ពេល​​រលាក​កុំ​ចេះ​តែ​​លាប​ថ្នាំ​ដុស​ធ្មេញ​តាម​គ្នា​​ប្រយ័ត្ន​ជួប​រឿង​ហួស​ចិត្ត​បែបនេះ

  • 2019-06-19 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វិធី​ជា​ច្រើន ដែល​អ្នក​​ធ្លាប់​ឮ​តៗ​គ្នា ព្រម​ទាំង​យក​មក​អនុវត្ត​នៅ​ផ្ទះ​ដោយ​ខ្លួន​​ឯង ដើម្បី​ព្យាបាល​ជំងឺ ឬ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ។ យ៉ាង​ណា​មិញ វិធី​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ល្អ មាន​ប្រសិទ្ធភាព​នោះ​ទេ ស្រួល​មិន​ស្រួល​​អ្នក​អាច​នឹង​ជួប​រឿង​ខក​ចិត្ត​មិន​ខាន។​

លោក​វេជ្ជបណ្ឌិត​ Dr Kamarul Ariffin បាន​បង្ហោះ​សារ​នៅ​ Twitter ដោយ​បញ្ជាក់​ថា​ ប្រសិន​បើ​អ្នក​មាន​រលាក​​នៅ​ផ្ទះ អ្នក​តែង​តែ​ឮ​តៗ​គ្នា​ ឲ្យ​លាប​ថ្នាំ​ដុះ​ធ្មេញ ពង​មាន់ ទឹក​ស៊ីអ៊ីវ...ដើម្បី​ឲ្យ​ធូរ​ស្រាល។ ផ្ទុយ​ទៅ​វិញ វេជ្ជបណ្ឌិត​ជនជាតិ​ម៉ាឡេស៊ី​រូប​នេះ បាន​និយាយ​ទៀត​ថា វិធី​ទាំង​អស់​អាច​​បណ្ដាល​ឲ្យ​​កន្លែង​រលាក​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​​មុន​។

ដូច​ក្នុង​រូប​ភាព​ ដែល​គាត់​បាន​បង្ហោះ​មក​ជា​មួយ​គ្នា​នេះ​ដែរ មាន​មនុស្ស​ម្នាក់​បាន​រលាក​ដៃ​ជាមួយ​នឹង​ខ្លាញ់​ក្តៅ ហើយ​ក៏​សម្រេច​ចិត្ត​លាប​ថ្នាំ​ដុសធ្មេញ​ត្រង់​កន្លែង​របួស។ សំណាង​អាក្រក់ ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន កាន់​តែ​ហើម​ខ្លាំង​ឡើង​ៗ សឹង​តែ​មើល​ដៃ​លែង​ស្គាល់។

​​វេជ្ជបណ្ឌិត​ Kamarul និយាយ​ថា វិធី​ព្យាបាល​នៅ​ផ្ទះ អាច​នាំ​ឲ្យ​ក្តៅ​រោល​រលាក និង​ចម្លង​មេរោគ​បាន​យ៉ាង​ងាយ។ គាត់​ពន្យល់​ថា ការ​រលាក​មាន​៣​ដំណាក់​កាល ទី​១ ទី២ និង​ទី​៣។ ដំណាក់កាល​ទី​១ អ្នក​រង​របួស អាច​មាន​អារម្មណ៍​ឈឺចាប់ មាន​ស្នាម​ក្រហម ប៉ុន្តែ​គ្មាន​ពង​បែក​នោះ​ទេ។ ដំណាក់កាល​ទី២ កន្លែង​រលាក​មាន​ពង​បែក ឈឺចាប់ និង​មាន​ស្នាម​ក្រហម។ សម្រាប់​ដំណាក់​កាល​ទី​៣វិញ ស្បែក​ប៉ោង​ឡើង​លាយ​ឡំ​ជាមួយ​នឹង​ពណ៌​ស ប្តូរ​ទម្រង់​តែ​មិន​ដឹង​ឈឺ​នោះ​ទេ ដោយ​សារ​ចុង​សរសៃ​ត្រូវ​បាន​ខូច​ខាត​អស់​ហើយ។

យល់​ល្អ​​ពេល​មាន​រលាក​ផ្សេង​ៗ គួរ​ប្រើ​វិធី​ខាង​​ក្រោម​ជំនួស​វិញ៖

១. ត្រូវ​យក​អ្នក​រង​របួស​ចេញ​ពី​កន្លែង​គ្រោះថ្នាក់​​ឲ្យ​បាន​លឿន​បំផុត ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ហាម​ស្លន់ស្លោ។

២. ដោះ​គ្រឿង​អលង្ការ សម្លៀក​បំពាក់ និង​គ្រឿង​លម្អ​ផ្សេងៗ​ដែល​ត្រូវ​នឹង​កម្តៅ​ចេញ​ពី​ខ្លួន​សិន។

៣. ដាក់​កន្លែង​រលាក​ជាមួយ​ទឹក​ធម្មតា ឲ្យ​បាន​ពី​១៥-២០​នាទី​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ចេញ​ពង​បែក។ ដាច់​ខាត​កុំ​ប្រើ​ទឹក​ត្រជាក់​ឬ​ទឹក​កក​ ព្រោះ​វា​អាច​នាំ​ឲ្យ​របួស​ក្រ​ជា​សះ​ស្បើយ​ដូច​ដើម​។​

៤. បើ​មាន​ពង​​បែក​តិច​តួច គួរ​ទុក​ឲ្យ​ជា​សះ​ស្បើយ​តាម​ធម្មជាតិ ហាម​ញេច​បំបែក។ អាច​ការពារ​កន្លែង​របួស ដោយ​ប្រើ​បង់​បិទ​បាន​។

យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​រលាក​ក្នុង​ដំណាក់​កាល​ទី​២ឬ​៣ គួរ​ទៅ​មន្ទីរពេទ្យ​ឬ​គ្លីនិក ដែល​នៅ​ជិត​​បំផុត ដើម្បី​សង្រ្គោះ​និង​ព្យាបាល​តាម​របៀប​ត្រឹម​ត្រូវ។ អ្នក​ក៏​អាច​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ​បាន​ដែរ បើ​សិន​ជា​ស្ថិត​ក្នុង​ដំណាក់កាល​ទី​១​៕​ ចុចអានបន្ត៖

ប្រភព៖ worldofbuzz ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម