តិចនិកព្យាបាលរបួសស្រាលៗកុំឲ្យមានស្នាមនៅផ្ទះដោយខ្លួនឯង

  • 2019-06-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របួស​ស្រាល​ៗ​ដូច​ជា​ មុត​ រលាត់​ស្បែក​ និង​រលាក​បន្តិច​បន្តួច​ គឺ​ជា​រឿង​កើត​ឡើង​ជា​ប្រចាំ​ក្នុង​ជីវិត​។​ យើង​អាច​ព្យាបាល​វា​បាន​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ពី​របៀប​ព្យាបាល​ដែល​មាន​សុវត្ថិភាព​ និង​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​របួស​ឆាប់​ជា​សះ​ស្បើយ​។​ ការ​មាន​សម្ភារៈ​សង្គ្រោះ​បឋម​នៅ​ផ្ទះ​ ជា​គំនិត​ល្អ​មួយ​សម្រាប់​ព្យាបាល​របួស​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​ មិន​ថា​ធ្ងន់​ឬ​ស្រាល​នោះ​ទេ​។​ អ្នក​អាច​រក​ទិញ​សម្ភារៈ​សង្គ្រោះ​បឋម​បាន​ ឬ​រៀប​ចំ​ដោយ​ខ្លួន​ឯង​ដែល​រួម​មាន​សម្ភារៈ​ណា​ដែល​ចាំ​បាច់​សម្រាប់​របួស​នានា​។​ ខាង​ក្រោម​នេះ​ជា​ការ​ណែនាំ​សម្រាប់​ព្យាបាល​របួស​ស្រាល​ៗ៖

១. លាង​ដៃ​ឲ្យ​ស្អាត

ជា​ដំបូង​ ត្រូវ​លាង​ដៃ​របស់​អ្នក​ជា​មួយ​សាប៊ូ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​ មុន​នឹង​ចាប់​ផ្តើម​ព្យាបាល​របួស​ ដើម្បី​ជៀស​វាង​ការ​ឆ្លង​មេរោគ​។

២. លាង​មុខ​របួស

លាង​មុខ​របួស​ជា​មួយ​នឹង​ទឹក​រ៉ូប៊ីនេ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​ និង​លាង​សម្អាត​ដី​ ឬ​កម្ទេច​ផ្សេង​ៗ​លើ​មុខ​របួស​។​ លាង​កន្លែង​ដែល​នៅ​ជិត​របួស​ជា​មួយ​សាប៊ូ​​ និង​ទឹក​ ប៉ុន្តែ​កុំ​ឲ្យ​សាប៊ូ​បះ​ត្រូវ​របួស​ឲ្យ​សោះ​ ដោយ​សារ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​បាន​។​ កុំ​ព្យាយាម​យក​កម្ទេច​ (បើ​សិន​មាន)ចេញ​ពី​របួស​ដោយ​ខ្លួន​ឯង​។​ ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​យក​ចេញ​ ឬ​យក​ដង្កៀប​លាង​ជា​មួយ​អាល់កុល​មក​ចាប់​កម្ទេច​នោះ​ចេញ​។

៣. ឃាត់​ឈាម

ឈាម​ដែល​ហូរ​ចេញ​ពី​ការ​មុត​ ឬ​រលាត់​តិច​តួច​ អាច​ឈប់​ហូរ​ដោយ​ខ្លួន​ឯង​។​​អ្នក​ក៏​អាច​ឃាត់​ឈាម​បាន​ដោយ​ការ​យក​បន្ទះ​បង់​រុំ​របួស​​ ឬ​ក្រណាត់​ស្អាត​មក​សង្កត់​លើ​មុខ​របួស​ថ្នម​ៗ​។​ សង្កត់​ឲ្យ​បាន​ពីរ​ទៅ​បី​នាទី​ ឬ​រហូត​ដល់​ឈាម​ឈប់​ហូរ​។

៤. យក​ក្រមួន​ព្យាបាល​លាប​លើ​របួស

លាប​ក្រមួន​ព្យាបាល​របួស​ស្រាល​ៗ​លើ​មុខ​របួស​ ដើម្បី​រក្សា​សំណើម​លើ​របួស​ ហើយ​ជួយ​ឲ្យ​របួស​ឆាប់​ជា​។​ ព្យាយាម​យក​ក្រមួន​ព្យាបាល​មក​លាប​លើ​របួស​ឲ្យ​បាន​ទៀង​ទាត់​ ការ​ព្យាបាល​បែប​នេះ​ក៏​ជួយ​កាត់​បន្ថយ​កុំ​ឲ្យ​មាន​សម្លាក​ក្រោយ​របួស​ជា​សះ​ស្បើយ​ដែរ​។

៥. ប្រើ​បង់​បិត​មក​រុំ​របួស

ប្រសិន​បើ​របួស​មុត​ជ្រៅ​ ហើយ​ធំ​ អ្នក​អាច​យក​បង់​រុំ​របួស​មក​រុំ​ ហើយ​បិត​ជុំ​វិញ​របួស​។​ អ្នក​ក៏​អាច​យក​បង់​បិត​ដំបៅ​មក​បិត​ ហើយ​ប្ដូរ​ចេញ​ពេល​ណា​ដែល​វា​សើម​ ឬ​កខ្វក់​។

នៅ​ពេល​របួស​ក្លាយ​ជា​កមរ​​ កុំ​កេះ​វា​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រ​ជា​សះ​ស្បើយ​។​ ការ​កេះ​កមរ​ អាច​ធ្វើ​ឲ្យ​មាន​សម្លាក​បាន​ទៀត​ផង​។​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​សម្លាក​ ត្រូវ​លាប​ក្រមួន​ព្យាបាល​លើ​របួស​ជា​និច្ច​។​ សម្រាប់​ព័ត៌មាន​ទាក់​ទង​នឹង​ការ​រលាក​ស្រាល​ៗ​ អ្នក​អាច​ស្វែង​រក​បាន​នៅ​ទី​នេះ​។​ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ប្រសិន​បើ​របួស​អ្នក​ប៉ះ​នឹង​សារធាតុ​កខ្វក់​ ឬ​ច្រេះ​ និង​សួរ​នាំ​អំពី​ការ​ចាក់​​វាំង​សាំង​បង្ការ​តេតាណូស​៕

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម