួរ​ទម្លាប់​ឲ្យ​គេ​ចេះ​របៀប​ទិញ​អ្វី​ដោយ​ខ្លួន​​ឯង ​ដែល​ជួយ​ឲ្យ​គេ​ចេះ​គ្រប់​គ្រង​លុយ​កាក់​​បាន​ត្រឹម​ត្រូវ​តាំង​​ពី​នៅ​ក្មេង។

​​រឿង​មួយ​ទៀត​របស់​អ្នក​ជិត​ខាង​ខ្ញុំ ​គឺ​នៅ​ពេល​កូន​ស្រី​ធំ​ពេញ​វ័យ ហើយ​ម្ដាយ​ឪពុក​របស់​នាង​​ចង់​ឲ្យ​នាង​រៀប​ការ​ជាមួយ​កូន​ប្រុស​មិត្ត​ភក្កិ​ជិត​ស្និទ្ធ​របស់​គាត់។ ​នាង​មិន​ដែល​ស្គាល់​កូន​ប្រុស​នោះ​ពី​មុន​មក​ទេ ​ហើយ​នាង​​បដិសេធ​ពី​មង្គលការ​នេះ ​។ ​គ្រួសារ​​នេះ​ពី​មុន​មាន​សុភមង្គល​ណាស់ ​តែ​​ឥលូវ​​បែរ​ជា​​មិន​ត្រូវ​គ្នា ​ព្រោះ​តែ​រឿង​រៀប​ការ​ទៅ​វិញ។

រឿង​ទាំង​ពីរ​នេះ ​ធ្វើ​ឲ្យ​ខ្ញុំ​​​យល់​ច្បាស់​ថា សម្រាប់​កូន​​​ កុំ​បង្ខំ​អ្វី​ដែល​គេ​មិន​ចូល​ចិត្ត។ ​ប្រសិន​បើ​សូម្បី​តែ​ញ៉ាំ​អាហារ​ក៏​គេ​គ្មាន​សិទ្ធ​សម្រេច​ដោយ​ខ្លួន​ឯង ហើយ​សូម្បី​តែ​រឿង​រៀបការ​ក៏​ត្រូវ​ម្ដាយ​ឪពុក​ជួយ​សម្រេច​ចិត្ត​ឲ្យ ​តើ​កូន​របស់​អ្នក​អាច​ធំ​​ដោយ​រស់​នៅ​ឯក​រាជ្យ​ដោយ​របៀប​ណា? ​តើ​ពួក​គេ​អាច​សប្បាយ​ចិត្ត​ឬ​អត់?

កាល​ខ្ញុំ​នៅ​តូច ​ម្ដាយ​ឪពុក​​បង្រៀន​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មនុស្ស​ល្អ ​ប្រឹង​ប្រែង​រៀន ​និង​ចេះ​យក​ចិត្ត​​អ្នក​ដទៃ​ដាក់​ក្នុង​ចិត្ត​ខ្លួន​ឯង។ ​ម្ដាយ​ឪពុក​ខ្ញុំ​ប្រាប់​ថា កូន​ស្រី​បើ​រឿង​ណា​កូន​មិន​ចង់​ធ្វើ ​ហើយ​​​មិន​ស្រប​តាម​បេះ​ដូង​កូន​ទេ ​កូន​អាច​ឆ្លើយ​​​ទេ​ ​កុំ​យល់​ស្រប​គ្រប់​រឿង​ទាំង​កូន​មិន​ចង់។ ​​ខ្ញុំ​តែង​ទន្ទេញ​ពាក្យ​នេះ​ចាំ​ក្នុង​ចិត្ត​ជា​និច្ច។

ឆ្លង​កាត់​រឿង​ទាំង​នេះ​ខ្ញុំ​ដឹង​ថា នៅ​ពេល​អ្នក​និង​កូន​ឈ្លោះ​គ្នា ​​អ្នក​គួរ​រំងាប់​ចិត្ត​ហើយ​អង្គុយ​ជជែក​គ្នា​រក​ដំណោះ​ស្រាយ។ ​កុំ​ធ្វើ​អ្វី​ដែល​ជា​គំនិត​អភិរក្ស​និយម ​រហូត​កូន​មិន​អាច​ទទួល​យក​បាន។ ​ម្ដាយ​ឪពុក​គ្រប់​រូប​គួរ​គិត​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​បើ​ឃើញ​កូន​របស់​អ្នក​ពិត​ជា​ខុ​ស​មែន​ សូម​ពន្យល់​​គេ​ឲ្យ​បាន​ច្បាស់​លាស់ ឲ្យ​គេ​យល់​មិន​មែន​បង្ខំ​នោះ​ទេ។​​​ ​

​អត្ថបទ​នេះ​មិន​បាន​បង្រៀន​ឲ្យ​កូន​ទាំង​​អស់​ត្រូវ​ជំទាស់​ម្ដាយ​ឪ​ពុក​​ទេ ​តែ​មាន​រឿង​ជា​ច្រើន​ម្ដាយ​ឪពុក​គួរ​យល់​ពី​កូន​ឲ្យ​បាន​ច្រើន ​ចៀស​វាង​ការ​ដាក់​គំ​នាប ហើយ​ខឹង​កូន​​ពេល​មិន​ព្រម​ធ្វើ​តាម។ ​ចំណែក​កូន​វិញ​ ត្រូវ​ប្រាប់​ហេតុផល​ច្បាស់​លាស់​ទៅ​អ្នក​មាន​គុណ ​កុំ​ធ្វើ​អី​តាម​ទំនើង​ចិត្ត គួរ​មាន​ទម្លាប់​ថ្លឹង​ថ្លែង​ដោយ​យក​ហេតុ​ផល​ច្បាស់​លាស់ ទើប​ម្ដាយ​ឪពុក​អ្នក​មិន​អស់​សង្ឃឹម៕​

​ចុចអាន៖ ​ កូនចង់សិក្សា មិនខ្លាចសាលាតាំងពីថ្ងៃចូលរៀនដំបូង អ្នកម្តាយឆ្លាតគួរអនុវត្តវិធីនេះ

​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម