ពាក្យម្តាយផ្តាំ! កូនស្រីអើយ កុំត្រដរចង់បានមនុស្សប្រុសដែលគេមិនស្រលាញ់កូនអី

  • 2019-06-26 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ម្ដាយ​ផ្ដាំ​ថា​៖ ឱ​កូន​ស្រី​ទាំង​ឡាយ​អើយ​ កូន​គួរ​តែ​រើស​យក​មនុស្ស​ដែល​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ទទួល​បាន​បេះ​ដូង​របស់​កូន​ មិន​មែន​ត្រដរ​ចង់​បាន​មនុស្ស​ប្រុស​ដែល​កូន​សុខ​ចិត្ត​ធ្វើ​រឿង​គ្រប់​យ៉ាង​ដើម្បី​តែ​គេ​នោះ​ទេ​កូន​ស្រី​។​ ព្រោះ​ថា​ថ្ងៃ​ណា​មួយ​កូន​នឹង​លែង​មាន​កម្លាំង​ដើម្បី​រត់​តាម​ និង​ប្រឹង​ប្រែង​តាម​យក​ចិត្ត​គេ​មិន​ខាន​ឡើយ​ បើ​មិន​អ៊ីចឹង​ថ្ងៃ​ណា​មួយ​គេ​នឹង​ទុក​កូន​ចោល​នៅ​ពេល​ដែល​កូន​លែង​មាន​កម្លាំង​ធ្វើ​តាម​ចិត្ត​គេ​ទៀត​ ដោយ​សារ​មនុស្ស​ប្រុស​គឺ​ខុស​ពី​មនុស្ស​ស្រី​ដាច់​។​ មនុស្ស​ស្រី​ងាយ​នឹង​ទន់​ចិត្ត​ និង​លង់​ស្រលាញ់​គេ​វិញ​ នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​មក​ស្និទ្ធ​ស្នាល​ ហើយ​ធ្វើ​ល្អ​ដាក់​នាង​ ទោះ​បី​ពី​ដំបូង​នាង​គ្មាន​អារម្មណ៍​ស្រលាញ់​ក៏​ដោយ​។​ តែ​មនុស្ស​ប្រុស​វិញ​ បើ​សិន​ជា​គេ​មិន​ស្រលាញ់​ហើយ​ បើ​កូន​រឹង​តែ​តាម​យក​ចិត្ត​គេ​ គេ​រឹត​តែ​​ធុញ​ទ្រាន់​ និង​ស្អប់​កូន​មិន​ខាន​។

​ស្រី្តម្នាក់​បាន​ជួប​ទំនាក់​ទំនង​បែប​នេះ​​ហើយ​នាង​បាន​រៀបរាប់​ប្រាប់​ថា​៖ នៅ​រាត្រី​ផ្សំ​ដំណេក​ មិន​ថា​ស្វាមី​របស់​ខ្ញុំ​​ស្រវឹង​ខ្លាំង​ប៉ុណ្ណា​ទេ​ តែ​គេ​​នៅ​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ​​បន្តិច​សោះ​ឡើយ​ ចំណែក​ខ្ញុំ​បាន​ត្រឹម​តែ​គេង​ជូត​ទឹក​ភ្នែក​នៅ​ក្បែរ​គេ​តែ​ប៉ុណ្ណោះ​។​

បន្ទាប់​ពី​រៀប​ការ​ហើយ​ រស់​នៅ​ជា​មួយ​គ្នា​បាន​ ៦ ឆ្នាំ​ ខ្ញុំ​​ពិត​ជា​គ្មាន​ជម្រើស​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​កាន់​ប៊ិច​សរសេរ​នៅ​លើ​លិខិត​លែង​លះ​។​ ខ្ញុំ​បាន​គិត​ថា​ បើ​សិន​ជា​ខ្ញុំ​គ្រាន់​តែ​ស្រលាញ់​គាត់​ម្នាក់​ឯង​ វា​មិន​គ្រប់​គ្រាន់​សម្រាប់​គ្រួសារ​ខ្ញុំ​ឡើយ​។​ តាម​ពិត​រឿង​នេះ​ខ្ញុំ​ដឹង​យូរ​ហើយ​ តែ​ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​ការពិត​ថា​ ប្ដី​របស់​ខ្ញុំ​ពិត​ជា​មិន​ស្រលាញ់​ខ្ញុំ​ទាល់​តែ​សោះ​។

ខ្ញុំ​ ហើយ​នឹង​គាត់​បាន​ជួប​គ្នា​នៅ​វ័យ​ឆ្នាំ​ បេះ​ដូង​ខ្ញុំ​ស្រាប់​តែ​លង់​ស្រលាញ់​គាត់​ភ្លាម​ៗ​។​ មនុស្ស​ប្រុស​ដែល​មាន​ម្រាម​ដៃ​វែង​ៗ​ អង្គុយ​លេង​ហ្គីតា​ ជា​មួយ​នឹង​សំឡេង​យ៉ាង​ពីរោះ​ស្រទន់​។​ ពេល​នោះ​ ពួក​យើង​ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​សិស្ស​ដូច​គ្នា​។​

ខ្ញុំ​ជា​អ្នក​សារភាព​ប្រាប់​គាត់​មុន​ ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំង​ណាស់​ ថែម​ទាំង​ខ្វល់​ពី​គាត់​គ្រប់​រឿង​ ហើយ​គាត់​ជា​ម្ចាស់​បេះ​ដូង​តែ​ម្នាក់​ក្នុង​ចិត្ត​ខ្ញុំ​។​ តែ​គាត់​ជា​មនុស្ស​មិន​កក់​ក្ដៅ​ មិន​ចេះ​យល់​ចិត្ត​ តែ​ខ្ញុំ​នៅ​តែ​ជឿ​ថា​ពួក​យើង​ទាំង​ពីរ​នៅ​តែ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​។​

អស់​រយៈ​ពេល​ជិត​ ១០​ ឆ្នាំ​ដែល​យើង​ទាក់​ទង​គ្នា​ មាន​ច្រើន​លើក​ច្រើន​សារ​ដែល​គាត់​មិន​អើពើ​ជា​មួយ​ខ្ញុំ​ ហើយ​ចង់​ចាកចេញ​ ខ្ញុំ​ពេល​ខ្លះ​ក៏​ហត់​នឹង​ការ​​ព្យាយាម​យក​គាត់​ត្រឡប់​មក​វិញ​ដែរ​។​ រហូត​ដល់​ថ្ងៃ​មួយ​គាត់​បាន​និយាយ​ថា​ គាត់​ពិត​ជា​មិន​ជឿ​ថា​ពួក​យើង​អាច​រស់​នៅ​ជា​មួយ​គ្នា​ដោយ​រីករាយ​ឡើយ​ បើ​សិន​ជា​យើង​រៀប​ការ​។​ តែ​ពេល​នោះ​ខ្ញុំ​មាន​ផ្ទៃ​ពោះ​បាត់​ទៅ​ហើយ​។​

ការ​រៀប​ការ​ ដែល​ជា​ក្ដី​ស្រមៃ​ដ៏​ធំ​របស់​ខ្ញុំ​បាន​កើត​ឡើង​ ទាំង​កូន​កំលោះ​មិន​រីករាយ​ទាល់​តែ​សោះ​។​ គាត់​ប្រាប់​អ្នក​គ្រប់គ្នា​ថា​ គាត់​គ្មាន​ក្ដី​ស្រលាញ់​ឲ្យ​ខ្ញុំ​ទេ​ គាត់​គ្រាន់​តែ​ចង់​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្ញុំ​ និង​កូន​តែ​ប៉ុណ្ណោះ​។​ ទើប​គាត់​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​ខ្ញុំ​ តែ​នៅ​យប់​ផ្សំ​ដំណេក​ ទោះ​គាត់​ស្រវឹង​ក៏​ដោយ​ក៏​គាត់​នៅ​តែ​មិន​មើល​មុខ​ខ្ញុំ​ផង​។​

ខ្ញុំ​ធ្លាប់​គិត​ថា​ ឲ្យ​តែ​បាន​នៅ​ក្បែរ​គាត់​គឺ​គ្រប់​គ្រាន់​ហើយ​ តែ​ពេល​ដែល​ខ្ញុំ​ក្រឡេក​ទៅ​មើល​ថ្ងៃ​អនាគត​ ខ្ញុំ​គិត​ថា​ ចុះ​បើ​ថ្ងៃ​ណា​មួយ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ តើ​គាត់​នឹង​មើល​ថែ​ខ្ញុំ​ដែរ​ទេ​ តើ​យើង​អាច​រៀប​រាប់​រឿង​ក្នុង​ចិត្ត​ប្រាប់​គ្នា​ទៅ​មក​ដូច​ប្ដី​ប្រពន្ធ​ដទៃ​ដែរ​ទេ​ តើ​គាត់​អាច​ឱប​ខ្ញុំ​ពេល​អាកាសធាតុ​ត្រជាក់​ដែរ​អត់​ អាច​និយាយ​លេង​ជា​មួយ​គ្នា​ និង​មាន​ពេល​វេលា​រ៉ូមែនទិក​ដែរ​ទេ​?​

​ ពេល​មួយ​ដែល​ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​បំផុត​ក៏​បាន​កើត​ឡើង​មែន​។​​ តាម​ពិត​ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ស្រលាញ់​គេ​ខ្លាំង​ម្នាក់​ឯង​អស់ ១០ ឆ្នាំ​ រស់​នៅ​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ ៦ ឆ្នាំ​នៅ​តែ​មិន​ល្អ​ស្មើ​នឹង​ស្រី​ម្នាក់​ដែល​ប្ដី​ខ្ញុំ​ទើប​តែ​ស្គាល់​បាន​ ពីរ​ បី​ខែ។​ មនុស្ស​ស្រី​ម្នាក់​ដែល​ខំ​ស្រលាញ់​គេ​អស់​ពី​បេះ​ដូង​ លះ​បង់​គ្រប់​បែប​យ៉ាង​ឲ្យ​គេ​ បែរ​ជា​ល្អ​មិន​ស្មើ​ស្រី​ម្នាក់​ដែល​គ្រាន់​តែ​និយាយ​ពាក្យ​ផ្អែម​ពីរ​បី​ម៉ាត់​ទៅ​វិញ​។

​វា​យឺត​ពេល​ទៅ​ហើយ​ ដែល​ខ្ញុំ​ភ្ញាក់​ខ្លួន​ពី​សុបិន​អាក្រក់​មួយ​នេះ​។​ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​ កាន់​ប៊ិច​ និង​ក្រដាស​មួយ​សន្លឹក​ ជូត​ទឹក​ភ្នែក​​ ហើយ​សរសេរ​អក្សរ​ប៉ុន្មាន​តួ​ និង​គូស​វាស​មួយ​ឆ្វាច​លើ​លិខិត​លែង​លះ​ហ្នឹង​ឯង​។​

មនុស្ស​ស្រី​ដក​ថយ​ភ្លាម​ បើ​​ដឹង​ថា​គេ​មិន​សូវ​ស្រលាញ់​អ្នក​ប៉ុន្មាន​ទេ​។​ ព្រោះ​រឿង​ដែល​អ្នក​នឹង​ជួប​គឺ​ដូច​មនុស្ស​ស្រី​ម្នាក់​នេះ​អ៊ីចឹង​។​ ប្រុស​ៗ​ក៏​ដូច​គ្នា​ បើ​មិន​ស្រលាញ់​ហេតុ​អ្វី​ក៏​ផ្ដល់​ក្ដី​សង្ឃឹម​ ផ្ដល់​រហូត​ទាល់​តែ​​អ្នក​បាន​បំផ្លាញ​អនាគត​មនុស្ស​ស្រី​ម្នាក់​មែន​ទេ​ ចុះ​បើ​មាន​គេ​ធ្វើ​បែប​នេះ​ដាក់​កូន​ស្រី​អ្នក​ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​​៕

ចុចអាន៖ ពេលវេលាគ្រោះថ្នាក់ទាំង៥ ធ្វើឲ្យស្វាមីបែកចិត្តស្រលាញ់ស្រីផ្សេង

ប្រភព៖ Guu ប្រែ​សម្រួល៖ ឃួន​ សុលីកា