រូបមន្តថែបំប៉នសក់ស្អាត ពីគល់ដល់ចុងតាមបែបធម្មជាតិដោយគ្រឿងផ្សំងាយៗ

  • 2019-06-24 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ស្រី​ពិបាក​ចិត្ត​ជាង​គេ​នៅ​ពេល​សក់​ប្រែ​ជា​សំពីង​សំពោង​ដូច​សំបុក​មាន់ មើល​ទៅ​រញ៉េរញ៉ៃ​មិន​មាន​សណ្ដាប់​ធ្នាប់។ ​​ដោយ​សារ​តែ​សក់​បាត់​ជាតិ​សំណើម ស្ងួត ​ត្រូវ​កម្ដៅ​ខ្លាំង និង​ជាតិ​​ពុល​ព្រម​ទាំង​​សារជាតិ​គីមី​ក្នុង​សាប៊ូ​កក់​សក់​ច្រើន​ ​ធ្វើ​ឲ្យ​សក់​បាត់​សោភណភាព​ទៅ​ជា​សំពោង​ជា​ដើម។

កញ្ញា ​សូម​ទម្លាយ​អាថ៌កំបាំង​ធ្វើ​ឲ្យ​សក់​ទន់​ស្អាត រលោង​​តាម​វិធី​ធម្មជាតិ​​ខាង​ក្រោម ដែល​មិន​ពិបាក​ធ្វើ ​ហើយ​ថែម​ទាំង​ងាយ​រក​គ្រឿង​ផ្សំ​បាន​​​​​ទៀត​ផង៖

១. ​ប្រេង​ដូង​និង​ក្រូច​ឆ្មា

ប្រេង​ដូង​ ​ជួយ​សក់​ឲ្យ​មាន​សំណើម​​ខ្ពស់ និង​ផ្ដល់​ប្រូតេអ៊ីន​ដល់​សក់​​​ឲ្យ​ទន់​រលោង និង​កាត់​បន្ថយ​សក់​ជ្រុះ​​ផង​​ដែរ។ ​ចំណែក​ក្រូច​ឆ្មា​វិញ ​ផ្ទុក​វីតា​មីន​C ​​ជួយ​បណ្តុះ​សក់​ឲ្យ​លូត​លាស់​ល្អ។

-គ្រឿង​ផ្សំ៖ ​ប្រេង​ដូង​មួយ​កែវ​​តូច​ និង​ក្រូច​ឆ្មា​មួយ​ផ្លែ

-វិធី​ប្រើ៖ លាយ​របស់​ពីរ​នេះ​បញ្ចូល​គ្នា​ ហើយ​ទុក​ក្នុង​ទូ​ទឹក​កក​ប្រហែល​មួយ​ម៉ោង ។ បន្ទាប់​មក​លាប​វា​​ជា​ផ្នែក​ៗ​លើ​សក់​របស់​អ្នក​ឲ្យ​ពេញ​ក្បាល រួច​ទើប​យក​ថង់​គ្រប​សក់​ដោយ​ទុក​ចោល​ប្រហែល​២០​នាទី។ បន្ទាប់​មក​លាង​ជម្រះ​វា​ចេញ​ដោយ​ទឹក​​ធម្មតា​ អ្នក​​នឹង​ទទួល​បាន​សក់​ស្អាត​ដូច​បំណង។

២. ​ប្រទាល​កន្ទុយ​ក្រពើ ​និង​ប្រេង​អូ​លីវ

ប្រទាល​កន្ទុយ​ក្រពើ​ជា​ប្រភព​វីតាមីន​​និង​ផ្ដល់​សំណើម​​ដល់​សក់​យ៉ាង​អស្ចារ្យ។ ​រី​ឯ​ប្រេង​អូ​លីវ​ ​ជួយ​រំញោច​ឫស​សក់​ឲ្យ​ដុះ​លូ​លាស់​ និង​មាន​សុខភាព​ល្អ​។

-​​​​​គ្រឿង​ផ្សំ៖ ​ចិត​យក​សាច់​ចាហួយ​របស់​ប្រទាល​កន្ទុយ​ក្រពើ​មួយ​ចាន​តូច និ​ង​ប្រេង​អូ​លីវ​កន្លះ​ស្លាប​ព្រា​កា​ហ្វេ​

-វិធី​ប្រើ​៖ កម្ដៅ​ប្រេង​អូ​លីវ​ក្ដៅ​បន្តិច​​ ហើយ​លាយ​ច្របល់​គ្នា​ឲ្យ​សព្វ​ល្អ​​​​ជាមួយ​​ចាហួយ​ប្រទាល​កន្ទុយ​ក្រពើ​ ។ យក​ល្បាយ​នេះ​មក​លាប​លើ​សក់​តាំង​ពី​គល់​ដល់​ចុង​សក់ ហើយ​គ្រប​ក្បាល​​ប្រហែល​៤៥​នាទី។ ​បន្ទាប់​មក​លាង​​ជាមួយ​សាប៊ូ​​កក់​សក់ និង​​កុំ​ប្រើ​ក្រែម​បន្ទន់​។

៣. ស្រា​បៀរ

ក្រៅ​ពី​ផឹក​ឲ្យ​ស្រវឹង ស្រា​បៀរ​អាច​ចិញ្ចឹម​សក់​ឲ្យ​ទន់​រលោង និង​មិន​ជំពាក់​ជំពិន។ ​

-គ្រឿង​ផ្សំ​៖ ​ស្រា​បៀរ​មួយ​កំប៉ុង

​វិធី​ប្រើ៖ កក់​សក់​ជាមួយ​សាប៊ូ​ដោយ​ចាក់​ស្រាបៀរ​​លើ​សក់ និង​​អ្នក​ត្រូវ​ឈ្លី​ស្បែក​ក្បាល​ឲ្យ​​​របស់​ពីរ​នេះ​ជ្រាប​សូល​សរសៃ​សក់​បាន​ល្អ។ ​ប្រ​ហែល​៥​ទៅ​១០​នាទី ​​លាង​ជម្រះ​សក់​ចេញ​ដោយ​ប្រើ​ទឹក​ធម្មតា។

៤. ​ទឹក​ដោះ​គោ​ជូរ និង​ទឹក​ឃ្មុំ

​ទឹក​ដោះ​គោ​ជូរ​មាន​សារធាតុ​ចិញ្ចឹម​យ៉ាង​ពិសេស​​ដល់​សក់​ឲ្យ​ភ្លឺ​រលោង រួម​ទាំង​ការពារ​សក់​​ឲ្យ​ចៀស​ផុត​ពី​ស្ងួត​បែក​ចុង​ផង​ដែរ។ ​សម្រាប់​ទឹក​ឃ្មុំ​វិញ ​មាន​ផ្ទុក​ Emollient ​ដែល​មាន​គុណ​សម្បត្តិ​ជួយ​សក់​មាន​សំណើម ​មិន​ស្ងួត និង​សំពោង។

-​គ្រឿង​ផ្សំ៖ ​ទឹក​ដោះ​គោ​ជូរ​ ២​ -​៣ ​ស្លាប​ព្រា​កាហ្វេ ​និង​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​កាហ្វេ

-វិធី​ប្រើ៖ ​យក​ទឹក​ដោះ​គោ​ជូរ​និង​ទឹក​ឃ្មុំ​​លាយ​ចូល​គ្នា​ក្នុង​ចាន​កូរ​​ឲ្យ​សព្វ​ល្អ ​រួច​យក​ល្បាយ​នេះ​មក​​ឈ្លី​លើ​សក់​ក្បាល ហើយ​ទុក​ប្រហែល​៣០​នាទី ។ ​បន្ទាប់​លាង​សក់​ចេញ​ដោយ​ទឹក​ត្រជាក់​ធម្មតា។

​​

​៥. ​ចេក ​ទឹក​ឃ្មុំ ​និង​ប្រេង​ដូង

ផ្លែ​ចេក​ជួយ​ផ្ដល់​សំណើម​សក់ បំប៉ន​សរសៃ​សក់​ឲ្យ​ទន់​រលោង​និង​រឹង​មាំ​ល្អ។ ​ប្រសិទ្ធ​ភាព​នៃ​ផ្លែ​ចេក ទឹក​ឃ្មុំ និង​ប្រេង​ដូង​លាយ​បញ្ចូល​គ្នា ​​ជួយ​សក់​ឲ្យ​​ឈប់​ខូច និង​បង្កើន​ប្រូតេអ៊ីន​ដល់​សក់​។

-គ្រឿង​ផ្សំ៖ ចេក​ទុំ​២​ផ្លែ ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​កាហ្វេ ​ប្រេង​ដូង​មួយ​ស្លាប​ព្រា​កាហ្វេ

-​វិធី​ប្រើ៖ ​យក​ចេក​កិន​បំបែក​ឲ្យ​ម៉ត់​ល្អ​ទុក​ក្នុង​ចាន ​បន្ទាប់​មក​ដាក់​ទឹក​ឃ្មុំ​​ច្របល់​ឲ្យ​សព្វ រួច​បន្ថែម​ប្រេង​ដូង ​និង​ប្រេង​អូ​លីវ​លាយ​ចូល​គ្នា។ ​ពេល​បាន​ល្បាយ​នេះ​ហើយ ​យក​​មក​លាប​ពី​លើ​ស្បែក​ក្បាល​និង​សក់​ឲ្យ​សព្វ​ល្អ។ ​ទុក​ប្រមាណ​ ​៥​ទៅ​១០​នាទី ​អ្នក​អាច​លាង​ចេញ​បាន​ដោយ​ប្រើទឹក​ក្តៅ​ឧ​ណ្ហ​ៗ​។

៦. ស៊ុត​និង​ប្រេង​អាល់​ម៉ុន

​ស៊ុត ជួយ​រំញោច​ឬស​សក់​ឲ្យ​មាន​សុខភាព​ល្អ ​និង​បំប៉ន​​សក់​ឲ្យ​លូត​លាស់​ល្អ។ ​បប្រេង​អាល់​ម៉ុន ​ជួយ​ថែ​រក្សា​សក់​​ឲ្យ​មាន​សំណើម​ទ្វេដង ​និង​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ជួយ​សម្រួល​​សល់​ស្បែក​ក្បាល​មិន​ឲ្យ​រមាស់។ ​​​​​​​​​​​​​

-គ្រឿង​ផ្សំ៖ ស៊ុត​មួយ​គ្រាប់ និង​ប្រេង​អាល់​ម៉ុន​ កន្លះ​ស្លាប​ព្រា​កាហ្វេ

-​វិធី​ប្រើ៖ គោះ​ស៊ុត​ដាក់​ក្នុង​ចាន ហើយ​ដាក់​ប្រេង​អាល់​ម៉ុន​​ច្របល់​គ្នា​រហូត​ដល់​ល្បាយ​រលាយ​ចូល​គ្នា​ល្អ​។ ​យក​​ល្បាយ​នេះ​មក​លាប​លើ​សក់ ដោយ​ទុក​ចោល​ពី ​៣៥​ទៅ ​៤០​នាទី​។ ​បន្ទាប់​មក​កក់​សក់​ចេញ និង​អ្នក​អាច​ប្រើ​ក្រែម​បន្ទន់​បាន​ផង​ដែរ។

​​.៧ ​​ផ្លែ​ល្ពៅ ​និង​ទឹក​ឃ្មុំ

​ផ្លែ​ល្ពៅ ​ផ្ទុក​អង់​ស៊ីម​និង​អា​ស៊ីត​អា​មី​ណូ​ជួយ​ចិញ្ចឹម​ឫស​សក់​ ឲ្យ​សក់​ដុះ​បាន​ល្អ​ ​លូត​លាស់​និង​មាន​សុខភាព​ល្អ។​​​

-គ្រឿង​ផ្សំ​៖ ​ផ្លែ​ល្ពៅ​កិន​ពូត​យក​ទឹក​មួយ​ពែង​ និង​ទឹក​ឃ្មុំ​ពីរ​ស្លាប​ព្រា​កាហ្វេ

-​​វិធី​ប្រើ៖ ​យក​ចាន​ដាក់​ទឹក​ល្ពៅ​និង​ទឹក​ឃ្មុំ លាយ​ចូល​គ្នា​ឲ្យ​សព្វ​ល្អ រួច​យក​មក​លាប​ឲ្យ​សព្វ​សក់។ ​ទុក​ប្រហែល​៣០​ - ៤៥​​នាទី ហើយ​លាង​សក់​ចេញ​ដោយ​សាប៊ូ​​ធម្មតា។

​ចុចអាន៖ ​​ រូបមន្តងាយៗ ធ្វើនៅផ្ទះខ្លួនឯងជួយកម្ចាត់មុនបានយ៉ាងស័ក្ដិសិទ្ធិ

ប្រភព៖ Boldsky ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម