មកស្វែងយល់ពីមូលហេតុ ដែលអ្នកឈឺក្បាលនៅកន្លែងខុសៗគ្នា

  • 2019-06-28 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ច្បាស់​ជា​លែង​ឆ្ងល់​ទៀត​ហើយ​ បើ​បាន​ដឹង​ពី​មូល​ហេតុ​​ខុស​ៗ​គ្នា​ នៅ​ពេល​ឈឺ​ក្បាល​ត្រង់​កន្លែង​ផ្សេង​គ្នា។ ការ​ដឹង​ពី​មូលហេតុ​ត្រឹម​ត្រូវ​ អាច​ជួយ​​ព្យាបាល​ឲ្យ​អាការៈ​ឈឺក្បាល​ឆាប់​ធូរ​ស្រាល​ឡើង​វិញ​ឆាប់​រហ័ស។

១. ឈឺ​ក្បាល​ដោយ​សារ​ភាព​តាន​តឹង

​នេះ​ជា​អាការៈ​ឈឺ​ក្បាល​ទូទៅ ហើយ​ភាគ​ច្រើន​អ្នក​ខ្លះ​​តែង​តែ​កើត​ឡើង​ជា​ញឹក​ញាប់​ទៀត​ផង។ អ្នក​ជំងឺ​មាន​អារម្មណ៍​​ឈឺ​ចាប់​ និង​​លោត​ខ្ទោកៗ ត្រង់​បរិវេណ​ថ្ងាស​មក​ដល់​សៀត​ផ្កា មិន​អាច​ផ្តោត​​អារម្មណ៍​បាន​ល្អ។ អ្នក​ក៏​អាច​ឈឺ​នៅ​ក្រោម​ភ្នែក​​ដែរ។ វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ក្រោម​មួយ​ម៉ោង​ឬ​អាច​ឈាន​ទៅ​ដល់​២-៣​ថ្ងៃ​ក៏​មាន។

មូល​ហេតុ៖ មាន​ហេតុផល​ច្រើន​យ៉ាង​ខុស​ៗ​គ្នា ប៉ុន្តែ​ទូទៅ​គឺ​បណ្តាល​មក​ពី​ស្រ្តេស ខ្វះ​ជាតិ​ទឹក ឃ្លាន ឬ​គេង​មិន​គ្រប់​គ្រាន់។ ពេល​ខ្លះ​សូម្បី​សំឡេង​ថ្លង់​រំខាន​ពេក​ ក៏​​ជា​មូលហេតុ​មួយ​ដែរ។ សំខាន់​បំផុត​ អ្នក​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ។

២. ឈឺ​មួយ​ចំហៀង​ក្បាល

វា​ជា​អាការៈ​ធ្ងន់​ធ្ងរ​ជាង​ប្រភេទ​ដទៃ​ទៀត ហើយ​អ្នក​​នឹង​ឈឺ​ចាប់​តែ​មួយ​ចំហៀង​ក្បាល​តែ​ប៉ុណ្ណោះ ជួន​កាល​អាច​ក្អួត​ទៀត​ផង។ អ្នក​មើល​ឃើញ​អ្វីៗ​​នៅ​ជុំវិញ​ខ្លួន​មិន​សូវ​ច្បាស់ ឬ​​ដូច​ជា​មាន​ចលនា​វិល​វល់​ទៅមក។

មូលហេតុ៖ អាច​មក​ពី​ស្រ្តេស អ័រម៉ូន និង​បញ្ជាក់​ថា​អ្នក​មាន​សុខភាព​ខ្សោយ។ ជា​ធម្មតា​ការ​ឈឺ​មួយ​ចំហៀង​ក្បាល ជា​ជំងឺ​​បន្ត​ជំនាន់​គ្នា។

៣. ឈឺ​បរិវេណ​ភ្នែក​

មិន​មែន​ជា​ជំងឺ​ភ្នែក​នោះ​ទេ ប៉ុន្តែ​​ដោយ​សារ​​តែ​វា​រាល​ដាល​មក​ពី​ផ្នែក​ក្បាល។ អ្នក​ឈឺ​ចាប់​ខ្លាំង មាន​អារម្មណ៍​ក្រហល់ក្រហាយ​ឬ​ចាក់​ៗ​ត្រង់​​ភ្នែក​ម្ខាង ប៉ុន្តែ​វា​ឆាប់​បាត់​ទៅ​វិញ​ទេ។ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​មនុស្ស​ប្រុស​ច្រើន​ជាង​មនុស្ស​ស្រី។

មូលហេតុ៖ នៅ​មិន​ទាន់​អាច​រក​ឃើញ​ច្បាស់​លាស់​នៅ​ឡើយ​ ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា អាច​មក​ពី​​អ៊ីយ៉ុង​នៅ​ក្នុង​រាង​កាយ​មាន​ដំណើរ​ការ​មិន​ប្រក្រតី។

៤. ឈឺ​ក្បាល​ដោយ​សារ​សរសៃ​ឈាម

ការ​ឈឺ​ក្បាល​ប្រភេទ​នេះ បណ្តាល​មក​ពី​ការ​ចលនា​ច្រើន​ ឬ​ដាក់​សម្ពាធ​ដល់​រាង​កាយ​ជា​ដើម។ វា​មិន​នៅ​ជាមួយ​អ្នក​យូរ​ពេក​ទេ ប៉ុន្តែ​វា​តែង​លេច​​ចេញ​មក​នៅ​ពេល​ដែល​អ្នក​​គិត​ស្ទាក់ស្ទើរ​ច្រើន​។ ម្យ៉ាង​វិញ​ទៀត អាច​បណ្តាល​មក​ពី​ការ​រួមភេទ​ប្រើ​កម្លាំង​ខ្លាំង ឬ​ហាត់​ប្រាណ​ច្រើន។

៥. ឈឺ​ត្រង់​បរិវេណ​ឆ្អឹង​លើ​ខ្ទង់​ច្រមុះ​និង​ក្រោម​ភ្នែក

ពេល​ដែល​អ្នក​ផ្តាសាយ​ ឬ​ឈឺ​​​ផ្នែក​ដង្ហើម អ្នក​តែង​តែ​មាន​ហើមត្រង់​បរិវេណ​ឆ្អឹង​លើ​ខ្ទង់​ច្រមុះ​និង​ក្រោម​ភ្នែក ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្បាល។ ថ្វី​ត្បិត​តែ​អាការៈ​បែប​នេះ ពុំ​សូវ​ឈឺ​ចុក​ចាប់​ខ្លាំង​ ប៉ុន្តែ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ចាប់​ឈឹប​ៗ ត្រង់​ថ្ពាល់​និង​ច្រមុះ៕​​

ចុចអានបន្ត៖ ចង់​ឱ្យ​កូន​ឆ្លាតមាន​ប្រាជ្ញា ត្រូវ​​ឱ្យ​ញ៉ាំ​អាហារ​ចម្បង​ ៧​យ៉ាង​នេះ​តាំង​ពី​ក្មេង

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម