ឲ្យតែមានប៉ុន្មានចំណុចនេះ អ្នកគ្មានថ្ងៃបែកគ្នាឡើយទោះឈ្លោះគ្នាបែកផ្សែងក៏ដោយ

  • 2019-07-03 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​គូ​ស្នេហ៍​ខ្លះ​ស្រលាញ់​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ក៏​បែក​គ្នា​ទៅ​វិញ ​ទោះ​គ្រា​ដំបូង​ពួក​គេ​ខំ​តស៊ូ​ជាមួយ​គ្នា​យ៉ាង​ប្ដូរ​ផ្ដាច់​ក៏​ដោយ។ ​នេះ​មក​ពី​ពួក​គេ​មិន​សូវ​យល់​ពី​គ្នា ​មិន​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទើប​ស្នេហា​​ប្រៀប​ដូច​ភ្លើង​ចំបើង។ ​អ្នក​អាច​នឹង​រីក​រាយ​ជាមួយ​ជីវិត​ស្នេហា​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​យូរ​អង្វែង ​បើ​សិន​អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម​។

១​. បន្ថែម​ភាព​ផ្អែម​ល្ហែម

​​​ស្វែង​រក​ឱកាស​ដើម្បី​បាន​ធ្វើ​រឿង​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ដូច​ជា​ទៅ​ដើរ​លេង​ ថត​រូប ឬ​ចេញ​ក្រៅ​​ដើរ​ផ្សា​ជាមួយ​គ្នា​​ក៏​បាន។ ​ឧស្សាហ៍​និយាយ​ពាក្យ​ថា I love you ​​ពេល​ក្រោក​ពី​គេង ​និង​មុន​ចូល​គេង ដែល​ធ្វើ​ឲ្យ​អ្នក​និង​គូស្នេហ៍​នឹក​រលឹក​គ្នា​មិន​ឈប់​។

​២. ​យក​ចិត្ត​ទុក​ដាក់

​​អ្វី​ដែល​អ្នក​ចង់​បាន​​​គឺ​ស្នេហា​យូរអង្វែង ​ដូច្នេះ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​រឿង​សំខាន់។ ខ្វល់​ពី​គាត់​ឲ្យ​បាន​ច្រើន ​កុំ​ខ្លាច​គាត់​ធុញ។ ​មិត្ត​ប្រុស​របស់​អ្នក​នឹង​ស្រលាញ់​អ្នក​គ្មាន​ថ្ងៃ​ប្រែ​បើ​អ្នក​ចេះ​ខ្វាយ​ខ្វល់​សុខ​ទុក្ខ​គាត់។ អ្នក​អាច​ធ្វើ​រឿង​បន្តិច​បន្តួច​សម្រាប់​គាត់ ​តែ​បង្ហាញ​ពី​ក្តី​ស្រលាញ់​ខ្លាំង​ដូច​ជា​ជួយ​កក់​សក់​ឲ្យ​គាត់ ឬ​ទិញ​​អំណោយ​លើក​ទឹក​ចិត្ត​​មិត្ត​ប្រុស​ពេល​គាត់​ធ្វើ​រឿង​អ្វី​បាន​លទ្ធផល​​ល្អ​ជា​ដើម។

៣. ចម្អិន​អាហារ​ដោយ​ផ្ទាល់​ដៃ​

​ថ្វី​ត្បិត​ពេល​នេះ​អ្នក​​និង​គាត់​ត្រឹម​ជា​សង្សារ តែ​អ្នក​ក៏​គួរ​បង្ហាញ​ស្នា​ដៃ​ធ្វើ​ម្ហូប​ឲ្យ​មិត្ត​ប្រុស​បាន​​ភ្លក់​​​ថា​អ្នក​​ពូ​កែ​ធ្វើ​ម្ហូប​កម្រិត​ណា។ ​នេះ​ជា​​មន្ត​ស្នេហ៍​ដ៏​ងប់​ងុល​មួយ​សម្រាប់​មនុស្ស​ប្រុស​ ព្រោះ​​បើ​​អ្នក​ធ្វើ​ម្ហូប​ឆ្ងាញ់​បុរស​ណា​ក៏​ចង់​បាន​មនុស្ស​ស្រី​បែប​នេះ​ជា​ប្រពន្ធ​ដែរ។ ម្យ៉ាង​ទៀត ​ក៏​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ពូកែ​ការងារ​ផ្ទះ ទោះ​អាយុ​ក្មេង​ក៏​ដោយ។

៤. ស្មោះ​ត្រង់​ចំពោះ​គ្នា

ក្រៅ​ពី​មិន​លូក​លាន់​ពេល​វេលា​ផ្ទាល់​ខ្លួន​​របស់​ដៃ​គូ​ រឿង​សំខាន់​មួយ​ទៀត​ដែល​អ្នក​គួរ​ផ្ដល់​ឲ្យ​​គូ​​ស្នេហ៍​គឺ​ភក្ដីភាព​។ ​ស្នេហ៍​ពិត គឺ​ត្រូវ​ស្មោះ​ត្រង់​នឹង​គ្នា។ ​មិន​ថា​នៅ​ចំពោះ​មុខ​មិត្ត​ភក្កិ ​លើ​បណ្ដាញ​សង្គម អ្នក​ក៏​គួរ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក។

៥. ​មិន​ងង៉ក់​ឲ្យ​គាត់​លួង​ដូច​កូន​ក្មេង

​អ្នក​ត្រូវ​រៀន​ធ្វើ​ជា​មនុស្ស​ចិត្ត​​ធ្ងន់ ​មាន​ហេតុផល។ ​ មិន​បិទ​ទូរស័ព្ទ មិន Block ​FB ​​គាត់ ពេល​ខឹង​គ្នា​។ដំណោះ​ស្រាយ​សុទ្ធ​តែ​មាន ​ឲ្យ​តែ​អ្នក​ទាំង​ពីរ​បើក​ចិត្ត​ឲ្យ​ទូ​លាយ៕

​ចុចអាន៖ ​​ មនុស្សប្រុសមិនងាយយំទេ តែបើគាត់ស្រក់ទឹកភ្នែកដើម្បីអ្នកគឺគាត់ស្រលាញ់អ្នកបំផុតហើយ

​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម