អារម្មណ៍ដែលយល់ច្រឡំម្នាក់ឯង

  • 2019-07-08 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​លង់​ស្រលាញ់​គេ​ម្នាក់​ឯង​ខុស​មួយ​ទៅ​ហើយ កាន់​តែ​ខុស​ខ្លាំង​ទៀត​នោះ​​នៅ​ឆ្លៀត​គិត​ថា​គេ​មាន​ចិត្ត​លួច​ស្រលាញ់​យើង​វិញ​ដែរ ​ទាំង​ការ​ពិត​គេ​​គ្មាន​ដឹង​អី​សោះ។​​​​

ឃើញ​គេ​ធ្វើ​ល្អ ​យក​ចិត្ត​តែ​បន្តិច​មនុស្ស​ស្រី​ ​ច្រើន​តែ​គេច​មិន​ផុត​ពី​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ ។ ​ដេក​ដើរ​គិត​ម្នាក់​ឯង​ថា ​គេ​ប្រហែល​មាន​ចិត្ត​លើ​យើង​វិញ​ទេ​ដឹង ​បើ​មិន​អ៊ី​ចឹង​មិន​មែន​គេ​មក​ធ្វើ​ល្អ​ដាក់​យើង​ដល់​ម្លឹង​នោះ​ទេ។ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លង់​លើ​គេ​ដក​ចិត្ត​មិន​រួច ​ចង់​ឃើញ​មុខ​គេ ​នឹក​គេ​កាន់​តែ​ខ្លាំង។ ​ថ្ងៃ​ដែល​មិន​បាន​ជួប​គេ ពិភពលោក​ប្រែ​ជា​ស្ងាត់​ ខ្មៅ​ស្រអាប់​​យ៉ាង​ចម្លែក។ ​​ស្រលាញ់​​គេ​ម្នាក់​ឯង​ពិបាក​ណាស់ ព្រោះ​មិន​ដឹង​ចិត្ត​​គេ​យ៉ាង​ណា។ ​យើង​​ចេះ​តែ​​ផ្ដល់​​សង្ឃឹម​ឲ្យ​ខ្លួន​ឯង​ថា ​គេ​លួច​ស្រលាញ់​យើង​ដែរ ហើយ​ចាំ​ថ្ងៃ​គេ​សារភាព ​ចាំ​ថ្ងៃ​យើង​ក្លាយ​ជា​សង្សារ​នឹង​គ្នា ហើយ​លួច​សើច​ម្នាក់​ឯង​ពេល​​នឹក​ឃើញ​ដល់​រឿង​នេះ​។ ​យូរ​ទៅ​ៗ ​​ដូច​មាន​ញាណ​មក​ប្រាប់​ថា ​ល្មម​ភ្ញាក់​ពី​សុបិន​ហើយ​ព្រោះ​គ្រប់​យ៉ាង​គេ​អត់​បាន​ស្រលាញ់​យើង​ទេ ​។ ​គេ​គ្រាន់​មាន​អារម្មណ៍​ល្អ​ជាមួយ​យើង ហើយ​គេ​ក៏​ធ្វើ​​ល្អ​ដាក់​មនុស្ស​គ្រប់់​គ្នា​តែ​អ៊ី​ចឹង​​ដែរ​ហ្នឹង។

​ពេល​ដល់​ចំណុច​នេះ ​ឈឺ​ចាប់​ខ្លាំង​បន្តិច​ព្រោះ​ការ​ទទួល​ស្គាល់​ការពិត​ថា​មនុស្ស​យើង Crush ​គេ​អត់​ដែល​គិត​អី​ចំពោះ​យើង​ពិសេស​ដូច​យើង​ទេ។ ​គេ​ចាត់​ទុក​យើង​ដូច​មិត្ត​ភក្កិ​ធម្មតា​ប៉ុណ្ណោះ។ ​​ពេល​ខ្លះ​យើង​ស្អប់​ខ្លួន​ឯង ​ខឹង​គេ​ ហេតុ​អ្វី​ធ្វើ​ឲ្យ​យើង​យល់​ច្រឡំ? ​បើ​មិន​ស្រលាញ់​ហេតុ​អ្វី​មក​ធ្វើ​​ល្អ ​ឲ្យ​យើង​គិត​ម្នាក់​ឯង​បែប​នេះ? ​យើង​ចាប់​ផ្តើ​ម​ស្តី​បន្ទោស​ខ្លួន​ឯង ​ចាប់​ផ្តើម​ចង់​នៅ​ឆ្ងាយ​ពី​គេ ​ចាប់​ផ្តើម​លែង​ចង់​ជួប​មុខ​គេ ​ទាំង​ចិត្ត​នេះ​នឹក​គេ​ស្ទើរ​ដាច់​ខ្យល់។ ​គិត​កាន់​តែ​ខ្លាំង កាន់​តែ​វិល​វល់ ព្រោះ​បើ​បន្ទោស​គេ​ក៏​មិន​ត្រូវ ​ជួប​មុខ​គេ​ហើយ​​ឈប់​និយាយ​រក​ក៏​មិន​សម ព្រោះ​គេ​អត់​មាន​ខុស​អី​ផង ​យើង​តើ​គិត​ម្នាក់​ឯង​។

​យល់​ច្រឡំ​ម្នាក់​ឯង​ជា​អារម្មណ៍​ធ្វើ​បាប​ផ្លូវ​​ចិត្ត​ខ្លាំង​ជាង​គេ​បំផុត​ ព្រោះ​​ពេល​ផ្ដើម​ងាយ​ស្រួល​តែ​​ពេល​បញ្ចប់​ មិន​ដឹង​​គួរ​ចប់​ដោយ​របៀប​ណា។ យ៉ាង​ណា ក្តី​ស្រលាញ់​ចំពោះ​មនុស្ស​ម្នាក់​មិន​ខុស​​ទេ ។​​​ ស្នេហ៍​មួយ​នេះ​ហោ​ច​ណាស់​ ក៏​ធ្វើ​ឲ្យ​យើង​​យល់​និង​បាន​ទទួល​មេរៀន​មួយ​ ​ថ្ងៃ​ក្រោយ​កុំ​ឆាប់​គិត​អី​ផ្ដេសផ្ដាស​ម្នាក់​ឯង ​កុំ​គ្រាន់​​គេ​ធ្វើ​ល្អ​ដាក់​បន្តិច​ក៏​តាំង​គិត​ថា​នេះ​ជា​ស្នេហា រហូត​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដល់​ថ្នាក់​នេះ​។ ជូនពរ​ខ្លួន​ឯង​ឲ្យ​ឆាប់​​ជួប​មនុស្ស​ដែល​គេ​ធ្វើ​ល្អ​ដាក់​យើង​មែន ហើយ​ស្រលាញ់​យើង​មែន​ទែន កុំ​ឲ្យ​គិត​ខុស​ម្នាក់​ឯង​ទៀត៕

​ចុចអាន៖ ​​ វិធី​កាត់​ចិត្ត​​បើ​ដឹង​ថា​យើង​មិន​អាច​បាន​បេះដូង​បុរស​ម្នាក់​នោះ​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម