វិធីសាស្រ្តការពារខ្លួនឯងកុំឲ្យដេកត បន្ទាប់ពីបិទម៉ោងរោទ៍ហើយ
- 2019-06-25 07:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្តការពារខ្លួនឯងកុំឲ្យដេកត បន្ទាប់ពីបិទម៉ោងរោទ៍ហើយ
ទម្លាប់អាក្រក់មួយចំនួនដែលពិបាកកែជាងគេ គឺពេលនាឡិការោទ៍ចង់ផ្ទុះ យកដៃចុចបិទហើយ ឆ្លៀតដេកតទៅវិញទៀត។ ដោយសារតែពេលយប់ ជប់លៀងជ្រុលម៉ោង នៅលេងហ្គេម នៅចុចទូរសព្ទ...ទើបព្រឹកឡើងថ្ងៃរះ បើកភ្នែកមិនកើតងើបក៏មិនចង់រួច។ ហេតុនេះត្រូវរកដំណោះស្រាយជាបន្ទាន់ហើយ បើខ្លួនជាប់ជាមួយគ្រែយូរពេក ធ្វើម៉េចអាចដើរទាន់គេនោះ?
ដំណោះស្រាយទី១៖ ហាមផឹកកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ
បន្ទាប់ពីម៉ោង៣ល្ងាច ហាមដាច់ខាតយកជាតិកាហ្វេអ៊ីនចូលខ្លួន ព្រោះវាអាចធ្វើឲ្យអ្នកគេងពុំលក់។ បើចង់ក្រោកលឿនពេលព្រឹក ហាមខ្ជិលនៅពេលថ្ងៃដូចជាការគេងច្រើនជាដើម។ ស្តាប់ចម្រៀង ផឹកទឹកដោះគោ ឬតែក្តៅអ៊ុនៗ មុនពេលចូលគេង អាចជួយឲ្យរាងកាយធូរស្បើយ គេងលក់ស្កប់ស្កល់។
ដំណោះស្រាយទី២៖ កំណត់ម៉ោងទូរសព្ទបិទដោយស្វ័យប្រវត្តិ
ជៀសវាងនៅចុចទូរសព្ទ មើលរឿងភាគក្នុងទូរទស្សន៍ដល់យប់ជ្រៅ ព្រោះពន្លឺចេញពីឧបករណ៍ទាំងនោះ អាចបង្កផលប៉ះពាល់ដល់ខួរក្បាល ភ្នែក និងពិបាកគេង។ លេងកាន់តែយូរ ពេលក្រោកឡើងកាន់តែឈឺក្បាលធេងធោង។ ហេតុនេះ ត្រូវដឹងបីរបៀបកំណត់ម៉ោងទូរសព្ទបិទដោយស្វ័យប្រវត្តិ និងបើកឡើងវិញពេលម៉ោងរោទ៍ ទើបគ្មានអ្វីអាចរំខានអ្នកបាន។
ដំណោះស្រាយទី៣៖ ផឹកទឹក
ភ្ញាក់ឡើងភ្លាមផឹកទឹកភ្លែត មានប្រយោជន៍ច្រើនខ្លាំងនឹកស្មានមិនដល់ ថែមទាំងធ្វើឲ្យរាងកាយមានថាមពល និងជួយលាងសម្អាតក្រពះពោះវៀន។
ដំណោះស្រាយទី៤៖ ពត់ខ្លួន
ញ៉ាំទឹកហើយកុំភ្លេចពត់ខ្លួន ដើម្បីជួយឲ្យឈាមរត់ស្រួល រាងកាយឆាប់ស្វាង។ បើអាចហាត់ប្រាណបន្ថែមកាន់តែល្អចំពោះសុខភាព។
ដំណោះស្រាយទី៥៖ បើកចម្រៀងកន្ត្រាក់អារម្មណ៍
បើកចម្រៀងកន្ត្រាក់អារម្មណ៍ណាដែលអ្នកចូលចិត្ត អាចធ្វើឲ្យរាងកាយផ្លាស់ប្តូរតាមចង្វាក់ភ្លេង អារម្មណ៍ស្រស់ស្រាយ សប្បាយកាត់ព្រឹកតែម្តង៕