រូបមន្តខាត់ស្បែកធម្មជាតិ ជួយឲ្យសម៉ដ្ឋភ្លឺ ទុកធ្វើថ្ងៃចុងសប្តាហ៍

  • 2019-06-28 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ភ្លឺ​ទន់​រលោង មាន​សំណើម​បែប​ធម្មជាតិ មិន​មែន​ស​ស្កុះ​បែប​គីមី គឺ​ជា​ក្តី​ប្រាថ្នា​របស់​មិត្តៗ​នារី​សម័យ​ថ្មី ដែល​ចង់​ស្អាត​​ដោយ​ភាព​ឈ្លៀស​វៃ​និង​គិត​គូ​ពី​សុខភាព​ស្បែក។ ថ្ងៃ​នេះ​ដែរ "កញ្ញា" សូម​ណែនាំ​នូវ​រូបមន្ត​ផ្សំ​ពី​របស់​ធម្មជាតិ​ផ្សេងៗ​គ្នា​ ដែល​មាន​ប្រសិទ្ធភាព ចំណាយ​តិច​ និង​មិន​បំផ្លាញ​ស្បែក​ ដូច​ផលិតផល​មួយ​ចំនួន​នោះ​ទេ​។

១. ថ្នាំ​ខាត់​​ផ្សំ​ពី​យ៉ាអួ

  • នេះ​ជា​វិធី​ងាយ​បំផុត ដំបូង​គ្រាន់​តែ យក​យ៉ាអួ​សុទ្ធ (មិន​បន្ថែម​រសជាតិ) ប្រហែល​១-២ ប្រអប់​​ បន្ទាប់​មក​លាយ​ជាមួយ​អំបិល​បន្តិច​ ហើយ​កូរ​ឲ្យ​សព្វ​ចូល​គ្នា។

  • បន្ទាប់​មក​ទៀត​យក​មក​ម៉ាស្សា​​ពេញ​ផ្ទៃ​មុខ ប្រហែល​៥​នាទី រួច​ត្រូវ​ទុក​ចោល​៥​នាទី​ទៀត ហើយ​លាង​ជាមួយ​ទឹក​ស្អាត​ធម្មតា​ជា​ការ​ស្រេច។

  • អ្នក​ក៏​អាច​​ប្រើ​នៅ​លើ​កែង​ដៃ ជង្គង់ ឬ​ពេញ​រាង​កាយ ត្រង់​កន្លែង​ណា​ដែល​គិត​ចង់​ឲ្យ​ស្បែក​ទន់​រលោង មាន​សំណើម។

​២. ថ្នាំ​ខាត់​ផ្សំ​ពី​ត្រសក់

  • វិធី​នេះ​ក៏​មិន​ពិបាក​ធ្វើ​ដែរ គ្រាន់​តែ​យក​ត្រសក់​ ២-៣ ផ្លែ​ ដាក់​ក្នុង​ម៉ាស៊ីន​កិន ហើយ​ក្រឡុក​ឲ្យ​ម៉ដ្ឋ​។

  • បន្ទាប់​មក​ត្រូវ​ពូត​យក​ទឹក​ចេញ នៅ​សល់​សាច់​ត្រសក់ ត្រូវ​យក​ទៅ​ក្លាសេ​ក្នុង​ទូទឹកកក​មួយ​ស្របក់។

  • ក្រោយ​មក​យក​សាច់​ត្រសក់​មក​បិទ​​លើ​ស្បែក ទុក​ចោល​ពី ៣០-៤០​នាទី។

  • ចុង​ក្រោយ​ត្រូវ​លាង​ទឹក​ចេញ​ជា​ការ​​ស្រេច។ អ្នក​អាច​ធ្វើ ២-៣ដង​ ក្នុង​មួយ​សប្តាហ៍ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ទន់​ម៉ដ្ឋ​ខៃ គួរ​ឲ្យ​ស្ទាប​អង្អែល និង​មាន​សភាព​ភ្លឺ​ស្អាត។

៣. ថ្នាំ​ខាត់​ផ្សំ​ពី​ម្សៅ​ល្មៀត ​​

  • ម្សៅ​ល្មៀត​អាច​ចាត់​ទុក​ជា​ថ្នាំ​ខាត់​ដ៏​ស័ក្ដិសិទ្ធិ​តាំង​ពី​បុរាណ​រៀង​មក ព្រោះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ រលោង​ មាន​សុខភាព​ល្អ​។

  • បើ​អ្នក​ចង់​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ គួរ​ប្រើ​ម្សៅ​ល្មៀត​ជា​មួយ​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ដូច​ជា ទឹក​ដោះគោស្រស់ ទឺក​ឃ្មុំ យ៉ាអួ ឬ​ក្រូច​ឆ្មា​ក៏​បាន។

  • អាច​​​ជ្រើស​រើស​គ្រឿង​ផ្សំ​​ណា​មួយ​​ក្នុង​ចំណោម​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ដើម្បី​យក​មក​លាយ​ជា​មួយ​ម្សៅ​ល្មៀត ឲ្យ​ខាប់​ល្មម ខាត់​ម៉ាស្សា​ថ្នមៗ​លើ​ស្បែក ទុក​ចោល​ពី​២០-៣០​នាទី អ្នក​នឹង​ឃើញ​ថា​ស្បែក​ចាប់​ផ្តើម​ប្លែក​ភ្លាមៗ។

វិធី​ធម្មជាតិ​ទាំង​អស់ មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​អ្នក​ស្អាត​ សាច់​ចាំ​បាន​យូរ​ទៀត​ផង គ្រាន់​តែ​ត្រូវ​អត់​ធ្មត់​និង​ឧស្សាហ៍​ព្យាយាម​បន្តិច៕

ចុចអានបន្ត៖ គ្រាន់តែធ្វើរឿងតូចៗ៥យ៉ាងនេះ អ្នកនឹងប្រែស្រស់ស្អាតដោយមិនបាច់ពឹងលើ Make Up​

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម