សុំ​ទោស​ខ្លួន​ឯង ដែល​កាល​ពី​មុន​ដោយ​សារ​មនុស្ស​ម្នាក់ ជិះជាន់​ខ្លួន​ឯង​ជា​ខ្លាំង

  • 2019-06-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ធ្លាក់​ខ្លួន​ចូល​រណ្ដៅ​ស្នេហា​មួយ ពួក​យើង​ប្រើ​អស់​កម្លាំង​កាយ​ចិត្ត​ដើម្បី​ស្រលាញ់​គេ ទាំង​ភ្លេច​ខ្លួន​ថា ដើម្បី​ស្រលាញ់​អ្នក​ណា​ម្នាក់ យើង​ត្រូវ​ស្រលាញ់​ខ្លួន​ឯង​វិញ។ មាន​ថ្ងៃ​ខ្លះ ទី​ក្រុង​ដ៏​អ៊ូអរ​មួយ​នេះ ពិបាកចិត្ត​រក​អ្វី​ថ្លែង​មិន​បាន មេឃ​មិន​ទាន់​បើក​ថ្ងៃ​ផង ក៏​យប់​ទៅ​វិញ​បាត់ សំដី​មិន​ទាន់​និយាយ​ចេញ​មកផង ទឹក​ភ្នែក​ក៏​ស្រក់​បាត់​ទៅ​ហើយ។ ខែ​នេះ​គឺ​គម្រប់​មួយឆ្នាំ​គត់​ដែល​យើង​បែក​គ្នា។

ពួក​យើង​ធ្លាប់​ចាត់​ទុក​គ្នា​ជា​អ្វី​ៗ​គ្រប់​យ៉ាង។ ថ្ងៃ​ដែល​បង​ទើប​ចាប់​ផ្ដើម​អាជីព​ដំបូង មិន​ទាន់​មាន​អ្វី​សោះ​នៅ​ក្នុង​ដៃ ខ្ញុំ​ជា​នារី​តែ​មួយ​គត់​របស់​បង នៅ​ក្បែរ​បង​ទោះ​ត្រូវ​ភ្លក់​រសជាតិ​ល្វីងជូរចត់​យ៉ាង​ណា​ក៏​ដោយ។ នៅ​ពេល​ដែល​បង​ហត់​បំផុត ក៏​ជា​ខ្ញុំ​ដែល​ជា​អ្នក​ត្រដាង​ដៃ​ចាំ​ទទួល​បង​គ្រប់​ពេល​វេលា។

ស្នេហា​របស់​យើង​សាមញ្ញ​ខ្លាំង​ណាស់ ព្រឹក​ឡើង​យើង​ជិះ​ទៅ​ធ្វើ​ការ​លើ​ម៉ូតូ​ចាស់​របស់​បង ថ្ងៃ​សម្រាក​ក៏​ជា​ម៉ូតូ​ដដែល​នេះ​ដែល​ជូន​យើង​ទៅ​គ្រប់​ច្រកល្ហក​ក្នុង​ក្រុង​នេះ។ ទោះ​ប្រាក់​ខែ​បង​មិន​ខ្ពស់ តែ​រាល់​ឱកាស​សំខាន់ បង​មិន​ដែល​ភ្លេច​កាដូ​តូច​ៗ​ឲ្យ​ខ្ញុំ​ឡើយ។

ស្នេហា​ដែល​អូស​បន្លាយ​៥​ឆ្នាំ អ្នក​ណា​ក៏​ស្មាន​តែ​ពួក​ខ្ញុំ​នឹង​មាន​មង្គលការ​តូច​មួយ ហើយ​រស់​ជាមួយ​គ្នា​នៅ​ថ្ងៃ​ក្រោយ​ហើយ។ តែ​គ្មាន​អ្នក​ណា​អាច​ស្មាន​អ្វី​មុន​ឡើយ យូរ​ៗ​ទៅពួក​ខ្ញុំ​ចាប់​ផ្ដើម​រកាំរកូស គាត់​ចាប់​ផ្ដើម​ប្រើ​សម្ដី​ធ្ងន់​ៗ​ដាក់​ខ្ញុំ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ខ្ញុំ​ជា​ខ្លាំង។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មនោសញ្ចេតនា​យើង​កាន់​តែ​សាប​ទៅ​ៗ រហូត​ឈាន​ដល់​ការ​បែក​គ្នា។

ខ្ញុំ​នៅ​ចាំ​យ៉ាង​​ច្បាស់​ថា ថ្ងៃ​ដែល​ពួក​យើង​បែក​គ្នា មេឃ​ក៏​ក្ដៅ​ដូច​ថ្ងៃ​ដែល​យើង​ស្រលាញ់​គ្នា​ដំបូង​ដែរ។ ខ្ញុំ​ត្រូវ​ចំណាយ​អស់​កន្លះ​ឆ្នាំ​ដើម្បី​បំភ្លេច​ស្នេហា​មួយ​នេះ រហូត​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​មិន​ទាន់​ហ៊ាន​បើក​ចិត្ត​វិញ ព្រោះ​នៅ​ខ្លាច​ឈឺ​នៅ​ឡើយ។

ចុង​បញ្ចប់ ខ្ញុំ​ចង់​និយាយ​ថា​សូមទោស​ខ្លួន​ឯង ដែល​បាន​ស្រលាញ់ អាណិត អ្នក​ខ្លាំង​ដល់​ថ្នាក់​ភ្លេច​ខ្លួន​ឯង។ ហើយ​ក៏​អរគុណ​អ្នក​ដែល​បាន​នាំ​សុភមង្គល​ឲ្យ​ខ្ញុំ ទោះ​វា​មិន​បាន​យូរ​អង្វែង​ដូច​ដែល​ខ្ញុំ​បាន​រំពឹង​ក៏​ដោយ តែ​វា​ក៏​ជា​រយៈ​ពេល​មួយ​ដែល​ពិបាក​បំភ្លេច​បាន៕

​ចុចអាន៖ ​​ ពាក្យម្តាយផ្តាំ! កូនស្រីអើយ កុំត្រដរចង់បានមនុស្សប្រុសដែលគេមិនស្រលាញ់កូនអី

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម