កូនចង់សិក្សា មិនខ្លាចសាលាតាំងពីថ្ងៃចូលរៀនដំបូង អ្នកម្តាយឆ្លាតគួរអនុវត្តវិធីនេះ

  • 2019-07-05 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​កូន​តូច​​ពេល​ចូល​រៀន​​ថ្ងៃ​ដំបូង ​អាច​ជា​រឿង​ឈឺ​ក្បាល​ចំពោះ​ឪពុក​ម្ដាយ ដោយសារ​ពួក​គេ​មិន​ទាន់​ស៊ាំ​នឹង​មជ្ឈដ្ឋាន​ថ្មី រួម​ទាំង​គ្រូ​​និង​មិត្ត​រួម​ថ្នាក់។ ​​ម្ល៉ោះ​ហើយ ​អ្នក​ម្ដាយ​ឆ្លាត​វៃ​ទាំង​អស់​គួរ​ត្រៀម​តិច​និក​ទាំង​១០​នេះ ​ដើម្បី​កុំ​ឲ្យ​ដល់​ពេល​កូន​ចូល​រៀន ធ្វើ​ឲ្យ​គេ​យំ​​ ខ្លាច​សាលា​។

​​​១. ​បង្រៀន​កូន​ពី​របៀបរបប​នៅ​សា​លា

ឪពុក​ម្ដាយ​គួរ​ដឹង​ពី​កម្មវិធី​សាលា​របស់​កូន​រៀន​​​ឲ្យ​បាន​ច្បាស់​លាស់។ ​អ្នក​គួរ​ចំណាយ​ពេល​ជជែក​លេង​ជាមួយ​កូន​​រាល់​ថ្ងៃ ហើយ​សួរ​គេ​អំ​ពី​​សកម្មភាព​​ពាក់​ព័ន្ធ​នឹង​សាលា​ដូចជា ​បរិយាកាស​បន្ទប់​រៀន ​មិត្ត​រួម​ថ្នាក់​របស់​គេ​ជា​ដើម។ ​​ទន្ទឹម​នឹង​នេះ ​អ្នក​ត្រូវ​ប្រាប់​គេ​​ឲ្យ​​​ហ៊ាន​លើក​ដៃ​​សួរ​គ្រូ​ពេល​មិន​យល់​អ្វី​មួយ ​ឬ​ចង់​ចេញ​ទៅ​​បន្ទប់​​ទឹក និង​ចេញ​ក្រៅ ​ផង​ដែរ​​។ បង្ហាត់​គេ​ឲ្យ​មាន​ទម្លាប់​​ចេះ​ក្រោក​ឈរ​​គោរព​ នៅ​ពេល​គ្រូ​ចូល​និង​ចេញ​ពី​​ថ្នាក់​រៀន​ជា​ដើម។

២. ទម្លាប់​ឲ្យ​កូន​ស៊ាំ​និង​មជ្ឈដ្ឋាន​ថ្មី​

​ប្រាប់​កូន​​របស់​អ្នក​ថា​អ្នក​ណា​ខ្លះ​ដែល​​ពួក​គេ​នឹង​ជួប​នៅ​សាលា ដូច្នេះ​​ពួក​គេ​នឹង​​ដឹង​​​​ពេល​គ្មាន​​ម្ដាយ​ឪពុក​នៅ​ជិត​​ដូច​កាល​នៅ​ផ្ទះ។ ​​​អ្នក​ត្រូវ​ចំណាយ​ពេល​បង្រៀន​ពួក​គេ​បន្ថែម​​ពី​​ការ​សម្រប​ខ្លួន​ដូច​ជា​ពេល​ញ៉ាំ​នំ​​ចំណី ​ឬ​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន។ ​ក្រៅ​ពី​នេះ ​​​​ឲ្យ​គេ​រៀន​គូ​រូប ​ផាត់​ពណ៌ ​សរសេរ​អក្សរ​នៅ​ផ្ទះ​​ប្រហែល​​កន្លះ​ម៉ោង​ឬ ៤៥​នាទី​នៅ​ផ្ទះ ដើម្បី​ឲ្យ​គេ​ឆាប់​​ចាំ និង​មាន​អារម្មណ៍​​មិន​សូវ​ខ្លាច​ពេល​ទៅ​រៀន​។

​៣. ​នាំ​កូន​ទៅ​មើល​សា​លា​ មុន​ថ្ងៃ​ចូល​រៀន​

​​មុន​ថ្ងៃ​ចូល​រៀន អ្នក​អាច​​នាំ​កូន​​ទៅ​មើល​សាលា​សិន​ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​មិន​​សូវ​ខ្លាច។ ​ពេល​នោះ​អ្នក​អាច​ឆ្លៀត​ប្រាប់​គេ​​ពី​ថ្នាក់​រៀន​ដែល​គេ​នឹង​រៀន ​​​ទី​តាំង​បន្ទប់​ទឹក​នៅ​​​ទី​ណា ​បណ្ណាល័យ រួម​ទាំង​បន្ទប់​ញ៉ាំ​អាហារ​ជា​ដើម ​ឲ្យ​គេ​ស្គាល់​បណ្ដើរ​ៗ។ ​​នៅ​ថ្ងៃ​នោះ​ក៏​មាន​ម្ដាយ​ឪពុក​របស់​សិស្ស​ផ្សេង​ៗ​យក​កូន​មក​ចុះ​ឈ្មោះ​ចូល​រៀន​ដែរ ​ដូច្នេះ​ជា​ឱកាស​ឲ្យ​កូន​របស់​អ្នក​បាន​ស្គាល់​មិត្ត​ភក្កិ​ថ្មី​ៗ ​ដែល​ធ្វើ​ឲ្យ​កូន​​កាន់​តែ​មាន​អារម្មណ៍​ចង់​មក​រៀន​។

៤. ​ទិញ​ខោ​អាវ​​ទៅ​រៀន​ឲ្យ​គេ​ឲ្យ​ហើយ​​

​ឲ្យ​កូន​របស់​អ្នក​សាក​ល្បង​​ស្លៀក​ខោ​អាវ​ទៅ​រៀន​ឲ្យ​ហើយ ​ដើម្បី​ឲ្យ​​គេ​កាន់​​តែ​ស៊ាំ​នឹង​​ការ​​សិក្សា។ ​លើ​ស​ពី​នេះ ​ឲ្យ​ជា​យោបល់​ពី​ការ​តុប​តែង​កាតាប​ទៅ​រៀន​របស់​គេ​ដូច​ជា ​បើ​បន្ថែម​បន្តោង​សោ​រូប​​ខ្លា​ឃ្មុំ​មួយ​​ប្រហែល​មើល​ទៅ​ស្អាត​ ឬ​បើ​ពាក់​ស្បែក​ជើង​ប៉ា​តា​ពណ៌​ខ្មៅ​បែប​នេះ​មើល​ទៅ​សម​នឹង​​ឈុត​ទៅ​រៀន​របស់​គេ​ជា​ដើម។

៥. សួរ​អារម្មណ៍​របស់​កូន​

​​​​​​​​​​ព្យាយាម​សួរ​កូន​ឲ្យ​បាន​ច្រើន​​ថា​ពេល​ទៅ​​រៀន​​គេ​មាន​អារម្មណ៍​បែប​ណា។ ​ពេល​កូន​និយាយ​ប្រាប់​អ្នក​ពី​ការ​លំបាក​របស់​គេ ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ។ ​ព្យាយាម​ឆ្លើយ​គ្រប់​​សំនួរ​របស់​កូន​ ​ហើយ​អ្នក​ត្រូវ​ជំរុញ​និង​លើក​ទឹក​ចិត្ត​​​ កុំ​ឲ្យ​កូន​មាន​អារម្មណ៍​​ឯកា។

​៦. ​ប្រាប់​កូន​នូវ​ចំណុច​វិជ្ជមាន​

និយាយ​ប្រាប់​កូន​នូវ​​ចំណុច​ល្អ​ៗ ​អំ​ពី​​សារៈ​ប្រយោជន៍​ទៅ​រៀន។ ប្រាប់​​គេ​​ឲ្យ​ចេះ​ចែក​រំលែក ​រាប់​អាន​មិត្តភក្កិ ​និង​រៀន​សូ​ត្រ​ពី​រឿង​​ថ្មី​ៗ។ ​កុំ​បន្លាច​កូន​ពី​ទណ្ឌកម្ម​ ថា​គ្រូ​នឹង​វ៉ៃ​សិស្ស​​ដែល​ធ្វើ​ឲ្យ​កូន​មិន​ចង់​ទៅ​រៀន។ ​​អ្នក​ក៏​អាច​ប្រាប់​កូន​ពី​រឿង​សប្បាយ​ៗ​​កាល​នៅ​តូច​របស់​អ្នក​ពេល​ទៅ​រៀន​ឲ្យ​គេ​ស្ដាប់ ​ដើម្បី​បង្កើត​បរិយាកាស​រីក​រាយ​សម្រាប់​គេ​ផង​ដែរ។

​៧. បែង​ចែក​ម៉ោង​​គេង​របស់​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ

​ដំណេក​សម្រាប់​កុមារ​ជា​រឿង​សំខាន់ ​ដូច្នេះ​អ្នក​គួរ​ទម្លាប់​ឲ្យ​គេ​ឆាប់​ចូល​គេង និង​ក្រោក​ពី​ព្រឹក​ព្រលឹម។ ​វិធី​នេះ​នឹង​ជួយ​ឲ្យ​កូន​មិន​ងងុយ​គេង​​អំ​ឡុង​ពេល​សិក្សា។

៨. ​បង្រៀន​មូលដ្ឋានគ្រឹះ​ដល់​កូន​ជាមុន​

​កូន​របស់​អ្នក​នឹង​​ចាប់​មេរៀន​​មិន​សូវ​បាន​ទេ ​បើ​សិន​អ្នក​មិន​បាន​បង្រៀន​​កូន​ពី​មូលដ្ឋាន​គ្រឹះ​ជា​មុន​។ ​អ្នក​អាច​បង្រៀន​គេ​​ងាយ​ៗ​ដូច​ជា ​ផាត់​ពណ៌ ​លេខ​ និង​អក្សរ​ខ្លះ​ៗ​។ ​​លេខ​​តូច​ៗ​សិន​ដូច​​ជា ​ពី​០​ដល់១០ អក្សរ Aដល់ H ​ជា​ដើម។ ​ហ្វឹក​ហាត់​គេ​បន្តិច​​ម្ដង​ៗ​​នៅ​ពេល​ទំនេរ ​​។ ​ពេល​គេ​ទៅ​រៀន​នៅ​សា​លា ប្រៀប​ដូច​បាន​រៀន​២​ដង ​ធ្វើ​ឲ្យ​គេ​ឆាប់​ចាប់​បាន​។

​៩. ​ប្រាប់​ពី​របៀប​មាន​អនាម័យ​ពេល​ចូល​បន្ទប់​ទឹក​

​បង្រៀន​គេ​ឲ្យ​ចេះ​ប្រើ​បង្គន់ ​ក៏​ដូច​ជា​របៀប​បិទ​ទ្វារ​បន្ទប់​ទឹក ​និង​អនាម័យ​នៅ​ពេល​​បត់​ជើង​តូច​ឬ​ធំ​រួច​​ជា​ដើម។ លើស​ពី​នេះ ​អ្នក​ក៏​ត្រូវ​បង្រៀន​គេ​ពី​របៀប​ស្លៀក​ពាក់​ឡើង​វិញ ​ពេល​គេ​បត់​ជើង​រួច​ផង​ដែរ។

​១០. មាន​សណ្ដាប់​ធ្នាប់​លើ​សម្ភារៈសិក្សា​​

​ទម្លាប់​ឲ្យ​​គេ​មាន​សណ្ដាប់​ធ្នាប់​លើ​ការ​រៀប​ចំ​សម្ភារៈ​សិក្សា​ដូច​ជា បន្ទាត់ ​ខ្មៅ​ដៃ ​ជ័រ​លុប សៀវ​ភៅ​។ ​នៅ​ពេល​ប្រើ​រួច ​ត្រូវ​ចេះ​រៀប​ចំ​ចូល​ក្នុង​កាតាប​ឲ្យ​មាន​របៀប​រៀប​រយ​ កុំ​ឲ្យ​រាយប៉ាយ​ឬ​បាត់​របស់​របរ។ ​មួយ​វិញ​ទៀត ​អ្នក​​អាច​សរសេរ​ឈ្មោះ​​លើ​សម្ភារៈ​របស់​កូន ដូច្នេះ​​​នៅ​ពេល​បាត់​ឬ​វង្វេង​សម្ភារៈ​សិក្សា​ទាំង​នោះ​ជា​មួយ​សិស្ស​ដទៃ​​នៅ​សាលា ​គ្រូ​​ងាយ​រក​ឃើញ​មក​វិញ។

​​​​​​​​​​​​​​​​

​ថ្វី​ត្បិត​​​ការ​ចូល​រៀន​​ថ្ងៃ​ដំបូង​​សម្រាប់​ក្មេង​តូច​ៗ​ជា​រឿង​​​​លំបាក ប៉ុន្តែ​បើ​អ្នក​អនុវត្ត​វិធី​ទាំង​១០​ខាង​លើ ​កូន​របស់​អ្នក​នឹង​ចង់​ទៅ​រៀន​។ ​​អ្នក​ក៏​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​ដោះស្រាយ​នៅ​ពេល​ពួក​គេ​​ទៅ​​រៀន​ជួប​អារម្មណ៍​មិន​ល្អ។ ​ម្យ៉ាង​ទៀត ​នៅ​ពេល​​យក​កូន​ទៅ​រៀន ​អ្នក​ត្រូវ​និយាយ​​បាយ​បាយ​​កូន​ដោយ​ទឹក​មុខ​រីក​រាយ​នៅ​ពេល​កូន​ដើរ​ចូល​សាលា ​ហើយ​កុំ​ភ្លេច​ប្រាប់​គេ​ថា​អ្នក​​នឹង​ត្រលប់​មក​យក​គេ​ទៅ​ផ្ទះ ​ក្រោយ​ពេល​គេ​រៀន​ចប់ ​ដើម្បី​កុំ​ឲ្យ​គេ​សោក​សៅ​ឬ​គិត​ថា​អ្នក​បោះ​បង់​គេ​ចោល​។ ​អ្នក​ម្ដាយ​ខ្លះ ​​​ពេល​ជូន​កូន​ទៅ​សាលា​ហើយ​ដាក់​គេ​ចុះ ដោយ​មិន​និយាយ​អ្វី​ទៅ​កូន​នឹង​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​មិន​ផាសុក​ភាព៕

ចុចអាន៖ ​​ ​​កូនធំឡើងក្លាយអាចជាមនុស្សល្អ លុះត្រាតែម្តាយមានគុណសម្បត្តិ៧ យ៉ាងនេះ​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម