ស្ងៀមស្ងាត់​មិន​ប្រាកដ​ថា​ឈប់​ស្រលាញ់ តែ​ស្ងាត់​យូរ អាច​បាត់​គ្នា​ជា​រៀង​រហូត

  • 2019-06-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ស្ងៀមស្ងាត់​ទើប​យើង​មិន​ដឹង​គូ​ភាគី​កំពុង​ឈឺ​ដល់​ថ្នាក់​ណា ហើយ​គេ​ក៏​ដូច​គ្នា។ ដោយ​សារ​តែ​ស្ងៀមស្ងាត់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ទាំង​២​កំពុង​សម្លាប់​ទឹក​ចិត្ត​គ្នា​ហើយ។

មាន​ស្នេហា​មួយ​ចំនួន ស្រលាញ់​គ្នា​ខ្លាំង​ស្ទើរ​លេប សឹង​តែអា​ច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​ដើម្បី​គ្នា តែ​ចុង​បញ្ចប់​បាន​ត្រឹម​បែក​គ្នា​ក្នុង​ក្ដី​ស្ងៀមស្ងាត់​ទៅ​វិញ។ និយាយ​ឲ្យ​ចំ​ទៅ វា​គ្រាន់​តែ​ប្រៀប​ដូច​ជា​ល្បែង​មួយសម្រាប់​យុវវ័យ ហើយ​អ្វី​ដែល​ឆោត​បំផុត​នោះ​គឺ គ្មាន​អ្នក​ណា​ហើប​មាត់​ស្រដី​សូម្បី​មួយ​ម៉ាត់។

ការ​ពិត​ទៅ មនុស្ស​ស្រី​គឺ​ពិត​ជា​ស្មុគស្មាញ​ខ្លាំង​ណាស់ កាល​ពី​មុន រាល់​ពេល​ឈ្លោះ​គ្នា​នឹង​សង្សារ​ម្ដង​ៗ ខ្ញុំ​តែង​តែ​បិទ​ទូរសព្ទ ហើយ​បិទ Facebook ដើម្បី​កុំ​ឲ្យ​គេ​ផ្ញើសារ​មក​បាន តែ​ដៃ​កាន់​ទូរសព្ទ​ឡើង​ជាប់ រង់​ចាំ​សារ​របស់​គេ​ទៅ​វិញ។ ក្រោយ​មក​ក៏​បើក​ទូរសព្ទ​វិញ ដើម្បី​មើល​ថា​គេ​និយាយ​អ្វី ស្ដី​ឲ្យ​គេ​តែ​ប៉ុន្មាន​ម៉ាត់ ក៏​ត្រូវ​គ្នា​វិញ។

យូរ​ៗ​ទៅ ស្នេហា​របស់​ពួក​ខ្ញុំ​រឹត​តែ​ពិបាក​តាម ខ្ញុំ​មួម៉ៅ​កាន់​តែ​ច្រើន គាត់​កាន់​តែ​ហត់។ រយៈ​ពេល​ខឹង និង​ឈ្លោះ​គ្នា​កើន​ឡើង គម្លាត​ពេល​នៃ​ភាព​ស្ងប់​ស្ងាត់​ក៏​កាន់​តែ​យូរ​ជាង​មុន។

ស្ងៀមស្ងាត់​មិន​ប្រាកដ​ថា​អស់​ស្រលាញ់ ខ្ញុំ​នៅ​តែ​តាមដាន​គាត់ នៅ​តែ​នឹក​គាត់ តែ​រវាង​ពួក​ខ្ញុំ​ដូច​មានរនាំង​អ្វី​មួយ មិន​អាច​បើក​មាត់​បាន។ មិន​ដឹង​ដោយ​សារ​តែ​ហេតុផល​អ្វី ពួក​ខ្ញុំ​ត្រូវ​បាត់​គ្នា​ដោយ​សារ​ភាព​ស្ងៀមស្ងាត់។ ជីវិត​ពិត​ជា​ពិបាក​និយាយ​មុន​ខ្លាំង​ណាស់ ថ្ងៃ​ដែល​ពួក​យើង​ស្ងៀមស្ងាត់ គ្រាន់​តែ​គិត​ថាខឹង​គ្នា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ តែ​កាន់​តែយូរ​ទៅ រឹត​តែ​ពិបាក​បើក​មាត់​និយាយ​ដាក់​គ្នា ជា​លទ្ធផល​ក៏​បែក​គ្នា​ដោយ​មិន​ដឹង​ខ្លួន។

ដោយ​សារ​តែ​ស្ងៀមស្ងាត់ ទើប​មិន​ដឹង​ថា​គេ​កំពុង​គិត​អ្វី ដោយ​សារ​តែ​ស្ងៀមស្ងាត់​ទើប​ទ្រាំ​ការ​ឈឺ​តែ​ម្នាក់​ឯង។ ដោយ​សារ​តែ​ស្ងៀមស្ងាត់ ទើប​ចំណង​នេះ​គ្មាន​សម្រាយ ឃ្លាត​ចេញ​ពី​គ្នា​ពី​ពេល​ណា​ក៏​លែង​ដឹង។ ដូច​នេះ​ហើយ បើ​នៅ​ស្រលាញ់ សូម​កុំ​ស្ងៀមស្ងាត់ សុខ​ចិត្ត​មុខ​ក្រាស់​បន្តិច​ក៏​គ្រាន់​ជាង​បាត់​គ្នា​រហូត៕

​ចុចអាន៖ ​ ពាក្យ ៧ ឃ្លា​ធ្វើឲ្យ​គូស្នេហ៍លែង​ស្និទ្ធស្នាល រហូត​អាច​ឃ្លាត​ឆ្ងាយ​ពី​គ្នា​តែ​ម្ដង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម