បើចង់បានប្រពន្ធល្អ ប្រុសៗគួរតែត្រៀមខ្លួនធ្វើជាប្តីល្អជាមុនសិន

  • 2019-06-27 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សង្ឃឹម​ថា​ប្រុស​ៗ​ដែល​កំពុង​មាន​ស្នេហា​ ហើយ​ជិត​រៀប​ការ​នឹង​បាន​អាន​អត្ថបទ​នេះ​ ហើយ​ពិចារណា​ថា​តើ​អ្នក​ល្អ​ប៉ុណ្ណា​ ប្រពន្ធ​អ្នក​ល្អ​ប៉ុណ្ណា​ ហើយ​បើ​មាន​តែ​ប្រពន្ធ​ល្អ​តែ​ម៉្យាង​គ្រួសារ​ក៏​គ្មាន​សុភមង្គល​ដែរ​ បើ​ប្តី​ជា​មនុស្ស​គ្មាន​បេះ​ដូង​ផង​នោះ​។

រូបតំណាង

មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ " មាន​តែ​ផ្ទះ​ធំ​មួយ​ និង​ប្រពន្ធ​ល្អ​មួយ​ ជីវិត​គ្រួសារ​នឹង​រីករាយ​ហើយ​ “។​ ត្រូវ​ដឹង​ថា​មនុស្ស​ស្រី​នឹង​រីករាយ​បើ​សិន​ជា​នាង​រស់​ក្នុង​រង្វង់​គ្រួសារ​ដែល​មាន​ភាព​កក់​ក្តៅ​។​ នាង​នឹង​ក្លាយ​ជា​អ្នក​ចិញ្ចឹម​បី​បាច់​គ្រួសារ​ដ៏​គួរ​ឲ្យ​គោរព​មួយ​រូប​ ហើយ​ប្តី​ណា​ដែល​មាន​ប្រពន្ធ​ល្អ​បែប​នេះ​ ប្រៀប​បាន​នឹង​ផ្ទះ​ដែល​មាន​គ្រឹះ​រឹង​មាំ​មួយ​ ដូច្នេះ​គេ​អាច​ផ្ដោត​លើ​ការ​​ធ្វើ​ការ​បាន​ច្រើន​។​ អ៊ីចឹង​ហើយ​សម្រាប់​គ្រួសារ​ ប្រពន្ធ​គឺ​ជា​ទ្រព្យ​សំខាន់​បំផុត​ មិន​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​យល់​ពី​តម្លៃ​នាង​ក៏​ដោយ​។

​មិន​ថា​ប្តី​ ឬ​ប្រពន្ធ​ទេ​សុទ្ធ​តែ​ចង់​បាន​ប្រពន្ធ​ល្អ​ និង​ធ្វើ​ជា​ប្រពន្ធ​ល្អ​។​ ប៉ុន្តែ​មនុស្ស​ប្រុស​ភ្លេច​គិត​ថា​ មុន​នឹង​ចង់​បាន​ប្រពន្ធ​ល្អ​ ពួក​គេ​គួរ​តែ​ធ្វើ​ប្តី​ល្អ​ជា​មុន​សិន​ ឲ្យ​ស័ក្តិសម​នឹង​ប្រពន្ធ​។​ ជា​ធម្មតា​យើង​តែង​តែ​ឮ​មនុស្ស​ប្រុស​និយាយ​ពី​ប្រពន្ធ​ខ្លួន​ឯង​ថា​៖

«ចាប់​តាំង​ពី​មាន​កូន​ហើយ​ នាង​ចូល​ចិត្ត​ស្តី​បន្ទោស​ច្រើន​ ក្លាយ​ជា​មនុស្ស​រញ៉ាំរញ៉ូវ​ មិន​ងាយ​ស្រួល​ដូច​មុន​ទេ​» នៅ​ក្នុង​ភ្នែក​ពួក​គេ​ ប្រពន្ធ​របស់​គេ​ជា​មនុស្ស​ស្រី​ដែល​ឆាប់​ខឹង​ខុស​រឿង​។​

ទោះ​បី​វា​ជា​នេះ​ត្រឹម​តែ​ជា​សម្ដី​ដែល​មិន​អាច​ជួយ​អ្វី​បាន​ តែ​មនុស្ស​ប្រុស​គួរ​តែ​យល់​ថា​៖​ ប្រពន្ធ​ដែល​រាប​សារ​គឺ​មក​ពី​ប្តី​របស់​នាង​តែង​តែ​មើល​ថែ​ និង​ការ​ពារ​នាង​បាន​ល្អ​។​ រឿង​មិន​ល្អ​ដែល​នាង​ធ្វើ​ មិន​មែន​ជា​អ្វី​ដែល​នាង​ចង់​ធ្វើ​នោះ​ទេ​។​ តែ​ក៏​ព្រោះ​តែ​នាង​ត្រូវ​លះ​បង់​គ្រប់​យ៉ាង​តែ​ចុង​ក្រោយ​ទទួល​បាន​តែ​ការ​ខក​ចិត្ត​ទៅ​វិញ​ទេ​។​

រូបតំណាង

អ្នក​ជា​ប្តី​តែង​តែ​បន្ទោស​នាង​ រិះ​គន់​នាង​ តែ​អ្នក​មិន​ដែល​សំគាល់​មើល​ថា​​ ចាប់​តាំង​ពី​នាង​រៀប​ការ​ហើយ​ នាង​មិន​ដែល​មាន​ពេល​ដើរ​ទិញ​អីវ៉ាន់​ ឬ​ស្លៀក​ពាក់​ខោ​អាវ​ថ្មី​ៗ​ណោះ​ទេ​។​ ឥឡូវ​នេះ​នាង​មាន​វ័យ​ស្ទើរ​នឹង​ស្មើ​ពាក់​កណ្តាល​ជីវិត​ទៅ​ហើយ​ តើ​អ្នក​មាន​ដែល​ទិញ​សម្លៀក​បំពាក់​ថ្មី​ឲ្យ​នាង​ ឬ​ទិញ​គ្រឿង​សម្អាង​ឲ្យ​នាង​ទេ​?​

អ្នក​បន្ទោស​នាង​​ ពេល​នាង​មិន​រីករាយ​ និង​ខឹង​អ្នក​ គ្រាន់​តែ​ដោយ​សារ​នាង​ប្រាប់​អ្នក​កុំ​ឲ្យ​ជក់​បារី​ និង​ផឹក​ស្រា​។​ តើ​ពេល​នោះ​អ្នក​មាន​ដែល​ស្តាប់​នាង​ខ្លះ​ទេ​?​

អ្នក​បន្ទោស​នាង​ថា​មិន​រាប​សារ​ មិន​ទន់​ភ្លន់​ មិន​ខ្វល់​ពី​អ្នក​ បន្ទាប់​ពី​រៀប​ការ​ហើយ​ តើ​អ្នក​មាន​សួរ​ខ្លួន​ឯង​ទេ​ថា​ អ្នក​ធ្លាប់​ធ្វើ​ទង្វើ​បែប​នេះ​ដាក់​នាង​ដែរ​អត់​?

រូបតំណាង

​ពាក្យ​សម្ដី​របស់​ប្រពន្ធ​៖​ តំណែង​ក្នុង​ផ្ទះ​នេះ​ គឺ​ខ្ញុំ​ធំ​ជាង​គេ​ ដោយ​សារ​តែ​បើ​សិន​ខ្ញុំ​មិន​លាង​ចាន​ ឆ្នាំង​ទេ​ នោះ​ក៏​គ្មាន​នរណា​លាង​ដែរ​។​ បើ​សិន​ជា​ខ្ញុំ​មិន​ចម្អិន​ទេ​ នោះ​ក៏​គ្មាន​នរណា​ធ្វើ​ដែរ​។​ បើ​ខ្ញុំ​មិន​ជូត​សម្អាត​ផ្ទះ​ នោះ​ក៏​គ្មាន​នរណា​​ហ៊ាន​ធ្វើ​ជំនួស​ខ្ញុំ​ដែរ​។

ទោះ​បី​ជា​សន្តី​នេះ​ស្តាប់​ទៅ​ហាក់​ដូច​ជា​កំប្លែង​មែន​ តែ​ប្រុស​ៗ​ត្រូវ​តែ​ដឹង​ពី​តម្លៃ​នៃ​សម្ដី​នេះ​ ព្រោះ​វា​មាន​បញ្ចូល​ភាព​ល្វីង​ជូរ​ចត់​ និង​ការ​អស់​សង្ឃឹម​ខ្លាំង​បំផុត​។

ដូច្នេះ​ហើយ​មនុស្ស​ប្រុស​ មិន​ត្រូវ​បន្ទោស​ប្រពន្ធ​គ្រប់​ពេល​នោះ​ទេ​។ ត្រូវ​តែ​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​ផង​ ថា​មាន​បាន​ធ្វើ​អ្វី​ចំពោះ​ប្រពន្ធ​ខ្លះ​ហើយ​នៅ​?​ មនុស្ស​ស្រី​ដែល​រៀប​ការ​រួច​ នាង​មិន​ខ្លាច​នឹង​ភាព​លំបាក​ទេ​ តែ​អ្វី​ដែល​នាង​ខ្លាច​បំផុត​គឺ​ការ​ឈឺ​ចាប់​ដែល​ស្វាមី​ខ្លួន​ឯង​ផ្តល់​ឲ្យ​។​

អ្នក​ជា​ប្តី​ ក្នុង​នាម​ជា​ស្វាមី​ល្អ​ម្នាក់​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ចំពោះ​ប្រពន្ធ​គឺ​៖​ ផ្តល់​សុវត្ថិភាព​ឲ្យ​នាង​ ចែក​ឲ្យ​ដាច់​រវាង​ការ​ងារ​និង​គ្រួសារ ស្រលាញ់​នាង​ឲ្យ​ច្រើន​ៗ មិន​ក្បត់​នាង​​ ប៉ុណ្ណឹង​គឺ​គ្រប់​គ្រាន់​ហើយ​។​

បើ​អ្នក​ចង់​បាន​ប្រពន្ធ​ល្អ​ អ្នក​ត្រូវ​រៀន​ធ្វើ​ជា​ប្តី​ល្អ​ជា​មុន​សិន​៕

ចុចអាន៖ ឪពុកផ្តាំកូនស្រីថា កុំធ្វើរឿងទាំងអស់នេះឲ្យសោះពេលកូនមានស្វាមីឬសង្សារ

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម