តិចនិកសម្រកគីឡូលឿនដោយ​មិន​ចាំ​បាច់​បែក​ញើស​ សម្រាប់អ្នកខ្ជិល

  • 2019-06-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ច្រើន​ហើយ​ដែល​បាន​ដឹង​ថា​ការ​សម្រក​គីឡូ​បាន​ជោគ​ជ័យ​ ដំបូង​គឺ​មក​ពី​ការ​ជ្រើស​រើស​អាហារ​សុខភាព​ គ្រប់​គ្រង​កាឡូរី​ ហើយ​ហាត់​ប្រាណ​ឲ្យ​បាន​ញឹក​ញាប់​។​ ទោះ​បី​ជា​បែប​ហ្នឹង​មែន​ក៏​ដោយ​ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ស្វាហាប់​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​គម្រោង​សម្រក​ទម្ងន់​នោះ​ទេ​។​ ខាង​ក្រោម​នេះ​ជា​តិចនិក​ងាយ​ៗ​ជួយ​អ្នក​ឲ្យ​ស្រក​គីឡូ​បាន​លឿន​ដោយ​មិន​ចាំ​បាច់​បែក​ញើស​៖​

១. ពិនិត្យ​មើល​ទម្ងន់​ខ្លួន​ឯង

ការ​សិក្សា​បាន​បង្ហាញ​ថា​អ្នក​ដែល​ឧស្សាហ៍​ពិនិត្យ​មើល​គីឡូ​ខ្លួន​ឯង​រាល់​ថ្ងៃ​មាន​ទំនោរ​ចង់​សម្រក់​ទម្ងន់​ជាង​អ្នក​ដែល​កម្រ​ថ្លឹង​មើល​ទម្ងន់​ខ្លួន​ឯង​។​​មូល​ហេតុ​គឺ​មក​ពី​អ្នក​ដែល​ដឹង​ទម្ងន់​ខ្លួន​ឯង​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេល​ដែល​ទម្ងន់​របស់​ពួក​គេ​ប្រែ​ប្រួល​ចុះ​ឬ​ឡើង​ ហើយ​អាច​ទប់​ស្កាត់​ទាន់​ពេល​បាន​។​ ឡើង​ថ្លឹង​ជញ្ជីង​មួយ​អាទិត្យ​ម្ដង​ដើម្បី​ឃើញ​លទ្ធផល​ល្អ​។

២. ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ជា​មួយ​អាហារ​ពេល​ព្រឹក

អ្នក​ប្រហែល​ជា​គិត​ថា​ ការ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​អាច​ជួយ​អ្នក​កាត់​បន្ថយ​កាឡូរី​ ប៉ុន្តែ​អ្នក​ឯកទេស​ផ្នែក​អាហារូបត្ថម្ភ​និយាយ​ថា​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទៀង​ទាត់​អាច​បង្កើន​ទម្ងន់​តិច​ និង​បាត់​បង់​ទម្ងន់​លឿន​ជាង​អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​។​ លើស​ពី​នេះ​ អាហារ​ពេល​ព្រឹក​ជា​ពេល​ដែល​ល្អ​សម្រាប់​ផ្ដល់​ជាតិ​ប្រូតេអ៊ីន​ និង​ជាតិ​សរសៃ​ពី​ម្ហូប​ជា​ច្រើន​ដូច​ជា​ ស្រូវ​សាលី​ cereals និង​យ៉ាអួ​។

៣. ញ៉ាំ​ស៊ុប​ ឬ​សាឡាដ

ពេល​ញ៉ាំ​អី​នៅ​ខាង​ក្រៅ​ គួរ​តែ​ញ៉ាំ​ជា​ស៊ុប​ ឬ​សាឡាដ​ ព្រោះ​វា​ជា​វិធី​ល្អ​ ហើយ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​តិច​ តែ​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត​នឹង​ការ​តម​អាហារ​។​ ស៊ុប​និង​សាឡាដ​មាន​ជាតិ​សរសៃ​ច្រើន​​ល្អ​ចំពោះ​សុខភាព​ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​។​ តែ​យល់​ល្អ​កុំ​ញ៉ាំ​ស៊ុប​ ដំឡូង​ ឬ​គ្រឿង​សមុទ្រ​ឲ្យ​សោះ​។​

៤. រើស​យក​ការ​ញ៉ាំ​អាហារ​តិច​ ជំនួស​ឲ្យ​ការ​ញ៉ាំ​ច្រើន

ញ៉ាំ​អាហារ​ឲ្យ​បាន​តិច​​ជាង​អ្វី​ដែល​អ្នក​ចង់​ញ៉ាំ​។​ ជំនួស​ការ​ញ៉ាំ​របស់​ខ្លាញ់​ដោយ​ការ​ញ៉ាំ​សាឡាដ​ ឬ​នំប៉័ង​មួយ​ជំនិត​ ហើយ​ដាក់​ស្លាប​ព្រា​ចុះ​បន្ទាប់​ពី​ញ៉ាំ​ហើយ​ភ្លាម​។​ ត្រូវ​ញ៉ាំ​ និង​ទំពា​ឲ្យ​យឺត​ៗ​ ទុក​ពេល​ឲ្យ​ក្រពះ​បញ្ជូន​ព័ត៌មាន​ទៅ​ខួរ​ក្បាល​ដើម្បី​កំណត់​បរិមាណ​អាហារ​របស់​អ្នក​។​

៥. ផឹក​ទឹក​មុន​ញ៉ាំ​អាហារ

ជំនួស​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​ដោយ​ការ​ញ៉ាំ​ស៊ុប​ និង​សាឡាដ​ ផឹក​ទឹក​មួយ​កែវ​មុន​ពេល​ញ៉ាំ​ នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​។​ លើស​ពី​នេះ​ផឹក​ទឹក​មុន​ពេល​ញ៉ាំ​អាហារ​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​នៃ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ ៨ ទៅ​ ១០​ កែវ​ក្នុង​១​ថ្ងៃ​។

៦. ជ្រើស​រើស​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន

ពេល​ដែល​អ្នក​ហត់​ហើយ​ឃ្លាន​ អ្នក​នឹង​ញ៉ាំ​អ្វី​ម៉្យាង​ទ្រាប់​ពោះ​មិន​ខាន​។​ គួរ​តែ​ខ្ចប់​បន្លែ​បៃតង​ និង​ផ្លែ​ឈើ​ខ្លះ​ វា​ប្រហែល​ជា​ត្រូវ​ចំណាយ​លុយ​បន្តិច​ដែរ​ តែ​វា​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​ ដោយ​សារ​វា​មាន​ជាតិ​សរសៃ​​ និង​វីតាមីន​ខ្ពស់​៕​

ចុចអាន៖

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម