៦ វិធីសម្រាប់នារី Single ចង់បង្កើនគុណតម្លៃក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា

  • 2019-07-01 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ Single មិន​អាក្រក់​ដូច​អ្នក​គិត​នោះ​ទេ ។ អ្នក Single ​មាន​ពេល​​ច្រើន​សម្រាប់​ខ្លួន​ឯង និង​ថែម​ទាំង​អាច​ធ្វើ​អ្វី​ក៏​បាន​ មិន​ចាំ​បាច់​អង្គុយ​ពិបាក​ផ្គាប់​ចិត្ត​អ្នក​ណា​ឡើយ។ ​ទោះ​ពេល​នេះ​ អ្នក​មិន​ទាន់​រក​ឃើញ​ដៃ​គូ​ជីវិត​ក៏​ដោយ ​តែ​អ្នក​ក៏​អាច​រស់​នៅ​តាម​របៀប​ខ្លួន​ឯង​យ៉ាង​សប្បាយ​រីក​រាយ។ ​ចំណុច​ខាង​ក្រោម​នឹង​ជួយ​ឲ្យ​អ្នក​មើល​ទៅ​មាន​គុណ​តម្លៃ និង​ជា​ទី​ចាប់​អារម្មណ៍​​ក្នុង​ក្រសែ​ភ្នែក​អ្នក​ដទៃ​ទៀត​ផង​។

១. ធ្វើ​ជា​ខ្លួន​ឯង​យ៉ាង​​ពិត​ប្រាកដ

កុំ​លាក់​ពី​អត្តចរិត​ខ្លួន​​ឯង ហើយ​ធ្វើ​រឿង​ដែល​​ចង់​ធ្វើ។ បើ​អ្នក​គិត​ថា​ធ្វើ​ទៅ​ស្រណុក​ស្រួល ​ធ្វើ​រឿង​នោះ​ទៅ ​កុំ​ខ្លាច​គេ​ថា​អ៊ី​ចេះ​អ៊ី​ចុះ មិន​ហ៊ាន​ធ្វើ​អី​សោះ ​រហូត​លែង​ជា​ខ្លួន​ឯង​។ ​អ្នក​នឹង​មិន​ឆ្គង បើ​ធ្វើ​រឿង​​អ្វី​មួយ​តាម​សភាវគតិ​របស់​ខ្លួន​ឯង។ មនុស្ស​ជុំ​វិញ​នឹង​ងាយ​ស្រួល​សម្រប​ខ្លួន​ជាមួយ​អ្នក ព្រោះ​អ្នក​ជា​ខ្លួន​ឯង ​មិន Fake ​ឲ្យ​តែ​ល្អ​មើល​ចំពោះ​មុខ​គេ​នោះ​ទេ។​​​​​

២. តែង​តែ​​ថែ​ទាំ​ខ្លួន​ឯង​ និង​ធ្វើរឿង​​ល្អ​ៗ​ជា​និច្ច

​ទោះ​គ្មាន​អ្នក​ណា​សុំ​ស្នេហ៍​ក៏​ដោយ​ ​​រឿង​មួយ​ដែល​អ្នក​មិន​ត្រូវភ្លេច​​គឺ​កុំ​ឈប់​ស្រលាញ់​ខ្លួន​ឯង ​ហើយ​ត្រូវ​បន្ត​ធ្វើ​រឿង​ល្អ​ៗ​​។ ញ៉ាំ​អាហារ​សុខភាព​ ​ធ្វើ​លំហាត់​ប្រាណ ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ​និង​ដើរ​លំហែរ​ចិត្ត ​សុទ្ធ​តែ​រឿង​ធ្វើ​ឲ្យ​ខ្លួន​​ឯង​សប្បាយ​ចិត្ត។ ​មិន​ឈឺ​ក្បាល​នឹង​រឿង​អ្នក​ដទៃ មិន​យក​រឿង​​អំពល់​ចិត្ត​មក​រំ​ខាន​ជីវិត ​សុទ្ធ​តែ​ជា​ទង្វើ​ដែល​គ្រប់​គ្នា​​​ដឹង​ហើយ ​សរសើរ​ព្រម​ទាំង​​ចាប់​អារម្មណ៍​ពី​ជីវិត​អ្នក​យ៉ាង​ខ្លាំង។ ធ្វើ​ឲ្យ​ខ្លួន​ឯង​​មើល​ទៅ​ល្អ​ប្រសើរ​គ្រប់​ពេល ​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ច្រណែន​ ថែម​ទាំង​​ចង់​បាន​ជីវិត​ដូច​អ្នក​ដែរ។

៣. ធ្វើ​ការ​ងារ​ដោយ​ក្ដី​ស្រលាញ់

​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​លើ​ការ​​ងារ ហើយ​បំពេញ​ដោយ​ទំនួល​ខុស​ត្រូវ និង​ម៉ត់​ចត់​បំផុត។ ជា​រឿង​មួយ​ជោគ​ជ័យ​បំ​ផុត ​នៅ​ពេល​អ្នក​ធ្វើ​ការ​អ្វី​មួយ​សម្រេច​​​ព្រម​ទាំង​មាន​លទ្ធ​ផល​ល្អ។ ​​អ្នក​កំពុង​ដឹក​នាំ​ខ្លួន​​ឯង​ឲ្យ​ក្លាយ​ជា​នារី​​ចេះ​កំណត់​គោលដៅ​ជីវិត​។​ នេះ​ជា​ថាម​ពល​ផ្លូវ​ចិត្ត​មួយ ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​តម្លៃ​ក្នុង​ក្រសែ​ភ្នែក​មិត្ត​រួម​ការងារ ​ព្រម​ទាំង​ចៅ​ហ្វាយ​របស់​អ្នក​ផង​ដែរ។ ​​​​​​​​​

​៤ ​កុំ​ខ្លាច​​ក្នុង​ការ​ធ្វើ​អ្វី​មួយ​តែ​ម្នាក់​ឯង

​សាក​ល្បង​ដូច​ជា​ដើរ​ផ្សារ មើល​កុន ​ឬ​ទៅ​ដើរ​លេង​ម្នាក់​​ឯង ​អ្នក​នឹង​ឃើញ​គុណ​សម្បត្តិ​ពី​រឿង​ទាំង​នេះ​​ថា​អស្ចារ្យ​ប៉ុន​ណា​។ ​មាន​នារី​ Single ​ជា​ច្រើន​មិន​ហ៊ាន​ធ្វើ ​ឬ​សូម្បី​តែ​គិត​ថា​ចង់​សាក​ល្បង​​រឿង​ទាំង​នេះ​ម្នាក់​ឯង ព្រោះ​ខ្លាច​កាន់​តែ​ឯកា​លើស​ដើម។ ​ប៉ុន្តែ​កុំ​ខ្លាច​អី ​ព្រោះ​បើ​អ្នក​ធ្វើ​បាន ​​មិន​ខុស​ពី​អ្នក​កំពុង​ត្រួសត្រាយ​ឲ្យ​ខ្លួន​ឯង​ក្លាហាន​ជាង​មុន រឹង​មាំ​ និង​គិត​គូ​បាន​រហ័ស។ ​មនុស្ស​គ្រប់​គ្នា​នឹង​មើល​មក​អ្នក​​ជា​មនុស្ស​ពូ​កែ មិន​រញ៉េរញ៉ៃ​ច្រើន​ ​ព្រោះ​អ្នក​​អាច​ធ្វើ​រឿង​ជា​ច្រើន​ម្នាក់​ឯង ដោយ​មិន​​បាច់​រង់​ចាំ​ទាល់​តែ​មាន​គ្នា​ដើរ​ជាមួយ​ ទើប​ធ្វើ​បាន​ឡើយ។

៥. មាន​ស្ទីល​ស្លៀក​ពាក់​ជា​របស់​ខ្លួន​ឯង

រូប​រាង​ខាង​ក្រៅ​ជា​ចំណុច​ដែល​មនុស្ស​គ្រប់​គ្នា​សម្លឹង​មក ​ដូច្នេះ​ការ​ស្លៀក​ពាក់​សំខាន់​ណាស់។ ​​បើ​ចង់​ទទួល​បាន​តម្លៃ​ពី​អ្នក​ដទៃ Singel lady ​ទាំង​អស់​មិន​គួរ​ស្លៀក​ពាក់​ខោអាវ​ណា​មាន​ម៉ូដ​ស៉ាំ​ញ៉ាំ​ពេក​ទេ។ ​បន្ថែម​ភាព​លេច​ធ្លោ​ឲ្យ​ខ្លួន​ឯង ​គឺ​សំលៀកបំពាក់​ណា​ដែល​អ្នក​​​​ពាក់​ទៅ​ស្រណុក​កាយ ​មើល​ទៅ​សម​នឹង​ដង​ខ្លួន។ ​អ្នក​ស្រលាញ់​ម៉ូដ​បែ​ប​ណា ​ស្លៀក​ម៉ូដ​បែប​នោះ​ទៅ ​កុំ​ខ្វល់​ច្រើន​ពេក បែប​នេះ​ទើប​ហៅ​ថា​ ស្រី​ស្អាត​។ ជម្រើស​ល្អ គឺ​កុំ​ស្លៀក​អី​ដដែៗ​ទៅ​បាន​ហើយ ។ ​​

​​៦. ដើរលេង​ជាមួយ​មិត្តភ័ក្ដិ​​ឲ្យ​សប្បាយ

​គ្មាន​សង្សារ​គ្មាន​បញ្ហា​នោះ​ទេ តែ​បើ​គ្មាន​សូម្បី​ជិត​ស្និទ្ធ​ម្នាក់​ទើប​ជា​បញ្ហា។ ​ដូច្នេះ​ក្រៅ​ពី​ឲ្យ​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ និង​គ្រួសារ​ហើយ ​អ្នក​​ក៏​គួរ​ឆ្លៀត​ដើរ​លេង​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្កិ​ឲ្យ​សប្បាយ​ណាណី​ម្តង​។ បបួល​មិត្តភក្កិ​ដែល Single ​ដូច​គ្នា ហើយ​ស្លៀក​ពាក់​ឈុត​​ដូច​គ្នា​ទៅ​​កន្លែង​ណា​ដែល​ចង់​ទៅ​បំ​ផុត ​នោះ​កាន់​តែ​សប្បាយ។ ​នៅ​ពេល​អ្នក​ចំណាយ​​ពេល​រីក​រាយ​បែប​នេះ មនុស្ស​គ្រប់​គ្នា​​នឹង​ឃើញ​អ្នក​ពេញ​ដោយ​ក្តី​សុខ​ក្នុង​ជីវិត ទោះ​អ្នក​នៅ Single ​ក៏​ដោយ​។

​អ្នក Single ​បើ​ចង់​ឲ្យ​ខ្លួន​​ឯង​​មើល​ទៅ​គួរ​ស្រលាញ់ ​មាន​ជីវិត​គួរ​ឲ្យ​ច្រណែន ​និង​​មានគុណ​តម្លៃ​ សូម​សាក​ល្បង​តិច​និក​ទាំង​៦​ខាង​លើ​​។ ​អ្ន​ក​នឹង​ឃើញ​​ពី​លទ្ធ​ផល​យ៉ាង​ពិត​ប្រាកដ ​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​មក​លើជីវិត​អ្នក​ ហើយនឹងដឹងថា ​អ្នក​មិន​ឯកា​នោះ​ទេ៕

ចុចអាន៖ ​​ មិនបាច់តែងខ្លួន​ស្អាត​ពេកក៏​មិន​​ខ្វះ​អ្នក​​ចូល​ចិត្ត​​​ចង់​​ក្បែរ​​ ឲ្យ​​តែ​មាន​​​ចរិត​ ៥ យ៉ាង​នេះ​

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម